(ភ្នំពេញ)៖ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ បានដឹកនាំប្រតិភូចូលទស្សនកិច្ចនៅបណ្ណាល័យសម្តេចម៉ែ ដើម្បីថ្វាយព្រះរាជកិត្តិយសចំពោះសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងគាំទ្រចំពោះការបង្កើតបណ្ណាល័យសម្តេចម៉ែរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា និងអបអរសាទរទិវាប្រាក់រៀលខួបលើកទី៤២។

ប្រាក់រៀលត្រូវបានបោះពុម្ពផ្សាយឡើងវិញដោយធនាគារជាតិនៃកម្ពុជា នាថ្ងៃទី២១ ខែមីនា ឆ្នាំ១៩៨០ ដែលមកទល់សព្វថ្ងៃគឺមានរយៈកាល៤២ឆ្នាំមកហើយ។ ក្រោយពីការបោះពុម្ពរូបបិយប័ណ្ណឡើងវិញ បន្ទាប់ពីរូបបិយប័ណ្ណកម្ពុជាត្រូវបានលុបបំបាត់ទាំងស្រុងក្នុងរបបខ្មែរក្រហម ធនាគារជាតិនៃកម្ពុជា បានស្រវាស្រទេញផ្សព្វផ្សាយ និងបង្កើតជាយុទ្ធនាការចាំបាច់ជាច្រើន ដើម្បីបង្កើនស្ថេរភាពនៃតម្លៃប្រាក់រៀល។

ជានិច្ចកាល អគ្គទេសាភិបាល ជា ចាន់តូ តែងគាំទ្រយ៉ាងស្វិតស្វាញចំពោះកិច្ចការសិក្សាស្រាវជ្រាវរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៥ រហូតមក។ លោកបានគាំទ្រដល់ការបោះពុម្ពសៀវភៅប្រវត្តិសាស្ត្រស្តីពីប្រទេសកម្ពុជាសរសេឡើងដោយប្រវត្តិវិទូល្បីល្បាញជាខេមរភាសា ដែលប្រែសម្រួលពីឯកសារដើមជាភាសាអង់គ្លេស ឬភាសាបារាំង។ សៀវភៅដែលប្រែសម្រួលនិងបោះពុម្ពជាភាសាខ្មែរទាំងនោះ រួមមាន សៀវភៅប្រវត្តិសាស្ត្រប្រទេសកម្ពុជា សរសេរឡើងជាភាសាបារាំងក្នុងឆ្នាំ១៩១៤ ដោយប្រវត្តិវិទូជនជាតិបារាំង អាដេម៉ារ ឡឺក្លែរ ដែលត្រូវប្រើប្រាស់ជាឯកសារជំនួយដល់កម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា និងយ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា សៀវភៅសត្រូវបងប្អូនឯង និពន្ធដោយលោក ណាយ៉ាន់ ចាន់ដា សៀវភៅរបប ប៉ុល ពត ដែលជាស្នាដៃរបស់ប្រវត្តិវិទូជាន់ខ្ពស់ និងសាស្ត្រាចារ្យប្រវត្តិសាស្ត្រ គឺលោក បេន ឃៀនិន និងសៀវភៅជំងឺកម្ពុជា សរសេរឡើងដោយសង្គមវិទូជនជាតិបារាំង ម៉ារី អាឡិចសាន់ឌ្រីន ម៉ារទីន និងសៀវភៅសិក្សាជាន់ខ្ពស់ដទៃទៀត។

ក្រោយប្រែសម្រួលសៀវភៅទាំងនេះ ត្រូវបានចុះផ្សាយជាភាគៗនៅលើកាសែតរស្មីកម្ពុជា ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយនិងជាជំនួយដល់មិត្តអ្នកអានទូទៅ។ សៀវភៅខាងលើបានចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកស្ទួយការសិក្សាស្រាវជ្រាវរបស់សិស្សានុសិស្សនិងអ្នកស្រាវជ្រាវជនជាតិខ្មែរឲ្យបានយល់ដឹងថា តើអ្នកស្រាវជ្រាវបរទេសគិតយ៉ាងដូចម្តេចចំពោះប្រវត្តិសាស្ត្រខ្មែរ និងជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់យុវជនជំនាន់ក្រោយសិក្សាស្រាវជ្រាវ និងសរសេប្រវត្តិសាស្ត្រកម្ពុជាដោយខ្លួនឯង។ បច្ចុប្បន្ន លោកអគ្គទេសាភិបាលបាននិងកំពុងរៀបចំ និងបោះពុម្ពសាឡើងវិញជាភាសាខ្មែរនូវសៀវភៅរបប ប៉ុល ពត របស់លោក បេន ឃៀនិន សាស្ត្រាចារ្យសាកលវិទ្យាល័យយ៉េល។

ក្រៅពីគាំទ្រដល់ការបោះពុម្ពសៀវភៅប្រវត្តិសាស្ត្រជាភាសាខ្មែរ អគ្គទេសាភិបាលបានគាំទ្រដល់ការផលិតជាខ្សែភាពយន្តឯកសារ «កុំស្មានបងភ្លេច» ដែលស្តីពីប្រវត្តិតន្ត្រីខ្មែរនៅមុនសម័យសង្គ្រាម ក្នុងអំឡុងសម័យកលយុគ និងនាសម័យបច្ចុប្បន្ន។

លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានបង្ហាញជូនដល់ប្រតិភូកិត្តិយសនូវសមិទ្ធផលនៃបណ្ណាល័យសម្តេចម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា ព្រមទាំងរំលេចគោលបំណងសំខាន់ក្នុងការសាងសង់ទីតាំងអចិន្ត្រៃយ៍មួយ គឺវិទ្យាស្ថានស្លឹករឹត។ គួររំឭកថា វិទ្យាស្ថានស្លឹករឹតបានទទួលការសព្វព្រះរាជហឫទ័យ និងការគាំទ្រក្រៃលែងពីសម្តេចព្រះវររាជមាតាជាតិខ្មែរ និងមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាជាច្រើន ព្រមទាំងនៅក្នុងជួរកងទ័ព និងប្រជាជនកម្ពុជាទូទៅជាច្រើនទៀតផង ជាពិសេសនៅក្នុងវិស័យស្ថាបត្យកម្មទំនើបរបស់កម្ពុជា។ វិទ្យាស្ថានស្លឹករឹតគឺជាស្នាដៃល្អឯកររបស់ស្ថាបត្យករស្ត្រីល្បីល្បាញកម្រិតពិភពលោក គឺលោកស្រី ហ្សាហា ហាឌីត ដែលប្លង់នៃស្នាដៃប្រណិតនេះ ត្រូវបានតាំងបង្ហាញជាផ្នែកមួយនៃពិព័រណ៍អចិន្ត្រៃយ៍របស់បណ្ណាល័យសម្តេចម៉ែ។

បណ្ណាល័យថ្វីដ្បិតតែមានទំហំតូច ប៉ុន្តែយុគសម័យបច្ចេកវិទ្យាទំនើប យើងអាចប្រើប្រាស់ធនធានរបស់បណ្ណាល័យនេះ ដើម្បីផ្សព្វផ្សាយព័ត៌មានដែលមានរាប់លានឯកសារទៅដល់អ្នកសិក្សាស្រាវជ្រាវជាតិ និងអន្តរជាតិ។ ក្នុងអំឡុងទស្សនកិច្ច ប្រតិភូកិត្តិយសបានទទួលជ្រាបអំពីដំណើរការនៃការថែរក្សាឯកសារប្រវត្តិសាស្ត្រ និងទស្សនាសមុច្ច័យដ៏កម្រដែលមានតាំងបង្ហាញនៅក្នុងបណ្ណាល័យសម្តេចម៉ែថែមទៀតផង។ លោកឯកអគ្គរាជទូតបណ្ឌិត ហូលីយ៉ូ អេ. ហែលឌ្រេស បានបង្ហាញអំពីសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ដែលលោកបានប្រែសម្រួលជាភាសាអង់គ្លេសពីសំណៅដើមនៃកំណត់ហេតុជាភាសាបារាំងរបស់សម្តេចព្រះវររាជមាតាជាតិខ្មែរ កត់ត្រាព្រះរាជដំណើររបស់ព្រះអង្គ និងសម្តេចព្រះបរមរតនកោដ្ឋមកកាន់តំបន់រំដោះក្នុងប្រទេសកម្ពុជានាឆ្នាំ១៩៧៣។ បច្ចុប្បន្ន មជ្ឈមណ្ឌលឯកសារកម្ពុជាកំពុងរៀបចំប្រែសម្រួលសៀវភៅនេះជាភាសាខ្មែរ។

លោកអគ្គទេសាភិបាល ជា ចាន់តូ បានសម្តែងនូវអំណរគុណចំពោះការទទួលស្វាគមន៍ដ៏រាក់ទាក់ និងបានចារចំណារអនុស្សាវរីយ៍នៅលើសៀវភៅក្រាំងមាសនៃបណ្ណាល័យសម្តេចម៉ែ ដែលមានសេចក្តីដូចតទៅ៖ «តាងនាមថ្នាក់ដឹកនាំ ធនាគារជាតិនៃកម្ពុជា ខ្ញុំសូមអរគុណចំពោះការទទួលបដិសណ្ឋារកិច្ច ប្រកដោយមនោសញ្ចេតនា ភាតរៈ របស់លោកនាយក ទន្ទឹមនឹងនេះ ខ្ញុំសូមកោតសរសើរនូវស្មារតី រៀបចំ ថែរក្សាឯកសារដ៏មានតម្លៃនេះ ដើម្បីទុកឲ្យយុវជនជំនាន់ក្រោយបានសិក្សារៀនសូត្រ»