(ពោធិ៍សាត់)៖ ស្ថិតិចុងសប្តាហ៍ទី៤ នៃខែមីនា ពោលគឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ខេត្តពោធិ៍សាត់ ទទួលបានភ្ញៀវទេសចរសរុបមានចំនួន១០,៦៥២នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន១០,៦៤៩នាក់ និងភ្ញៀវអន្តរជាតិផ្ទៃក្នុង មានចំនួន០៣នាក់។ ក្នុងចំណោមតំបន់ទេសចរណ៍ ទាំង៧ក្រុង ស្រុក តំបន់ទេសចរណ៍ដែលជាទីចាប់អារម្មណ៍ និងមានអ្នកទៅលេងកម្សាន្តច្រើនជាងគេ គឺស្រុកវាលវែង នៅផ្លូវបុប្ផាលាក់ខ្លួន(ភ្នំ១៥០០) ឃុំថ្មដា និងឃុំអូរសោម, ស្រុកក្រគរ នៅទឹកធ្លាក់ច្រកល្អៀង ភ្នំនាគស និងស្រុកតាលោសែនជ័យ នៅសួនកម្សាន្តតាលោសែនជ័យ។

នេះបើតាមការអះអាង របស់មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ ដែលបានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹង នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ។

ប្រភពបានបន្តថា បើប្រៀបធៀបនឹងសប្តាហ៍មុន ទេសចរមានការថយចុះ ២០,៤៤% (ទេសចរសប្តាហ៍មុន មានចំនួន ១៣,៣៨៩នាក់) នេះដោយសារតែជិតដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហើយមួយវិញទៀតភ្ញៀវទេសចរក៏ផ្លាស់ប្តូរទៅលេងខេត្តជាប់មាត់សមុទ្រ ដោយសារខែនេះជារដូវក្តៅ និងដោយសារតែអត្រាប្រេងសាំងឡើងថ្លៃក៏ថាបាន ព្រោះស្ថិតក្នុងអន្តរកាល នៃសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី ដែលជិះឥទ្ធិពលមកដល់ប្រទេសយើង។ សម្រាប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ម្សិលមិញ រមណីយដ្ឋានក្នុងខេត្ត ទាំង៣៥កន្លែង មានភ្ញៀវទេសចរមកលេងកម្សាន្តសរុប ២,៩៦៧នាក់ (ក្នុងនោះស្រី ១,៥០៧នាក់)។

ប្រភពដដែលបានបន្ថែមថា ចំពោះសេវាស្នាក់នៅសណ្ឋាគារ ០៦កន្លែង (ដំណើរការធម្មតា) សេវាផ្ទះសំណាក់ ៤៨កន្លែង (ផ្អាកមិនដំណើរការ ០២កន្លែង) និងមានភ្ញៀវស្នាក់នៅសរុប៥១៥នាក់ ស្រី២០៤នាក់។ សម្រាប់ភោជនីយដ្ឋាន និងអាហារដ្ឋាន ៥៥កន្លែង និងមានភ្ញៀវសរុប៨៦៣នាក់ ស្រី៣៥០នាក់។

ក្រសួងទេសចរណ៍ បានចេញសេចក្តីណែនាំជាបន្តបន្ទាប់ ដល់មន្ទីរទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទាំងអស់ ឱ្យខិតខំបន្តពង្រឹងការអនុវត្តវិធានការ «៣កុំ និង៣ការពារ» វិធានសុវត្ថិភាពទេសចរណ៍ និងSOP ជាប្រចាំ បើទោះអត្រាឆ្លងជំងឺកូវីដ១៩ ប្រភេទអូមីក្រុង មានការស្រាកស្រាន្តខ្លះក៏ដោយ៕