(កំពង់ស្ពឺ)៖ ជនជាតិកូរ៉េម្នាក់ ត្រូវបានកម្លាំងនគរបាល អន្តោប្រវេសន៍ខេត្តកំពង់ស្ពឺ ធ្វើការឃាត់ខ្លួន ដើម្បីចាប់បញ្ជូនទៅកាន់ស្រុកកំណើតវិញ តាមច្បាប់ប្រទេសកម្ពុជា បន្ទាប់ពីរស់នៅខុស​ច្បាប់រយៈពេល​៤ទៅ៥ឆ្នាំហើយ ក្នុងក្រុមហ៊ុនកូរ៉េមួយ ស្ថិតនៅឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ការឃាត់ខ្លួនជនជាតិកូរ៉េរូបនេះធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦នេះ ដោយមានការដឹក​នាំពីលោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការរងទទួលបន្ទុកអន្តោប្រវេសន៍ខេត្តកំពង់ស្ពឺ។

លោកបានស្នងការរង បានឱ្យដឹងថា កម្លាំងរបស់លោកបានធ្វើការតាមដានជាយូរមកហើយ បន្ទាប់ពីជនជាតិកូរ៉េរូបនេះបានចូលទៅអធិការដ្ឋាននគរបាលស្រុកគងពិសី ដើម្បីសុំលិខិតបញ្ជាក់​ក្លែង​ក្លាយ​ថា ខ្លួនបាត់លិខិតឆ្លងដែន ក្នុងគោលបំណងយកទៅឱ្យស្ថានទូតទទួលស្គាល់។ លោកបានបញ្ជាក់ថា ជនជាតិកូរ៉េនេះមានឈ្មោះ ហ្វាក ហឹ្វន យ៉ុង (Hwak Wan Young) អាយុ៦០ឆ្នាំ និងមាន​ប្រពន្ធ​មិនស្របច្បាប់​ជាជនជាតិខ្មែរ។ ជាងនេះទៅទៀត លោកស្នងការរងបានបន្ថែមថា ចាប់តាំងពីដើមខែមេសា ឆ្នាំ២០១៦មក កម្លាំងនគរបាលអន្ដោប្រវេសន៍ ក្រោមការបញ្ជាផ្ទាល់ពី​នាយឧត្តមសេនី​យ៍ សុខ ផល បានចាប់ខ្លួនជនបរទេស ដែលរស់នៅខុសច្បាប់បាន៤ករណី ក្នុងនោះ​​មានជនជាតិបារាំង១ករណី ជនជាតិកូរ៉េ២ករណី និងជនជាតិវៀតណាម១ករណី មាន១៣០គ្រួសារ ជនជាតិវៀតណាម​សរុប៤១១នាក់ ហើយចំនួនពលករបរទេសបែបវិនិយោគ១២៨១នាក់ មាន១៧សញ្ជាតិ ព្រមទាំងរកឃើញទៀតថាជនបរទេសស្នាក់នៅរយៈពេលវែងមានចំនួន១៧០៧នាក់ មាន២១សញ្ជាតិ។

លោកក៏បានរំលឹងដែរថា នគរបាលអន្តោប្រវេសន៍ខេត្តកំពង់ស្ពឺ កាលពីឆ្នាំ២០១៥កន្លងទៅ បានចាប់បញ្ជូនខ្លួនជនបរទេសខុសច្បាប់បាន ៥៣នាក់ឲ្យចាកចេញពីកម្ពុជា និងបានធ្វើកិច្ចសន្យា​សម្រាប់​ការចាក​ចេញ៩៤នាក់ផ្សេងទៀត ក្នុងនោះដែរការិយាល័យអន្តោប្រវេសន៍ក៏បានធ្វើការព្រមានដល់ រោងចក្រ សហគ្រាសមួយចំនួន ដែលបន្តលាក់ពលករ​បរទេសធ្វើការមិន​ស្របច្បាប់​ឲ្យឆាប់រួសរាន់​បំពេញឯកសារ​តាមច្បាប់៕