(កំពងស្ពឺ)៖ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងលោក វ៉ី សំណាង អភិបាលខេត្ត បានបើកកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ដោយមានការចូលរួមពីមន្ត្រីរាជការ ក្រោមរដ្ឋបាលខេត្ត កងកម្លាំងទាំង៣ ប្រភេទ។ តាមការគ្រោងទុកពិធីនេះធ្វើឡើងរយៈពេល២ថ្ងៃ គឺចាប់ថ្ងៃទី២៨-២៩ ខែមីនា ឆ្នាំ២០២២។

លោក វ៉ី សំណាង បានលើកឡើងថា ឆ្នាំ២០២១ ក៏ដូចជាឆ្នាំ២០២០ កន្លងទៅនេះ ប្រទេសកម្ពុជា ក៏ដូចជាប្រទេសនានាក្នុង សាកលលោកផងដែរ បានជួបប្រទះនូវបញ្ហាប្រឈមដែលបណ្ដាលមកពីការឆ្លងរីករាលដាលចំងឺកូវីដ១៩។ ស្ថិតក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយប្រកបដោយភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃម្ពុជា បានដាក់ចេញនូវការអនុវត្តប្រកបដោយប្រសិទ្ធភាព ជាមួយនឹងការ ចូលរួមអនុវត្តនូវវិធានការនានា ដើម្បីគ្រប់គ្រង និងឆ្លើយតបបានទាន់ពេលវេលាចំពោះការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយបានបើកឱ្យដំណើរការឡើងវិញនូវសកម្មភាពសេដ្ឋកិច្ច-សង្គម និងធានាបាននូវប្រក្រតីភាព នៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោកអភិបាលខេត្ត បានបន្តថា គិតមកដល់ពេលនេះ ស្ថានភាពក្នុងខេត្តកំពង់ស្ពឺ មានករណីឆ្លងចំនួន ៥,៥៧៥នាក់ អ្នកជាសះស្បើយ ៥,៤៩៦នាក់ អ្នកស្លាប់១៦២នាក់ អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៧នាក់ និងអ្នកកំពុងសម្រាក ព្យាបាលនៅតាមផ្ទះ ២៥នាក់។ ផ្អែកលើយុទ្ធសាស្ត្រ និងវិធានការជាច្រើនរបស់រាជរដ្ឋាភិបាល ពិសេសការគ្របដណ្ដប់នៃការចាក់ វ៉ាក់សាំងកូវីដ១៩ ដល់ប្រជាជនដែលបានបង្កើតភាពស៊ាំក្នុងសង្គម សម្រាប់ខេត្តកំពង់ស្ពឺ សម្រេចបានចំនួន ៧៧១,១៤២នាក់ នៃប្រជាពលរដ្ឋអាយុចាប់ពី ៥ឆ្នាំឡើងចំនួន ៨១៦,៦០៣នាក់ ស្មើនឹង ៩៤,៤៣% និងកុមារអាយុ ៣ ដល់ក្រោម ៥ឆ្នាំ បានចំនួន ៧,០១៧នាក់ នៃចំនួនកុមារ ៣៣,១៩២នាក់ ស្មើនឹង ២១,១៤%។

លោកអភិបាលខេត្ត បានអនុវត្តវិធានការដោយលើកឡើងថា ជាមួយនឹងការអនុវត្តយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលជំងឺកូវីដ១៩ ខេត្តកំពង់ស្ពឺ បានចូលរួមចំណែកយ៉ាងសកម្មសម្រេចបានសមិទ្ធផលនានា ដោយខិតខំលើកកម្ពស់ការទទួល ខុសត្រូវក្នុងការរក្សាការពារខឿនឯករាជ្យជាតិ អធិបតេយ្យភាព បូរណភាពទឹកដីរបស់ជាតិ ដោយចាត់គ្រប់ វិធានការដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពគ្រប់មូលដ្ឋាន ពង្រឹងការគ្រប់គ្រងសភាពការណ៍ផ្ទៃក្នុង ចូលរួមបង្ការទប់ស្កាត់អំពើភេរវកម្ម និងបទល្មើសផ្សេងៗទៀត ដែលមានអង្គការចាត់តាំងប្រកបដោយប្រសិទ្ធភាព និងចូលរួមអនុវត្តកម្មវិធីជាតិ គោលនយោបាយ យុទ្ធសាស្ត្រចតុកោណ ការកែទម្រង់នានារបស់រាជរដ្ឋាភិបាលសម្រេចបានលទ្ធផលយ៉ាងគាប់ប្រសើរ៕