(ភ្នំពេញ)៖ តំណាងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) បានចេញសេចក្តីប្រកាសព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំជំនួយការរបស់ខ្លួន តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៨ ខែមីនានេះ។

កិច្ចប្រជុំនេះដឹកនាំដោយលោកស្រី ឡុង សូនីតា តំណាងរងកម្ពុជាប្រចាំអាយឆា និងជាសមាជិករបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដោយមានការចូលរួមពីជំនួយការរបស់តំណាងប្រទេសសមាជិកអាស៊ានប្រចាំអោយឆា និងលេខាធិការដ្ឋានអាស៊ានទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស។

តាមរយៈសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា តំណាងកម្ពុជា ប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) បានទទួលឋានៈជាប្រធានរបស់អាយឆាសម្រាប់ឆ្នាំ២០២២ ស្របពេលដែលកម្ពុជា ជាប្រធានរបស់អាស៊ាន។

កិច្ចប្រជុំជំនួយការរបស់អាយឆានេះ ធ្វើឡើងដើម្បីពិនិត្យលើឯកសារមួយចំនួនមុននឹងការចាប់ផ្ដើមនៃកិច្ចប្រជុំរបស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន លើកទី៣៤ ដែលអាយឆា-កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ នៅថ្ងៃទី៣០-៣១ ខែមីនា និងថ្ងៃទី១ ខែមេសា ឆ្នាំ២០២២។

កិច្ចប្រជុំជំនួយការរបស់អាយឆា តែងតែប្រព្រឹត្តទៅមុនកិច្ចប្រជុំរបស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស ដើម្បីពិនិត្យមើលឯកសារមួយចំនួនដែលនឹងត្រូវដាក់ជូនកិច្ច ប្រជុំរបស់អាយឆា ពិនិត្យ និងអនុម័ត។

សម្រាប់កិច្ចប្រជុំជំនួយការរបស់អាយឆា បានពិនិត្យមើលលើកំណត់ហេតុសង្ខេប (Summary Record) ទី១៖ កិច្ចប្រជុំពិសេសរបស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្សលើកទី២ សម្រាប់ឆ្នាំ២០២១, ទី២៖ ជំនួបរវាងកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសអាស៊ាន និងអាយឆា និងទី៣៖ ជំនួបរវាងអាយឆា និងដៃគូ។

ទន្ទឹមនឹងនេះ កិច្ចប្រជុំជំនួយការរបស់អាយឆា ក៏ពិនិត្យមើលគម្រោងផែនការអាទិភាពរបស់អាយឆា ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សក្នុងតំបន់អាស៊ាន៕