(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានថ្លែងថា នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា នាឆ្នាំ១៩៩៨ គឺជាគន្លឹះនៃមាគ៌ាដ៏មានប្រសិទ្ធភាពបំផុតក្នុងការនាំមកនូវសុខសន្តិភាពពេញលេញ ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍប្រទេសជាតិ។

ការថ្លែងបែបនេះរបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានធ្វើឡើងនៅក្នុងឱកាសអញ្ជេីញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីរបស់សាកលវិទ្យាល័យជាតិមានជ័យ ដែលមានអ្នកចូលរួមជិត ១០០០នាក់ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ។

ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានបន្ថែមថា ការងារអប់រំជាការងារអាទិភាពយ៉ាងសំខាន់ ដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាឱ្យតម្លៃ រួមគ្នាទទួលខុសត្រូវ និងរួមគ្នាប្ដេជ្ញាចិត្តធ្វើឱ្យបានក្នុងការផលិតចេញ នូវធនធានមនុស្សប្រកបដោយសមត្ថភាព វិជ្ជាជីវៈ សីលធម៌ និងមនសិការសេ្នហាជាតិ ជួយការងារសង្គមពិសេសការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ដែលខិតខំបំពេញការងារផ្តល់សេវាបានល្អនៅសាកលវិទ្យាល័យជាតិមានជ័យ ជាពិសេសថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្រ្តីអប់រំទាំងអស់ ដែលបានខិតខំប្រឹងប្រែង ធ្វើកំណែទម្រង់ទទួលបានលទ្ធផលល្អអភិវឌ្ឍបានធនធានមនុស្ស និងបានបង្កើតគណៈកម្មការ ដឹកនាំ កំណែទម្រង់សាកលវិទ្យាល័យជាតិមានជ័យ ដើម្បីធ្វើឱ្យសាកលវិទ្យាល័យជាតិមានជ័យកាន់តែមានកិត្យានុភាព ឧត្តមភាព និងការជឿទុកចិត្តកាន់តែទូលំទូលាយទាំងក្នុងប្រទេស និងអន្តរជាតិ។

ជាមួយនឹងភាពសប្បាយរីករាយនោះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ កែគឹមយ៉ាន បាននាំយកអំណោយជាថវិកា និងសម្ភារ ផ្តល់ជូន, មន្ត្រីអប់រំសាកលវិទ្យាល័យជាតិមានជ័យ ចំនួន៦១រូប និងនិស្សិតជ័យលាភីចំនួន៥៣៥នាក់ ក្នុងម្នាក់ៗថវិកា ៥មុឺនរៀល, នាយកវិទ្យាល័យនៅក្រុងសិរីសោភ័ណ្ឌ ចំនួន ៨នាក់ ក្នុងម្នាក់ៗ ថវិកា១០មុឺនរៀល, និស្សិតសាកលវិទ្យាល័យជាតិមានជ័យ ចំនួន ១០០នាក់ ក្នុងម្នាក់ៗថវិកា ៣មុឺនរៀល, ឧបត្ថម្ភសាកលវិទ្យាល័យជាតិមានជ័យ ថវិកា ៥លានរៀល LCD ២០គ្រឿង ម៉ាសុីនត្រជាក់២សេះ ៣០គ្រឿង កុំព្យូទ័រ៥០រឿង (សរុបជាថវិកាជិត១០មុឺនដុល្លារ) និងឧបត្ថម្ភនគរបាល កងរាជអាវុធខេត្ត និងគ្រូពេទ្យមួយក្រុមៗទទួលបានថវិកា ៥០មុឺនរៀលផងដែរ៕