(ភ្នំពេញ)៖ លោកស្រី ល្វីស មូស៉ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) បានចាប់ផ្តើមបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងសប្តាហ៍នេះ ដោយនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ លោកស្រី បានជួបពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។

ពិភាក្សាការងារនេះ ធ្វើឡើងក្នុងគោលបំណងសំដៅពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការ OIF ខណៈដែល អង្គការ OIF បានក្លាយជាអង្គការអន្តររដ្ឋាភិបាលដ៏ធំមួយនៅក្នុងពិភពលោក (បន្ទាប់ពីអង្គការសហប្រជាជាតិ) មានរដ្ឋ និងរដ្ឋាភិបាលសមាជិកសរុបចំនួន៨៨ (សមាជិកពេញសិទ្ធិចំនួន ៥៤ មិនពេញសិទ្ធិ ចំនួន ៧ និងសមាជិកសង្កេតការណ៍ចំនួន ២៧)។

នៅព្រឹកថ្ងៃដដែលនេះ ក្នុងក្របខ័ណ្ឌនៃបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនី ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោកស្រី ល្វីស មូស៉ីគីវ៉ាបូ បានអញ្ជើញធ្វើជាអធិបតី ក្នុងពិធីបើកនៃបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីលើកដំបូង នៅអាស៉ីអាគ្នេយ៍ (MECA) និងពិធីចុះហត្ថលេខាលើឯកសារ ស្តីពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នវិជ្ជាជីវៈសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

សូមជម្រាបថា លោកស្រី ល្វីស មូស៉ីគីវ៉ាបូ បាននិងកំពុងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងដឹកនាំបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីលើកដំបូងនៅអាស៉ីអាគ្នេយ៍ (MECA) ចាប់ពីថ្ងៃទី២៨ ដល់៣០ ខែមីនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ឲ្យដឹងថា អំឡុងពេលនៃទស្សនកិច្ចផ្លូវការនៅកម្ពុជា លោកស្រី ល្វីស មូស៉ីគីវ៉ាបូ ក៏ចូលជួបសម្តែងការគួរសមចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ លោកស្រីអគ្គលេខាធិការនឹងចូលរួមជាអធិបតីជាមួយ លោកស្រីបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដឹកនាំជំនួបជាមួយសហគ្រិនជាស្រ្តីកម្ពុជា។

ក្រសួងការបរទេសបានឲ្យដឹងបន្ថែមថា បេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីលើកដំបូងនៅអាស៉ីអាគ្នេយ៍នេះ ដែលសហការរៀបចំដោយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអង្គការ OIF មានបំណងលើកកម្ពស់ ជំរុញ និងសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម នៅក្នុងតំបន់សេដ្ឋកិច្ចហ្វ្រង់កូហ្វូន តាមរយៈកិច្ចសហប្រតិបត្តិការថ្មីរវាងប្រទេសកម្ពុជា និងស្ថាប័នហ្វ្រង់កូហ្វូន។ ជំនួបទាំងនេះ នឹងផ្តោតសំខាន់ជាពិសេសទៅលើវិស័យចម្បងៗចំនួនបី រួមមាន វិស័យឌីជីថល ថាមពលកកើតឡើងវិញ និងកសិ-ឧស្សាហកម្ម។ តួអង្គជាង ១៣០នាក់ មកពីស្ថាប័នសាធារណៈ និងវិស័យពាណិជ្ជកម្មកម្ពុជា ព្រមទាំងក្រុមហ៊ុនអន្តរជាតិហ្វ្រង់កូហ្វូនជិត ៧០ក្រុមហ៊ុន នឹងចូលរួមក្នុងព្រឹត្តិកាណ៍នេះ។

នៅក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ លោកស្រី ល្វីស មូស៉ីគីវ៉ាបូ អញ្ជើញដាក់កម្រងផ្កានៅមណ្ឌលតម្កល់ព្រះបរមរូប ដើម្បីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលជាបិតាស្ថាបនិកមួយរូបក្នុងចំណោមបិតា ស្ថាបនិកនៃអង្គការ OIF ផងដែរ។

សូមបញ្ជាក់ថា អង្គការ OIF ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧០ ដោយបិតាស្ថាបិកចំនួន ៤រូប គឺលោក Léopold Sédar Senghor ប្រមុខរដ្ឋប្រទេសសេណេហ្កាល់ លោក Habib Bourguiba ប្រមុខរដ្ឋប្រទេសទុយនីស៊ី លោក Hamani Diori ប្រមុខរដ្ឋប្រទេសនីហ្សេ និង ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរ មរតនកោដ្ឋ ផងដែរ៕