(កំពត)៖ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញចុះជួបសំណេះសំណាល និង សួរសុខទុក្ខ អតីតយុទ្ធជនខេត្តកំពត ដែលជាជនពិការ ប្រភេទក១ និងក២។

ក្រោយពីបានស្តាប់របាយការណ៍ស្វាគមន៍ របស់ប្រធានសមាគមអតីតយុទ្ធជនខេត្តរួចមក ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី គន់ គីម បានជំរុញឲ្យថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនខេត្តកំពតទាំងអស់ ត្រូវតែបន្តធ្វើនូវអំពើល្អ ហើយខិតខំឲ្យអស់ពីកម្លាំងកាយចិត្ត ដោះស្រាយរាល់ទុក្ខលំបាករបស់សមាគមអតីតយុទ្ធជន។

ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំបំពេញភារកិច្ចយ៉ាងសកម្ម និងដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ សមាគមគ្រប់ថ្នាក់ ធ្វើឲ្យការងារសមាគមមានសន្ទុះវិវឌ្ឍន៍គួរឲ្យកត់សម្គាល់។ លោកបានណែនាំ ឲ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវបន្តការចុះសួរសុខទុក្ខ អតីតយុទ្ធជនដើម្បីស្វែងយល់ពីស្ថានភាពជីវភាព សុខភាព និងមានវិធានការជួយពួកគាត់ពេលមានបញ្ហាឲ្យទាន់ពេលវេលា។

ដោយឡែក ថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនខេត្ត ត្រូវសហការជាមួយស្ថាប័នជំនាញ ធ្វើជាសេនាធិការឲ្យអភិបាលខេត្ត ធ្វើការគ្រប់គ្រងដីសម្បទានសង្គមកិច្ច ដែលរដ្ឋប្រគល់ឲ្យដើម្បីបែងចែកជាឡូត៍ នឹងស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា កសាងផ្ទះជូនបងប្អូនសមាជិកដែលអត់ដីអត់ផ្ទះ។

តាមរបាយការណ៍ ស អ ក ខេត្ត បានឲ្យដឹងថា បច្ចុប្បន្នអតីតយុទ្ធជនខេត្តកំពតសរុបចំនួន៥,២៦៨ នាក់ និងបានចូលជាសមាជិកសមាគមអតីតយុទ្ធជនមាន ចំនួន៤,៣៩៩នាក់។ ក្នុងឆ្នាំកន្លងមក សមាគមអតីតយុទ្ធជនខេត្តកំពត សម្រេចបាននូវលទ្ធផលសំខាន់ៗ ជាច្រើនដូចជា៖ បានបើកប្រាក់មរណសង្គ្រោះ ជូនគ្រួសារសពអតីតយុទ្ធជន៤៧នាក់ , សហការបើកប្រាក់ ធានារ៉ាប់រងសង្គម សម្រាប់និវត្តជនក្នុងរយៈពេល៣ខែឆ្នាំ២០២២ បាន២៩នាក់, សមាគមខេត្ត បានចុះសួរសុខទុក្ខអតីតយុទ្ធជនជួបការលំបាក និងបានសហការជាមួយខាងសុខាភិបាលចុះចាក់វ៉ាក់សាំងជូនអតីតយុទ្ធជន និងគ្រួសារផងដែរ។

ទេសរដ្ឋមន្រ្តី គន់ គីម ក៏បាននាំយកថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនសមាជិកចូលរួមជាអតីតយុទ្ធជន ពិការ ក១ និងក២ ចំនួន៣៤៣នាក់ ក្នុងម្នាក់ទទួលបានថវិកា១០០,០០០រៀល និងប្រធានប៉ុស្ដិ៍រដ្ឋបាល ចំនួន៩៣នាក់ ក្នុងម្នាក់ទទួលបានថវិកា ៥០,០០០រៀល។

ទេសរដ្ឋមន្ដ្រី គន់ គីម បានគូសបញ្ជាក់ជូនអង្គប្រជុំថា អ្វីៗដែលសមាជិកអតីតយុទ្ធជនកម្ពុជា ទទួលបានដូចសព្វថ្ងៃនេះ គឺដោយសារប្រទេសយើង មានសន្តិភាព ហេតុនេះទើបយើងត្រូវអរគុណសន្តិភាព និងដឹងគុណ សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាព៕