(កណ្ដាល)៖ ខណ្ឌរដ្ឋបាលជលផល ខេត្តកណ្តាល បានសហការជាមួយអាជ្ញាធរ ស្រុកពញាឮ បានចុះបង្ក្រាបបទល្មើសនេសាទជាក់ស្តែង តាមដងទន្លេសាប ដោយបង្រ្កាបបានបទល្មើសជាក់ស្ដែង យ៉ាងច្រើនស្កេកស្កះពេញទឹកតាមដងទន្លេសាប ត្រង់ចំណុចភូមិតាពៅ ភូមិជ្រោយសំបួរ ស្ថិតក្នុងឃុំកោះចិន និងភូមិជ្រៃអណ្ដែត ស្ថិតក្នុងឃុំកំពុងអុស។

ប្រតិបត្តិការនេះប្រព្រឹត្តិទៅកាលពីចុងសប្ដាហ៍កន្លងទៅ ដោយមានការចូលរួមពីសំណាក់លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាលផងដែរ។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាពេលថ្មីៗនេះ បានបញ្ជាឱ្យក្រសួងស្ថាប័នពាក់ព័ន្ធក្នុងដែនសមត្ថកិច្ចនេសាទទាំងអស់ ត្រូវបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទឱ្យអស់ ដើម្បីធ្វើឱ្យធនធានមច្ឆាជាតិមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។

សេចក្ដីរាយការណ៍ឱ្យដឹងថា ពួកគេអាចប្រព្រឹត្តបទល្មើសនេសាទបានដោយប្រើប្រាស់ឧបករណ៍ឆក់ត្រី ឧបករណ៍នេសាទស្បៃម៉ុង លបនរកជាដើម មកធ្វើការនេសាទក្នុងដែននេសាទ ទាំងនៅតាមដងទន្លេ បឹង ព្រែក ស្ទឹង និងអូរ ដែលបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរទាំងត្រីមេពូជ និងកូនត្រីតូចៗ ដែលជាដើមហេតុធ្វើត្រីផុតពូជ ខណ:ដែលបទល្មើសកើតឡើងពេញបន្ទុកយ៉ាងធ្ងន់ធ្ងរនៅតាមបណ្ដាស្រុកមួយចំនួនផ្សេងទៀត នៅខេត្តកណ្ដាល រួមមាន៖ ស្រុកខ្សាច់កណ្ដាល, ស្រុកល្វាឯម, ស្រុកកៀនស្វាយ, ស្រុកលើកដែក, ស្រុកមុខកំពូល និងស្រុកកោះធំ៕