(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌមានជ័យ និងកម្លាំងសមត្ថកិច្ចចំរុះ បានចាប់វាយខ្នោះចាស់ទំនើងម្នាក់ ដែលបានប្រើកាយវិការ និងចរិតច្រង៉េងច្រង៉ាង មិនគោរពសមត្ថកិច្ច ដោយមិនព្រមឲ្យពិនិត្យជាតិអាល់កុល ខណ:ដែលចាស់ទំនើងរូបនេះ បើករថយន្ត Land Cruiser ពាក់ស្លាកលេខភ្នំពេញ 2AB-7197 ឆ្លងកាត់ប៉ារ៉ាស់ត្រួតពិនិត្យជាតិអាល់កុល ស្ថិតនៅគោលដៅតាមផ្លូវព្រះមុនីរ៉េត មុខផ្សារស្ទឹងមានជ័យថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នាយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦។

លោក ម៉េង វិមានតារា អធិការរងនគរបាលខណ្ឌមានជ័យ បានថ្លែងប្រាប់ Fresh News នៅព្រឹកថ្ងៃទី៦ ខែឧសភា នេះថា «ចាស់ទំនើងរូបនេះ បើកបរស្រវឹង ជិះរថយន្ត Landcruiser ធ្វើចារឹកឈ្លើយត្រូវសមត្ថកិច្ចយើងត្រួតពិនិត្យគោលដៅ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី របស់អធិការដ្ឋានខណ្ឌមានជ័យ សហការជាមួយកម្លាំងចម្រុះ ឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញហើយ»

លោក ម៉េង វិមានតារា បានបញ្ជាក់ថា ពេលគាត់បើកមកដល់នោះ កម្លាំងរបស់យើងឃាត់ ពេលនោះ ស្រាប់តែគាត់ចុះពីរថយន្ត រួចហើយ យកលុយ៥០ដុល្លារ ដាក់លើតុ ហើយទះតុពេលនោះក៏ប៉ះពាក្យសម្តីគ្នា ជាមួយសមត្ថកិច្ច រហូតចាប់វាយខ្នោះតែម្តង។

តែយ៉ាងណានោះ លោកអធិការរង មិនបានស្គាល់អត្តសញ្ញាណចាស់ទំនើងនេះទេ ហើយក៏មិនដឹងធ្វើការអ្វីដែរ៕