(កំពង់ធំ)៖ លោកស្រី ទី បូរ៉ាស៉ី ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា បានជំរុញប្រជាពលរដ្ឋចូលរួមលើកទឹកចិត្ត និងគាំទ្រអំពីសិប្បកម្មតម្បាញ កញ្ជើ ល្អី និងផលិតផលកែច្នៃដោយដៃដើម្បីអភិរក្សថែរក្សា វប្បធម៌ ប្រពៃណីរបស់ខ្មែរ ។

លោកស្រីថ្លែងបែបនេះ ក្នុងឱកាសដឹកនាំប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មានព្រឹទ្ធសភាចុះពិនិត្យសិប្បកម្មតម្បាញ កញ្ជើ ល្អី និងផលិតផលកែច្នៃដោយដៃក្នុងផ្សារ ផ្សារលក់ផលិតផលសហគមន៍សំបូរព្រៃគុក នៅភូមិអូរគ្រូកែ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ។

លោកស្រី ទី បូរ៉ាស៉ី បានថ្លែងទៀតថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំប្រឹងប្រែងរំដោះប្រទេសជាតិ ហើយធ្វើការអភិវឌ្ឍប្រទេស ឱ្យមានការរីកចម្រើនឥតឈប់ឈរ ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ។ ទន្ទឹមនោះ សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាគ្មានទីពឹង ទោះបីសម្តេចនៅឆ្ងាយ ក៏សម្តចនៅតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋព្រប់ពេលវេលា ។

លោកស្រីក៏បានកោតសរសើរដល់អាជ្ញាធរភូមិ ឃុំ ស្រុក និងមន្ត្រីជំនាញ ដែលនៅជាប់ជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងស្វែងយល់ពីការលំបាក និងភាពខ្វះខាតរបស់ពលរដ្ឋ ព្រមទាំងបានអំពាវនាវដល់ពលរដ្ឋ ត្រូវថែទាំសុខភាព និងត្រូវពាក់ម៉ាស់ លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ជែល អាល់កុល និងរក្សាគម្លាតសុវត្ថិភាព ជាការសំខាន់សម្រាប់ខ្លួន ក្រុមគ្រួសារ កូន និងចៅមានសុខភាពល្អ ៕