(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ដែលត្រូវបានក្រសួងអប់រំ យុវជន និងកីឡាជាវីរៈកីឡាការិនីនោះ នឹងចេញទៅហ្វឹកហាត់រយៈពេល៧០ថ្ងៃ នៅប្រទេសកូរ៉េខាងត្បូង ដើម្បីពង្រឹងសមត្ថភាពចូលរួមប្រកួតកីឡាអូឡាំពិកហ្គេមរដូវក្តៅនៅប្រទេសប្រេស៊ីល នៅខែសីហា ឆ្នាំ២០១៦។

ជាមួយដំណើរចេញទៅហ្វឹកហាត់នេះ លោក ហង់ ជូនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំពាវនាវដល់សប្បុរសជនមានទឹកចិត្តសប្បុរស និងស្រឡាញ់វិស័យកីឡានៅកម្ពុជា ចូលរួមឧបត្ថម្ភជាសម្ភារ និងថិវកា ដល់កីឡាការិនី ស៊ន សៀវមី ដើម្បីជាការលើកកម្លាំងចិត្ត។

បើយោងតាមលិខិតអំពាវនាវរបស់លោក ហង់ ជូនណារ៉ុន ដែលចេញផ្សាយនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ការចេញទៅហ្វឹកហាត់នៅប្រទេសកូរ៉េខាងត្បូង សៀវមី រួមនិងគ្រូបង្ហាត់ គឺលោក ឆយ យ៉ុងសុក ត្រូវបានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ជាអ្នកចេញថ្លៃហូបចុក ស្នាក់នៅ និងសំបុត្រយន្តហោះផងដែរ។ ចំណែករាជរដ្ឋាភិបាលកម្ពុជា ចេញថ្លៃប្រាក់ហៅប៉ៅ សម្លៀកបំពាក់ផ្លូវការ និងការចំណាយផ្សេងៗទៀត។

លោក ហង់ ជូនណារ៉ុន បានសម្តែងក្តីរំពឹងថា តាមរយៈការអំពាវនាវនេះ សម្បុរសជនទាំងអស់ នឹងចូលរួមឧបត្ថម្ភដល់កញ្ញា ស៊ន សៀវម៉ី ដើម្បីជាការលើកទឹកកញ្ញាកាន់តែខ្លាំងថែមទៀត ក្នុងការចូលរួមប្រកួតកម្រិតអូឡាំពិកហ្គេម ដណ្តើមយកមេដាយជូនជាតិមានតុភូមិ ឲ្យល្បីរន្ទឺលើឆាកអន្តរជាតិ។

សូមបញ្ជាក់ថា កាលពីខែកន្លងទៅនេះ កីឡាការិនី ស៊ន សៀវម៉ី ដែលត្រូវបានគេចាត់ទុកជាវីរកីឡាការិនីរបស់កម្ពុជានោះ បានដណ្តើមបានមេដាយមាស ពីការប្រកួតជម្រុះកីឡាអូឡាំពិក នៅប្រទេសហ្វីលីពិន ហើយក៏ជាឱកាសរកបានសិទ្ធិពេញលេញ ដើម្បីឈានទៅចូលរួមការប្រកួតកីឡាអូឡាំពិកហ្គេមរដូវក្តៅនៅទីក្រុង RIO ប្រទេសប្រេស៊ីល។ ការដណ្តើមបានជ័យជម្នះនេះ ស៊ន សៀវម៉ី ត្រូវបានទទួលស្វាគមន៍យ៉ាងមហោឡារឹក ពេលកញ្ញា និងគ្រូបង្វឹកធ្វើមាតុភូមិនិវត្តន៍។ កញ្ញា សៀវម៉ី និងគ្រូបង្វឹក ក៏ត្រូវបានរាជរដ្ឋាភិបាលផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ប្រមាណ៤ម៉ឺនដុល្លារផងដែរ៕