(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យ លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា, លោកស្រីវេជ្ជបណ្ឌិត Ailan LI តំណាងអង្គការសុខភាពពិភពលោក និងលោកស្រី Kristin Parco ប្រធានបេសកកម្មរបស់ IOM ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ដែលនឹងត្រូវផ្លាស់ប្ដូរតួនាទីទៅកាន់ប្រទេសវៀតណាម បានថ្លែងអំណរគុណដល់រាជរដ្ឋាបាលភិបាលកម្ពុជា និងលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង ដែលកន្លងទៅ បានផ្ដល់កិច្ចសហប្រតិបត្ដិការល្អ ជាមួយអង្កសហប្រជាជាតិ។

លោកស្រីបានបន្តថា នៅក្នុងរយៈពេលដែលយើងទាំងគ្នារួមគ្នាឆ្លើយតបជាមួយនឹងជំងឺកូវីដ១៩ អង្កការសហប្រជាជាតិក៏បានចូលរួមចំណែកក្នុងធ្វើការងារជាដៃគូល្អមួយជាមួយនឹងក្រសួងសុខាភិបាល នៅក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ១៩ ផងដែរ។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយគាំទ្រក្នុងរយៈពេលកន្លងមក ដែលអង្គការសហប្រជាជាតិធ្វើកិច្ចការងារច្រើនរួមគ្នា ជាមួយក្រសួងសុខាភិបាល ឈរលើគោលការណ៍សំខាន់ៗ ជាពិសេសការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋនៅកម្ពុជា ដោយមានភាពជឿជាក់ក្នុងការជួយគ្នាទៅវិញទៅមក ហើយឈរលើកកិច្ចសហប្រតិបត្ដិការល្អជិតស្និទ្ធ នៅក្នុងនោះអ្វីដែលជាការងារសំខាន់ទៀត គឺការបន្ដនូវកិច្ចសហប្រតិបត្ដិការ ថ្វីត្បិតតែលោកស្រី ដែលជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ដែលចាកចេញពីកម្ពុជា ដើម្បីទៅបំពេញបេសកម្មនៅប្រទេសវៀតណាម ក៏ប៉ុន្តែបុគ្គលិកដែលជាអ្នកទទួលខុសត្រូវក្នុងការងារផ្សេងៗ ក្នុងអង្កការសហប្រជាជាតិ នឹងបន្តនូវកិច្ចការជាមួយគ្នាទៀត។

នៅក្នុងឱកាសនេះ លោកឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងនូវក្របខណ្ឌចំនួន៣ ដែលកម្ពុជា និងអង្គការសហប្រជាជាតិ នឹងបន្ដកិច្ចសហប្រតិបត្តិការជាមួយគ្នា កំពុងនោះរួមមាន៖

* ទី១៖ គឺការបន្តជំរុញសមត្ថភាពនៃក្រសួងសុខាភិបាល។
* ទី២៖ យើងនឹងធ្វើការជាមួយគ្នាទៀតដោយផ្ដោតទៅលើការយកចិត្តទុកដាក់ទៅលើសុខភាពប្រជាពលរដ្ឋ ដោយយើងពិនិត្យមើលទៅលើគ្រប់ទិដ្ឋភាពទាំងអស់ដើម្បីធ្វើយ៉ាងណាជំរុញនូវការអនុវត្តទៅលើការទទួលខុសត្រូវរបស់បុគ្គលក្រុមគ្រួសារក៏ដូចជាសហគមន៍ទៅលើការការពារក៏ដូចជាការថែទាំសុខភាពផ្ទាល់ខ្លួនដែលយើងហៅថា ជំរុញការងារថែទាំបឋមនៅតាមសហគមន៍ហើយបង្កើតនៅការចូលរួមរបស់សហគមន៍នៅលើកិច្ចការពារសុខភាព ជំងឺបង្ការផ្សេងៗ។

* ទី៣៖ យើងនឹងពិនិត្យការងារជាមួយគ្នាទៅលើការវិនិយោគបន្ថែមទៀត
នៅក្នុងវិស័យសុខភាព វិស័យសុខាភិបាល ពីព្រោះថាពិសោធន៍ទៅនឹងការរាជរៀលត្បាតទៅនឹងជំងឺកូវីដ១៩ យើងត្រូវត្រៀមលក្ខណៈជាបន្តបន្ទាប់ទៀតពីព្រោះថា ទៅខាងមុខទៀតយើងមិនដឹងថាមានការផ្ទុះចេញជំងឺឆ្លងបែបណាទៀត មិនតែប៉ុណ្ណោះយើងក៏មិនត្រូវភ្លេចនូវជំងឺដង្កាត់ផ្សេងៗទៀត៕