(ភ្នំពេញ)៖ លោកស្រី Claudia Dela Fuente (ក្លូឌៀ ដឺឡា ហ្វុងតេ) អនុប្រធានតំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) បានលើកឡើងថា ការបង្កើតគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា មានសារសំខាន់ខ្លាំងណាស់ ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងការពារសិទ្ធិមនុស្សនៅកម្ពុជា ហើយលោកស្រីគាំទ្រ និងបន្តសហការជាមួយ គ.ស.ម.ក ក្នុងការបង្កើតគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា។

ការលើកឡើងបែបនេះរបស់អនុប្រធានតំណាង OHCHR បានធ្វើឡើងនៅក្នុងឱកាសដែលលោកស្រី បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើកទី៧ លើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក ) ជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។

សិក្ខាសាលាពិគ្រោះយោបល់នេះធ្វើឡើងក្នុងគោលបំណងប្រមូលធាតុចូលពីបណ្ដាអង្គការសង្គមស៊ីវិល ដែលធ្វើកិច្ចការលើបញ្ហាកុមារ ដើម្បីធានាបាននូវតម្លាភាព និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

នាឱកាសនោះដែរ ជេត ជាលី អនុប្រធានគណៈកម្មធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា ដោយមានការយកចិត្តទុកដាក់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លើវិស័យសិទ្ធិមនុស្ស ទើបអនុញ្ញាតឱ្យ គ.ស.ម.ក. ធ្វើសេចក្តីព្រាងច្បាប់នេះឡើង។ គណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា ជាស្ថាប័នជាតិ ឯករាជ្យ អព្យាក្រឹត្យ ក្នុងការបំពេញការងារលើវិស័យសិទ្ធិមនុស្ស។ សេចក្តីព្រាងច្បាប់នេះបានរៀបចំធ្វើឡើងរវាង គ.ស.ម.ក. ជាមួយឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និង APF (Asia Pasific Forum) ដែលមានទីតាំងនៅអូស្ត្រាលី។

លោក ជេត ជាលី បានលើកឡើងថា រាល់ធាតុចូលលើសេចក្តីព្រៀងច្បាប់ ស្ដីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ដែលលើកឡើងដោយអង្គការសង្គមស៊ីវិលនឹងត្រូវបានយកមកពិភាក្សាប៉ុន្តែត្រូវផ្អែកលើគោលការណ៍សិទ្ធិមនុស្សទីក្រុងប៉ារីស ឆ្នាំ១៩៩៣។ មន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា រាល់មតិយោបល់ដែលបានលើកឡើងដោយសង្គមស៊ីវិល ក្នុងកិច្ចប្រជុំនឹងធ្វើត្រូវយកទៅធ្វើការពិចារណាដាក់បញ្ចូលទៅក្នុងច្បាប់ តែក៏ត្រូវពិចារណាដោយយកគោលការណ៍សិទ្ធិមនុស្សទីក្រុងប៉ារីស ជាគោល។

សេចក្តីព្រាងច្បាប់នេះ បានរៀបចំដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងមានការសហការផ្ដល់ជាបច្ចេកទេសពីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងវេទិកាអាស៊ីប៉ាស៊ីហ្វិក (Asia Pacific Forum-APF) ដែលមានទីតាំងនៅប្រទេសអូស្ត្រាលី។ ច្បាប់នេះមាន៨ ជំពូក និង៣២ មាត្រា បង្កើតឡើងដើម្បីធានាការលើកតម្លៃសិទ្ធិមនុស្ស ដូចដែលអង្គការសហប្រជាជាតិបានកំណត់ និងស្របតាមគោលការណ៍ទីក្រុងប៉ារីស។

គួរបញ្ជាក់ថា សេចក្ដីព្រាងច្បាប់នេះ ត្រូវបានរៀបចំរួចរាល់កាលពីខែកក្កដា ឆ្នាំ២០២១ ហើយត្រូវបានប្រកាសបើកឱ្យមានការផ្ដល់នូវធាតុចូលពីសាធារណជនទូទៅ តាមរយៈហ្វេសហ៊ុកផេក https://www.facebook.com/chrc.gov.kh/ និង Telegram Channelមានឈ្មោះថា https://t.me/comment_on_NHRC_Law តាំងពីខែកក្កដា ឆ្នាំ២០២១ រហូតមក។ ទន្ទឹមនឹងនេះ ក៏មានការរៀបចំធ្វើកិច្ចពិគ្រោះយោបល់ជាមួយគ្រប់ភាគីពាក់ព័ន្ធ ហើយនេះគឺជាកិច្ចពិគ្រោះយោបល់លើកទី២ បន្ទាប់ពីការពិគ្រោះយោបល់លើកទី១បានរៀបចំធ្វើឡើងជាមួយអង្គការសង្គមស៊ីវិល។

អង្គសិក្ខាសាលា បានពិភាក្សាផ្តល់យោបល់ និងផ្តល់ធាតុចូលយ៉ាងសកម្មផុសផុលចំពោះមាត្រា និងជំពូកនីមួយៗ ក្នុងស្មារតីសាមគ្គីភាព និងស្និទ្ធស្នាល៕