(កំពត)៖ លោកអភិបាលខេត្តកំពត លោក ម៉ៅ ធនិន បានបន្តជំរុញដល់អង្គភាព ស្ថាប័នជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពង្រឹង និងពន្លឿនក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យបានឆាប់រហ័ស ទាន់ពេលវេលា ទៅតាមជំនាញរៀងៗខ្លួន ដើម្បីឱ្យប្រជាពលរដ្ឋមានទំនុកចិត្ត មកលើរដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាព ក្នុងការផ្តល់សេវាសាធារណៈជូនពួកគាត់។

លោកបន្តជំរុញបែបនេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពត ដែលប្រព្រឹត្តឡើង នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកំពត ដោយចូលរួម ពីជួរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធទាំង ៣ប្រភេទ អាជ្ញាធរ និងអ្នកពាក់ព័ន្ធជុំវិញខេត្តក្រោមឱវាទ ជាច្រើនរូប។

ទន្ទឹមនេះ លោកអភិបាលខេត្តកំពត ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរដែនដី មន្ទីរ អង្គភាព មន្ត្រីរាជការ កងកម្លាំងគ្រប់ប្រភេទ គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារស្របតាមតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត គោនយោបាយ និងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងស្ថាប័ននានា ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព ធ្វើឱ្យរដ្ឋបាលខេត្តកំពត ធានាបាននូវស្ថិរភាពនយោបាយ សន្តិសុខសុវត្តិភាព សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍន៍បានល្អប្រសើរជាច្រើន ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។

លោក ម៉ៅ ធនិន បានបន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដោយមានការគាំទ្រ និងការចូលរួម ពីកងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការស៊ីវិល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាជនទូទាំងប្រទេស បានរួមគ្នាជាធ្លុងមួយចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ព្រមទាំងបានប្រកាសបិទបញ្ចប់ ព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ប្រកបដោយភាពជោគជ័យ និងបានខិតខំស្វះស្វែងរកនូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេស ចាប់ពីកុមារ រហូតដល់មនុស្សចាស់។

ជាមួយគ្នានេះដែរ លោកបន្ថែមថា ទន្ទឹមនឹងភាពជោគជ័យ និងសមិទ្ធិផលការងារ ដែលបានអនុវត្ត នាឆ្នាំកន្លងមក របស់អាជ្ញាធរមូលដ្ឋាន មន្ទីរ អង្គភាព ជុំវិញខេត្ត ទទួលបានលទ្ធផលល្អក៏ពិតមែន តែសម្រាប់ឆ្នាំ២០២២នេះ ក៏ត្រូវខិតខំបំពេញបន្ថែមនូវចន្លោះខ្វះខាតមួយចំនួន និងការងារសេសសល់ដែលមិនទាន់បញ្ចប់ក្នុងឆ្នាំចាស់៕