(ភ្នំពេញ)៖ នៅល្ងាចថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ចតុមុខ បានរៀបចំពិធីសំណេះសំណាលជាមួយ បេក្ខជនពេញសិទ្ធិ បម្រុង មេខ្យល់ ឃោសនិក ប្រតិកម្មរហ័ស និង គណៈសាខាបក្សភូមិ ព្រមទាំងប្រធានក្រុមមក្ស ដែលជារចនាសម្ព័ន្ធ អង្គការចាត់តាំងបក្ស ចំណុះឲ្យគណៈកម្មាធិការគណបក្ស សង្កាត់ចតុមុខ សរុបចំនួន១៣០នាក់។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ចតុមុខ ដោយមានការអញ្ជើញចូលរួមពីលោក ជុំ អ៊ៀក អនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានសង្កាត់ចតុមុខ, លោក ចាប ឌីណា សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ចតុមុខ ព្រមទាំង លោក លោកស្រី សមាជិកសមាជិកាក្រុមការងារ គណបក្សចុះមូលដ្ឋានសង្កាត់ចតុមុខ និងសមាជិកសមាជិកាចូលរួមសរុបចំនួន ១៥០រូប។

ក្នុងពិធីសំណេះសំណាលនេះ លោក ប្រធានគណៈអធិបតី បានផ្សព្វផ្សាយអំពីគោលនយោបាយគណបក្សប្រជាជនកម្ពុជាដល់សមាជិកអង្គពិធី ការពន្យល់អំពីសារបាន ផ្លែផ្កា នៃសន្តិភាព និងលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំកំពូល សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំចាប់ពីថ្នាក់លើ ដល់ថ្នាក់មូលដ្ឋាន មកពន្យល់ណែនាំបំភ្លឺដល់សមាជិកសមាជិកាយើង។

ក្រោយពីកិច្ចសំណេះសំណាល លោកប្រធានគណៈអធិបតី បានឧបត្ថម្ភថវិកាដល់សមាជិកសមាជិកាដែលបានចូលរួមសរុបចំនួន១៣០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ៥០,០០០រៀល សរុបថវិកាចំនួន ៦,៥០០,០០០រៀល ដោយឡែក លោក ជុំ អ៊ៀក ឧបត្ថម្ភថវិកា២០០ដុល្លារ និងលោក ចាប ឌីណា អនុប្រធានក្រុមការងារឧបត្ថម្ភ១០០ដុល្លារ ដល់គណបក្សសង្កាត់ផងដែរ៕