(ភ្នំពេញ)៖ គណៈកម្មាធិការនាយកគណបក្សហ៊្វុនស៊ិនប៉ិច នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ បើកកិច្ចប្រជុំពិសេសមួយ ដើម្បីពិនិត្យ និងពិភាក្សា កែសម្រួលបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស និងគាំទ្រលើគោលនយោបាយអាទិភាព សម្រាប់ចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។

កិច្ចប្រជុំនេះ ស្ថិតនៅក្រោមព្រះអធិបតីភាពព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងព្រះអង្គម្ចាស់ក្សត្រី ថ្នាក់ដឹកនាំសរុបរួមចំនួន ៥៤រូប។

កិច្ចប្រជុំបានសម្រេចគាំទ្រទាំងស្រុង៖

ទី១៖ កែសម្រួលបទបញ្ជាផ្ទៃក្នុងគណបក្ស សមស្របតាមការដឹកនាំរបស់ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្ស។

ទី២៖ គាំទ្រលើសេចក្តីព្រាងគោលនយោបាយអាទិភាព ៩ចំណុច សម្រាប់ចូលរួមបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលត្រូវនឹងផ្សព្វផ្សាយ នៅពេលខាងមុខនេះ។

ទី៣៖ ឯកភាពផ្ទៃក្នុង រួមរួបគ្នា សាមគ្គីគ្នា ដើម្បីគណបក្សទទួលបានជោគជ័យ និងទទួលបានអាសនសារជាថ្មី៕