(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានរៀបចំបង្កើតក្រុមការងារ អ្នកច្បាប់មួយក្រុម ដើម្បីតាមដាន យ៉ាងយកចិត្តទុកដាក់លើករណី លោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប ដែលកំពុងជាប់ពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទ សមគំនិត ស៊កប៉ាន់សាក្ស៊ី។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប។

លោក ហង្ស ពុទ្ធា បានបញ្ជាក់ប្រាប់អង្គភាព Fresh News យ៉ាងដូចច្នោះថា «គ.ជ.ប បានបើកប្រជុំជាបន្ទាន់មួយ ក្រោយពីមានការឃុំខ្លួន លោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប។ នៅក្នុងកិច្ចប្រជុំនោះ គ.ជ.ប សម្រេចបង្កើតក្រុមការងារ អ្នកច្បាប់តាមដានករណីលោក នី ចរិយា។ តែខ្ញុំសូមបញ្ជាក់ថា គ.ជ.ប គ្មានសមត្ថកិច្ចក្នុងការអន្តរាគមន៍ លោក នី ចរិយា នោះទេហើយក៏មិន អាចផ្តល់មេធាវីការពារក្តី ឲ្យលោក នី ចរិយា បានដែរ»។

អ្នកនាំពាក្យ គ.ជ.ប បានបន្តថា សមាសភាពនៃក្រុមការងារ អ្នកច្បាប់តាមដានករណី លោក នី ចរិយា មានបីរូបរួមមាន លោក កែវ ផល្លា ប្រធាននាយកដ្ឋានច្បាប់ លោក កែ រិទ្ធ ទីប្រឹក្សាច្បាប់ប្រធាន គ.ជ.ប និងលោក កែវ មណៅ ប្រធាននាយកដ្ឋានព័ត៌មាន គ.ជ.ប។

លោក ហង្ស ពុទ្ធា បានបន្ថែមថា ទោះបីជា គ.ជ.ប មាននាមជាស្ថាប័នអាណាព្យាបាលរបស់ លោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប ក៏ដោយ ប៉ុន្តែករណីនេះ តាមច្បាប់ គ.ជ.ប គ្មានសមត្ថកិច្ច ក្នុងការអន្តរាគមន៍លើករណី លោក នី ចរិយា ឡើយគឺបានត្រឹមតែអន្តរាគមន៍ ជួយបញ្ចូនលិខិតក្រុមគ្រួសារ រឺមេធាវីរបស់លោក នី ចរិយា ទៅកាន់ស្ថាប័នពាក់ព័ន្ធតែប៉ុណ្ណោះ។ ក្រៅពីនោះគឺបង្កើតក្រុមការងារអ្នកច្បាប់ តាមដានករណីលោក នី ចរិយា  និងចុងក្រោយ គឺមានតួនាទីចុះសួរសុខទុក្ខលោក នី ចរិយា នៅពន្ធនាគារ។

រហូតមកដល់ពេលនេះ ករណីរបស់លោក នី ចរិយា ស្ថាប័ន គ.ជ.ប ទើបតែទទួលបានរបាយការណ៍ ពីក្រសួងយុត្តិធម៌ដែលបញ្ជាក់ ពីដើមចម នៃការចោទប្រកាន់ និងការឃុំខ្លួនតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះមន្រ្តីអាដហុក៤រូប រួមមានលោក នី សុខា ប្រធានផ្នែកស៊ើបអង្កេត សមាគមអាដហុក, លោក យី សុខសាន្ត អនុប្រធាន ផ្នែកស៊ើបអង្កេត សមាគម អាដហុក, លោក ណៃ វ៉ងដា អនុប្រធានផ្នែកស៊ើបអង្កេត សមាគមអាដហុក, លោកស្រី លឹម មុនី មន្រ្តីអង្កេត ជាន់ខ្ពស់អាដហុកនិងលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប កំពុងជាប់ឃុំខ្លួនបណ្តោះអាសន្ននៅពន្ធធនាគារព្រៃស ពាក់ព័ន្ធ នឹងបទល្មើសស៊កប៉ាន់សាក្សី និងសមគំនិតស៊កប៉ាន់សាក្សី ក្រោយពីមានការសាកសួរពីតុលាការ និងអង្គភាពប្រឆាំងអំពើពុក រលួយរួចមក ។

ការនាំខ្លួនទៅសាកសួរ និងការឃុំខ្លួននេះ បានធ្វើឡើងក្រោយពីកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលមានទំនាក់ទំនងស្នេហាជាមួយ លោក កឹម សុខា បានចេញលិខិត ចំហរមួយ ដោយបានសរសេររៀបរាប់អំពីរឿងរ៉ាវ ដែលនាំឱ្យនាងលាក់បាំង មិនឆ្លើយការពិតប្រាប់ សមត្ថកិច្ច អំពីទំនាក់ទំនងស្នេហាស៊ីជម្រៅជាមួយលោក កឹម សុខា ប្រធានស្តីទី គណបក្សសង្រ្គោះជាតិ ដោយក្នុងនោះ នាងអះអាងថា ពាក់ព័ន្ធនឹងអ្នកទាំង៥ខាងលើនេះ និងអ្នកដទៃ ជាអ្នកបង្គាប់កុំឱ្យនាងនិយាយការពិតប្រាប់សមត្ថកិច្ច៕