(តិចសាស់)៖ ឃ្លាំងស្តុកទំនេញដ៏ធំមួយ នៅភាគពាយ័ព្យនៃទីក្រុងហួស្តុន របស់រដ្ឋតិចសាស់ ភាគខាងត្បូងសហរដ្ឋអាមេរិក បានឆាបឆេះយ៉ាងសន្ធោសន្ធៅ ក៏ប៉ុន្តែគេនៅមិនទាន់ទទួលបាន សេចក្តីរាយការណ៍ជារួមណាមួយ អំពីទំហំនៃការខូចខាត និងមនុស្សរងគ្រោះថ្នាក់នោះទេ។ នេះបើតាមការចេញនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែឧសភា ឆ្នាំ២០១៦។

អគ្គីភ័យខាងលើនេះ បានកើតឡើងយ៉ាងហោចណាស់បីម៉ោង ទើបក្រុមអ្នកពន្លត់អគ្គីភ័យ ប្រមាណ១៧៥នាក់ ប្រើប្រាស់រថយន្ត៦៤គ្រឿងអាចពន្លត់វាបាន។ សិស្សសាលាដែលនៅក្បែរ កន្លែងកើតហេតុ ចំនួន៦៥០នាក់ ក៏ត្រូវបានជម្លៀសចេញផងដែរ កាលពីអំឡុងម៉ោង១០៖០០នាទី ព្រឹកថ្ងៃព្រហស្បតិ៍ ម៉ោងនៅសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ក្រៅពីឃ្លាំងទំនេញដ៏ធំដែលបានឆេះខ្ទេចនោះ លំនៅដ្ឋាននឹងអគារផ្សេងៗ រួមទាំងរថយន្តមួយចំនួន ក៏បានទទួលការខូចខាតផងដែរនៅក្បែរៗនោះ។ សម្រាប់ប្រជាជនដែលមាន លំនៅដ្ឋានក្បែរកន្លែងកើតហេតុ ត្រូវបានគេជម្លៀសចេញទៅរកកន្លែងមានសុវត្ថិភាពសិន ដើម្បីរង់ចាំ ការសម្អាត និងរៀបចំសណ្តាប់ធ្នាប់។ ដោយឡែកសម្រាប់មូលហេតុនៃការឆេះ គឺមិនទាន់មានការបញ្ជាក់នោះឡើយ៕