(កំពង់ធំ)៖ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ម៉ោង ២៖៣០នាទីរសៀល មានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ អស់ចំនួន៣ខ្នង ខូចខាតទាំងស្រុង ដែលស្ថិតនៅភូមិវាំង ឃុំប្រឡាយ ស្រុកស្ទោង មូលហេតុដោយសារចរន្តអគ្គិសនី។ ក្នុងឱកាសនោះលោក សាយ គឹមឡម ឣភិបាលស្រុកស្ទោង បានដឹកនាំកងកម្លាំងជួយឣន្តរគមន៍ភ្លាមៗ ដើម្បីពន្លត់ឣគ្គិភ័យសង្គ្រោះនោះ។

តាមការបញ្ជាក់លោក សាយ គឹមឡម គឺការចុះអន្តរាគមន៍រថយន្តទឹកពន្លត់អគ្គីភ័យ បានប្រើប្រាស់រថយន្តចំនួន ៦គ្រឿង ក្នុងនោះរថយន្តអធិការដ្ឋាននគរបាលស្រុកស្ទោង ១គ្រឿង រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាល ស្រុកកំពង់ស្វាយ ១គ្រឿងរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកជីក្រែង ខេត្តសៀមរាប ១គ្រឿង និងរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ៣គ្រឿង ដោយប្រើប្រាស់អស់ទឹកចំនួន ៧ឡាន។

លោកបានបញ្ជាក់ថា អគ្គីភ័យដែលត្រូវបានលេបត្របាក់ផ្ទះចំនួន ០៣ខ្នង ម្ចាស់ផ្ទះដែលរងការខូចខាតមានឈ្មោះដូចខាងក្រោម៖

*ទី១៖ ម្ចាស់ផ្ទះឈ្មោះ ឡាត ឈឿម ជាស្ត្រីមេម៉ាយទំហំផ្ទះ ៧ម៉ែត្រ×១២ម៉ែត្រ (ឆេះទាំងស្រុង) និងខូចខាតទ្រព្យសម្បត្តិ រួមមាន ស្រូវក្នុងជង្រុក១តោន ទូរទស្សន៍២គ្រឿង បាស១គ្រឿង ខោអាវនិងសម្ភារៈប្រើប្រាស់ផ្សេងៗទៀតមួយចំនួនធំ ព្រមទាំងកង់៣គ្រឿង។
*ទី២៖ ម្ចាស់ផ្ទះឈ្មោះ ឆយ សំ ភេទប្រុស ឣាយុ៤៥ឆ្នាំ ផ្ទះទំហំ ៧ម៉ែត្រ×១៤ម៉ែត្រម ធ្វើពីថ្មឈើ លើប្រក់ក្បឿង(ខូចខាតទាំងស្រុង) ម្ចាស់មិននៅផ្ទះ។
*ទី៣៖ ម្ចាស់ផ្ទះឈ្មោះម៉ែត មត់ ភេទប្រុស អាយុ៤៦ឆ្នាំ ផ្ទះទំហំ ៧ម៉ែត្រ×១៤ម៉ែត្រថ្មក្រោមឈើលើ៕