(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះភារកិច្ចរបស់ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្ដមសិក្សា (ក.យ.គ) ដែលបានប្រមូលផ្ដុំបានបញ្ញវន្តទូទាំងប្រទេស ឱ្យមកស្ម័គ្រចិត្តចូលធ្វើសកម្មភាពរួម ដើម្បីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។

ការលើកឡើងបែបនេះរបស់ លោក ហ៊ុន ម៉ានី បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ លើកទិសដៅការងារឆ្នាំ២០២២ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្ដមសិក្សា (ក.យ.គ) នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ។

លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ចំណុចពិសេសដែល ខ្ញុំបានកត់សម្គាល់ គឺយើងបានសហការ និងប្រមូលផ្ដុំបាននូវបញ្ញវន្តទូទាំងប្រទេសដែលមកពីគ្រឹះស្ថានឧត្ដមសិក្សានានា ឱ្យមកស្ម័គ្រចិត្តចូលធ្វើសកម្មភាពរួមគ្នា ក្នុងគោលដៅតែមួយ និងគោលបំណងតែមួយ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ»

ទន្ទឹមនឹងលទ្ធផលជាវិជ្ជមាននេះ លោក ហ៊ុន ម៉ានី ក៏ទទូចដល់អង្គពាក់ព័ន្ធបន្តបំពេញភារកិច្ចរបស់ខ្លួនថែមទៀត ជាអាទិ៍ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា សូមបន្តកិច្ចសហការល្អជាមួយនឹងក្រសួងអាណាព្យាបាលទាំងអស់ ក្រុមប្រឹក្សាសាកលវិទ្យាធិការនៃកម្ពុជា សមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា សមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គណៈគ្រប់គ្រងគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ដើម្បីកៀរគរកម្លាំងយុវជនឱ្យចូលរួមក្នុងគ្រប់សកម្មភាពនានារបស់ ស.ស.យ.ក. និងគាំទ្រមាគ៌ាដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃបំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ប្រធាន ស.ស.យ.ក. ក៏បានផ្ដល់អនុសាសន៍ឱ្យគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្តប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋនិងឯកជន រៀបចំកិច្ចប្រជុំដាច់ដោយឡែកៗពីគ្នា ដើម្បីពិភាក្សានិងផ្លាស់ប្តូរយោបល់ទាក់ទងទៅនឹងការងារកៀរគរកម្លាំងយុវជន ឱ្យចូលជាសមាជិក ស.ស.យ.ក. ឱ្យបានច្រើនជាអតិបរមាតាមដែលអាចធ្វើទៅបាន។

ចំណែកឯគណៈគ្រប់គ្រងគ្រឹះស្ថានឧត្ដមសិក្សា និងក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សានីមួយៗ លោក ហ៊ុន ម៉ានី បានស្នើឱ្យរៀបចំបង្កើតកម្មវិធី ព្រឹត្តិការណ៍ និងវេទិកាផ្សេងៗ ព្រមទាំងរៀបចំបង្កើតឱ្យមានវគ្គបណ្ដុះបណ្ដាល ឬបទបាឋកថា ដើម្បីលើកកម្ពស់សមត្ថភាព និងការយល់ដឹងទាក់ទងទៅនឹង ជំនាញផ្សេងៗ សម្រាប់យុវជនជានិស្សិតដែលសិក្សានៅគ្រឹះស្ថានរបស់ខ្លួន។

ក្នុងន័យនេះ លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា៖ «ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្ដមសិក្សា បានចាប់ផ្តើម និងកំពុងចូលរួមជាសេនាធិការ ព្រមទាំងជាប្រតិបត្តិករ យ៉ាងទូលំទូលាយរបស់ ស.ស.យ.ក ក្នុងការផ្តល់ឱកាស និងកសាងកម្លាំងយុវជនចូលរួមជាមួយ ស.ស.យ.ក ដើម្បីទទួលបានការគាំទ្រលើកទឹកចិត្ត តម្រង់ទិស និងផ្តល់ឱកាសបន្ថែមដល់យុវជនទាំងការអប់រំ និងការបណ្តុះបណ្តាល ក៏ដូចជាឱកាសចូលរួមសកម្មភាពស្ម័គ្រចិត្តនានាបន្ថែមទៀត»

ជាមួយគ្នានេះ លោកក៏បានណែនាំឱ្យ គណៈគ្រប់គ្រងគ្រឹះស្ថានឧត្ដមសិក្សាទាំងអស់ បន្តកិច្ចសហការល្អ បង្កលក្ខណៈងាយស្រួល និងអនុញាតឱ្យក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា មានលទ្ធភាពអាចធ្វើទំនាក់ទំនងនិងសកម្មភាពនានាបានពេញលេញទាក់ទងទៅនឹងយុវជន ដើម្បីឈានទៅសម្រេចឱ្យបាននូវគោលបំណង និងសសរស្តម្ភទាំង៩ ដែលបានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រ (២០១៨-២០២៣) របស់ ស.ស.យ.ក.។

លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា អះអាងថា ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្ដមសិក្សា អនុវត្តការងាររបស់ខ្លួនសម្រេចបានជាង៧៥% ធៀបនឹងផែនការប្រចាំឆ្នាំ។ តាមលទ្ធផលដែលក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្ដមសិក្សាសម្រេចបានជាផ្លែរផ្ការួមមាន៖ ការទទួលបានកិច្ចសហការ និងការគាំទ្រយ៉ាងខ្លាំងពីក្រសួងអាណាព្យាបាលនៃគ្រឹះស្ថានឧត្ដមសិក្សាទាំងអស់ សមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា ក្រុមប្រឹក្សាសាកលវិទ្យាធិការនៃកម្ពុជា និងសមាគមសហព័ន្ធសិស្សនិស្សិតអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ។ បន្ថែមពីនេះ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្ដមសិក្សា បានសហការល្អ និងទទួលបានការគាំទ្រយ៉ាងសកម្មគណៈគ្រប់គ្រងគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន ព្រមទាំងគ្រឹះស្ថានផ្នែកគរុកោសល្យផងដែរ។

លើសពីនេះ លោក ស សុខា បានឱ្យដឹងថា ក្រុមប្រឹក្សា បានប្រកាសទទួលស្គាល់ជាផ្លូវការនូវសមាសភាពគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត និងក្រុមការងារយុវជន ស.ស.ក. ប្រចាំគ្រឹះស្ថានរដ្ឋ និងឯកជនសរុបចំនួនន១១៤គ្រឹះស្ថាន ស្មើនឹង៩៦% នៃគ្រឹះស្ថានឧត្ដមសិក្សាទាំងអស់ទូទាំងប្រទេស ដែលមានធនធានមនុស្សជាកម្លាំងប្រតិបត្តិករសរុបជាង ២០០០នាក់ ដោយបានចាប់ផ្ដើមធ្វើសកម្មភាពជាបណ្ដើរៗ ដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបយុវជនជានិស្សិត និងគរុសិស្សអំពីគោលបំណង បេសកកម្ម និងអត្ថប្រយោជន៍នៃការចូលរួមធ្វើសកម្មភាព និងការចូលជាសមាជិក ស.ស.យ.ក.។

សូមបញ្ជាក់ សហភាពសហព័ន្ធយុវជនកម្ពុជា បានសម្រេចបង្កើតក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា កាលពីថ្ងៃទី១៨ ខែ កុម្ភ: ឆ្នាំ២០២១ ដោយមានភារកិច្ចកសាងកម្លាំងយុវជន ធ្វើចលនាប្រមូលផ្តុំយុវជនដែលបានបញ្ចប់ការសិក្សា និងកំពុងសិក្សានៅតាមគ្រឹះស្ថានឧត្តម សិក្សារដ្ឋ និងឯកជន ដើម្បីចូលរួមចំណែកជួយសង្គមជាតិ និងប្រជាពលរដ្ឋ បណ្តុះមនសិការស្រឡាញ់ជាតិ ស្រឡាញ់វប្បធម៌ជាតិ ស្រឡាញ់សន្តិភាព ប្រជាធិបតេយ្យ និងគោរពច្បាប់ មានអាកប្បកិរិយា និងសីលម៌ល្អ ស្វែងរកនិងផ្តល់ផលប្រយោជន៍ជូនយុវជនដូចជាការបណ្តុះបណ្តាលជំនាញ ការដោះស្រាយបញ្ហាយុវជន ការជួយរកការងារ និងអាហារូបករណ៍ជូនយុវជន ព្រមទាំងសកម្មភាពមួយចំនួនទៀតដើម្បីអភិវឌ្ឍយុវជន និងរួមចំណែកក្នុងកិច្ចការបំរើជាតិមាតុភូមិ៕