(រតនគិរី)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ បានរៀបចំកម្មពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល «ហូកា» ផ្នែកគេហកិច្ច ក្នុងកម្មវិធីបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា នៅខេត្តរតនគិរី ដើម្បីពង្រឹងសមត្ថភាពដល់យុវជន និងបុគ្គលិក និងម្ចាស់អាជីវកម្មឱ្យមានជំនាញវិជ្ជាជីវៈ ទេសចរណ៍ច្បាស់លាស់ ដើម្បីឆ្លើយតបទៅនឹងការងារ នាពេលបច្ចុប្បន្ន ស្របតាមស្ដង់ដារបស់ក្រសួងទេសចរណ៍ (បុគ្គលិកម្នាក់ ជំនាញមួយ)។

ជាពិសេសធ្វើឱ្យបុគ្គលិកដែលបម្រើការងារផ្នែកសេវាកម្មទេសចរណ៍ ទទួលបានការងារសមរម្យ ប្រាក់ចំណូលកើនឡើង និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រក្នុងមូលដ្ឋានជាមួយរដ្ឋបាលខេត្ត ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងគម្រោង «ហូកា» តំណាងលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការធិការគ្រប់គ្រងគម្រោង «ហូកា» កម្ពុជា ព្រមទាំងមានការចូលរួមពីលោក គង់ ដារី ប្រធានអនុកម្មវិធីទី៤ នៃអង្គការ ស្វីស ខន់ថាក់ កម្ពុជា, លោកគ្រូ ស្រៈ រិទ្ធី គ្រូបង្គោលអាស៊ាន សមាជិក សមាជិកាមកពី៥ខេត្ត សរុបប្រមាណ៥០នាក់។

លោក ជួប រតនា បានថ្លែងថា ការបណ្ដុះបណ្ដាលផ្នែកបដិសណ្ឋារកិច្ច ក្នុងវិស័យទេសចរណ៍ ក្នុងខេត្តរតនគិរី ពិតជាមានសារសំខាន់ព្រោះខេត្តរតនគិរី គឺជាប៉ូលទី៤ នៅប៉ែកភូមិភាគឦសាន្ត នៃប្រទេសកម្ពុជា ដែលសំបូរដោយធនធានធម្មជាតិ និងអេកូទេសចរណ៍សម្រាប់ទាក់ទាញ ភ្ញៀវទេសចរជាតិ-អន្ដរជាតិ។

លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានលើកឡើងថា តាមរយៈការអនុវត្តគម្រោងហូកាកម្ពុជា រយៈពេល២ឆ្នាំកន្លងមកនេះ មន្ទីរទេសចរណ៍ខេត្តរតនគិរី បានអនុវត្តផែនការសកម្មភាព និងទទួលបានលទ្ធផលល្អជាច្រើនរួមមាន៖

*បណ្ដុះបណ្ដាលគ្រូបង្គោលបានចំនួន២៤រូប ក្នុងនោះស្រី១៣រូប លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញការិយាល័យជួរមុខ និងជំនាញគេហកិច្ច
*បណ្ដុះបណ្ដាលខាងក្នុងដល់វិស័យបដិសណ្ឋារកិច្ចផ្នែក ចំនួន៦០រូប ក្នុងនោះស្រី៣៩រូប
*បណ្ដុះបណ្ដាលសេវាកម្មម្ហូបអាហារ និងភេសជ្ជៈដោយផ្ទាល់ សរុបចំនួន២០រូប ស្រី១២រូប
*បណ្ដុះបណ្ដាលវគ្គឆុងកាហ្វេ សរុបចំនួន១៨រូប ស្រី១១រូប
*បណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍ សរុបចំនួន១៧រូប ស្រី០៥រូប

សរុបក្នុងឆ្នាំ២០២១ មន្ទីរបានបណ្ដុះបណ្ដាលសិក្ខាកាមសរុបចំនួន១៣៩រូប ស្រី៨០រូប និងបានបើកវគ្គបណ្ដុះបណ្ដាលជាបន្ដបន្ទាប់ នៅត្រីមាសទីមួយឆ្នាំ២០២២ផងដែរ ។

ជាមួយគ្នានេះ ប្រធានមន្ទីរទេសចរណ៍ខេត្ត បានថ្លែងអំណរគុណចំពោះក្រសួងទេសចរណ៍ និងអង្គការស្វីសខន់ថាក់ ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ និងគាំទ្រទាំងសម្ភារបច្ចេកទេស និងថវិកាសម្រាប់វិស័យទេសចរណ៍ខេត្តរតនគិរី ហើយមន្ទីរទេសចរណ៍ខេត្តរតនគិរីនឹងខិតខំប្រឹងប្រែងអនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍ជំនាញ SDP បន្ដទៀត ដើម្បីពង្រឹងគុណភាពវិស័យទេសចរណ៍ខេត្តរតនគិរី៕