(ភ្នំពេញ)៖ លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ និងលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦នេះ បានដឹកនាំមន្រ្តីក្រោមឱវាទ និងកម្លាំងប្រជាការពារខណ្ឌ ចុះវាយកម្ទេចទូហ្គេមខុសច្បាប់ជាលើកទី៤ ដែលប្រមូលបានចំនួន២៥ទូ នៅទូទាំងខណ្ឌដូនពេញរួចមក។

លោក គួច ចំរើន អភិបាលខណ្ឌ បានប្រាប់ឱ្យដឹងថា ដើម្បីលុបបំបាត់ល្បែងស៊ីសង ក្នុងមូលដ្ឋានស្របតាមគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព និងដើម្បីរក្សាសន្ដិសុខសណ្ដាប់ធ្នាប់ ឱ្យបានល្អផងដែរនោះ សាលាខណ្ឌដូនពេញបានធ្វើពិធីវាយកម្ទេចទូហ្គេមចំនួន២៥ទូរនេះ ក្នុងនោះមានហ្គេមប្រភេទបាញ់ត្រីចំនួន១០ទូ ទូហ្គេមបៀរ និងប្រភេទហ្គេមសេះចំនួន១៥ទូ ដែលគ្មានច្បាប់អនុញ្ញាត។

បន្ថែមលើសពីនេះលោកក៏បានឱ្យដឹងទៀតថា ទូហេ្គមទាំង២៥ទូនេះ ត្រូវបានរឹបអូសពីកន្លែងធើ្វអាជីវកម្មខុសច្បាប់ជាច្រើនកន្លែង​ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ខណៈដែលពួកគេលួចបើកលេងទាំងយប់ទាំងថ្ងៃ ដោយពុំមានសុំការអនុញ្ញាតពីអាជ្ញាធរដែនដីនោះឡើយ។

ម្យ៉ាងវិញទៀត វាបានធើ្វឱ្យមានផលប៉ះពាល់ ដល់សណ្ដាប់ធ្នាប់សន្ដិសុខសង្គមតាមរយៈ ការលេងហេ្គមចាញ់អស់លុយ ធើ្វឱ្យសិស្សានុសិស្ស ឬយុវវ័យទាំងនោះអាចប្រព្រឹត្ដអំពើដូចជា លួច ឆក់ ប្លន់ ដែលបង្កអសន្ដិសុខសង្គមជាដើម។

សូមរំលឹកថា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ កម្លាំងសមត្ថកិច្ចចំរុះ ខណ្ឌដូនពេញក្រោមការបញ្ជាផ្ទាល់ពី លោកអភិបាលខណ្ឌ លោក គួច ចំរើន បានការចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រី ខុសច្បាប់មួយកន្លែង ស្ថិតនៅផ្ទះលេខ២២ ផ្លូវ៧០ ភូមិ១៩ សង្កាត់ស្រះចក៕