(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦នេះ បានចេញលិខិតបដិសេធសំណើរបស់ក្រុមលោក ប៉ាន់ខែម ប៊ុនថន ដែលចង់ជួបជុំមនុស្ស៥ពាន់នាក់ នៅទីលានប្រជាធិបតេយ្យ ហើយហែក្បួនគាំទ្រចំណាត់ការអង្គភាពប្រឆាំងអំពើពុករលួយ។ ជាមួយគ្នានេះ អាជ្ញាធរក្រុងភ្នំពេញ ក៏បានបដិសេធដូចគ្នាលើសំណើក្រុមប្រជាពលរដ្ឋ និងសង្គមស៊ីវិល ដែលចង់ហែក្បួនប្រឆាំង ACU កាលពីម្សិលមិញផងដែរ។

តំណាងប្រជាពលរដ្ឋ យុវជន និងស្រ្តី រួមទាំងមន្រ្តីសង្គមស៊ីវិល កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ បានផ្ញើលិខិតមួយច្បាប់ទៅកាន់ អភិបាលរាជធានីភ្នំពេញដោយសុំដង្ហែញត្តិ ទៅជូនអង្គភាពប្រឆាំងអំពើពុករលួយ នៅម៉ោង៩៖០០ព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦ ដែលមានអ្នកចូលរួមប្រមាណជា ២ពាន់នាក់។ ក្នុងការហែក្បួននេះ ពួកគេមានគម្រោងស្នើសុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយ បញ្ឈប់ការគម្រាមកំហេង ធ្វើទុក្ខបុកម្នេញមកសលើសកម្មភាពសិទ្ធិមនុស្ស និងមន្រ្តី អង្គការសង្គមស៊ីវិល។

ស្របពេលជាមួយគ្នានេះ ក្រុមយុវជនតំណាងដោយ លោក ប៉ាន់ខែម ប៊ុនថន ក៏បានប្រកាសអំពីការដឹកនាំយុវជន និស្សិតចំនួន៥០០០នាក់ ហែញត្តិគាំទ្រ សកម្មភាព និងចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចំពោះមន្រ្តីអង្គការសង្គមស៊ីវិល នៅថ្ងៃទី០៧ ខែឧសភា ផងដែរ។

តាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ ផ្ញើជូនលោក ប៉ាន់ខែម ប៊ុនថន នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦នេះ បានឱ្យដឹងថា «ចំពោះសំណើ សុំទីលានប្រជាធិបតេយ្យដើម្បីជួបជុំ និងចេញដំណើរដង្ហែញត្តិទៅដាក់ជូនអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង០៨៖០០នាទីព្រឹក ដោយមានអ្នកចូលរួមចំនួន ៥០០០នាក់ដើម្បីគាំទ្រការសម្រេចចិត្តរបស់អង្គភាព ពាក់ព័ន្ធនឹងអំពើពុករលួយរបស់ មន្រ្តីអង្គការអាដហុក និងអគ្គលេខាធិការរងគ.ជ.បនោះ រដ្ឋបាលរាជធានីភ្នំពេញ ពុំអនុញ្ញាតជូនឡើយ»

អាជ្ញាធរក៏បានព្រមានដល់ ក្រុមប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលដែលចង់ហែរក្បួនប្រឆាំង ACU និងក្រុមរបស់លោក ប៉ាន់ខែម ប៊ុនថន ដែលចង់ហែក្បួនគាំទ្រ ACU ឱ្យទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ បើសិនជាបានធ្វើសកម្មភាពហែក្បួនប្រឆាំងនឹង សេចក្តីសម្រេចរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ។

សូមបញ្ជាក់ថា នាថ្មីៗនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួនមន្រ្តីអាដហុក៤នាក់ និងអគ្គលេខាធិការរងគ.ជ.បម្នាក់ ដោយចោទពីបទសូកប៉ាន់ និងសមគំនិតសូកប៉ាន់សាក្សី ដើម្បីឱ្យនិយាយភូតកុហកសមត្ថកិច្ច។ អ្នកពាក់ព័ន្ធទាំងនោះមាន លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេត សមាគមអាដហុក, លោក យី សុខសាន្ត អនុប្រធាន ផ្នែកស៊ើបអង្កេត សមាគម អាដហុក, លោក ណៃ វ៉ងដា អនុប្រធានផ្នែកស៊ើបអង្កេត សមាគមអាដហុក, លោកស្រី លឹម មុនី មន្រ្តីអង្កេត ជាន់ខ្ពស់អាដហុក និងលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប ។ ឥឡូវពួកគេកំពុងត្រូវតុលាការឃុំខ្លួន​ នៅក្នុងពន្ធនាគារព្រៃស៕