(ភ្នំពេញ)៖ ដើម្បីជាការឆ្លើយតប នឹងតម្រូវការខ្វះខាត ក៏ដូចជាការបំពេញបន្ថែម នូវតម្រូវការប្រើប្រាស់សម្រាប់ពលរដ្ឋ ក្នុងមូលដ្ឋាន ផងនោះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ បានផ្តល់សៀវភៅស្នាក់នៅ (ក២) ចំនួន១០០០ក្បាល និងសៀវភៅគ្រួសារ (ក៤) ចំនួន១០០០ក្បាល ជូនប៉ុស្តិ៍រដ្ឋបាលនគរបាលទាំង៨ ចំណុះអធិការដ្ឋាននគរបាលខណ្ឌ។

សូមបញ្ជាក់ថា សៀវភៅស្នាក់នៅ (ក២) និងសៀវភៅគ្រួសារ (ក៤) សរុបទាំងអស់ ចំនួន២ពាន់ក្បាលខាងលើ គឺជាការជួយឧបត្ថម្ភ ទាំងស្រុង ពីលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ក្នុងការយកទៅដើម្បីបំពេញការផ្តល់សេវាតម្រូវការជូនបងប្អូនពលរដ្ឋ ក្នុងមូលដ្ឋាន ដើម្បីយកទៅប្រើប្រាស់។

ការផ្តល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ២ពាន់ក្បាលខាងលើនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ ក្រោយកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ប្រចាំខែមីនា ឆ្នាំ២០២២ ដើម្បីត្រួតពិនិត្យតួនាទីភារកិច្ច ទិសដៅពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ និងសេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌច្បាអំពៅ ឲ្យកាន់តែល្អប្រសើរ៕