(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានបើកវគ្គបណ្ដុះបណ្ដាលការងារអប់រំកែប្រែ និងស្ដានីតិសម្បទាដល់មន្ត្រីជំនាញនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ដែលវគ្គបណ្ដុះបណ្ដាលនេះមានចំនួនរយៈពេល៥ថ្ងៃ ដើម្បីលើកកម្ពស់ការងារអប់រំកែប្រែឲ្យកាន់តែប្រសើរឡើង និងដើម្បីឲ្យមានការឯកភាពក្នុងការអនុវត្តកម្មវិធីអប់រំកែប្រែនិងស្ដារនីតិសម្បទានីតិសម្បទា ស្របតាមច្បាប់ស្ដីពីពន្ធនាគារ និងផែនការយុទ្ធសាស្ត្រ៥ឆ្នាំ (២០១៩ ដល់២០២៣) របស់អគ្គនាយកដ្ឋានពន្ធនាគារ ក៏ដូចជាក្របខណ្ឌគោលនយោបាយកំណែទម្រង់ពន្ធនាគារ ដែលបានដាក់ចេញកាលពីឆ្នាំ២០០៨។

កម្មវិធីវគ្គបណ្ដុះបណ្ដាលខាងលើនោះ បានប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ នៅពន្ធនាគារព្រៃស ដោយមានការអញ្ជើញចូលរួមជាអធិបតីពី លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ សុខ សុគន្ធា អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ តំណាងឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រីអគ្គនាយករង ប្រធាននាយកដ្ឋានទាំង៥ មន្ត្រីជំនាញនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ សុខ សុគន្ធា បានឲ្យដឹងថា កម្មវិធីវគ្គបណ្ដុះបណ្ដាលអប់រំកែប្រែ និងស្តារនីតិសម្បទា ដែលក្រុមការងារស្រាវជ្រាវ និងចងក្រងមេរៀនអប់រំសីលធម៌សង្គមមានចំនួន ៧មេរៀនដូចជា៖
*មេរៀនទី១ ឥរិយាបថខ្មែរ
*មេរៀនទី២ ការគោរពអ្នកដទៃ
*មេរៀនទី៣ ទំនាក់ទំនងជាមួយគ្រួសារ
*មេរៀនទី៤ ការរស់នៅដោយថ្លៃថ្នូរ
*មេរៀនទី៥ សីលធម៌និងតម្លៃមនុស្ស
*មេរៀនទី៦ សុជីវធម៌
*មេរៀនទី៧ ព្រហ្មវិហារធម៌។

លោក សុខ សុគន្ធា បានថ្លែងថា អ្វីដែលលោក និងក្រុមការងាររបស់នាយកដ្ឋានជំនាញ នឹងផ្ទេរចំណេះដឹងទាំងអស់នេះ ដែលមានរយៈពេល៥ថ្ងៃនេះ ជូនទៅឲ្យសិក្ខាកាមហើយសិក្ខាកាមទាំងអស់ នឹងផ្ទេរចំណេះដឹងនេះទៅដល់ជនជាប់ឃុំបន្តទៀត។ ដូច្នេះបណ្ឌិតកើតចេញពីការសិក្សា ផ្សាភ្ជាប់ការអប់រំសិក្ខាកាមទាំងអស់ សុទ្ធតែឆ្លងនៅវគ្គចំណេះដឹងទូទៅក្រោមក្រសួងអប់រំ យុវជន និងកីឡា យើងឆ្លងតាំងពីបឋមអនុវិទ្យាល័យ និងវិទ្យាល័យទើបអាចដាក់ពាក្យប្រលងចូលបម្រើក្របខ័ណ្ឌមន្ត្រីនៅពន្ធនាគារ បានមានន័យថា «សីលធម៌សង្គម» នេះគឺយើងបានរៀនរួចទៅហើយ។

លោកបានបន្ដថា «មុននឹងចង់អប់រំគេ ទីមួយត្រូវអប់រំខ្លួនឯងជាមុនសិន បើចង់កែប្រែគេ លុះត្រាណាដែលយើងកែប្រែខ្លួនឯងជាមុនសិនដូចគ្នា សុភាសិតបាននិយាយថា ពុតគ្រូកុំត្រាប់ ច្បាប់គ្រូអោយយក សីលធម៌ គឺវាជាគ្រឿងអលង្ការសម្រាប់តុបតែងរូបរាងកាយយើងឲ្យមានតម្លៃ បើកាលណាយើងរស់នៅគ្មានសីលធម៌ទេ គ្មានវិន័យទេ វិន័យនាំមកនូវសេចក្តីថ្លៃថ្នូរ។ នៅក្នុងច្បាប់របស់អគ្គនាយកដ្ឋានពន្ធនាគារ យើងក៏មានបោះវិន័យ និងក្រមសីលធម៌ដែរ គឺសម្រាប់អប់រំដល់មន្ត្រីតាំងពីថ្នាក់លើរហូតថ្នាក់ក្រោម»