(ភ្នំពេញ)៖ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មាន បំភ្លឺរឿងដែលប៉ុន្មានថ្ងៃនេះ មានការផ្សព្វផ្សាយព័ត៌មានមិនពិតមួយចំនួនតាមបណ្តាញសង្គមដោយចោទ

ប្រកាន់មកលើអាជ្ញាធរមានសមត្ថកិច្ចថាបានប្រើអំពើហិង្សាលើក្រុមបាតុករដែលជាអតីតបុគ្គលិក និង
បុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏។ នេះបេីតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។

សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា ដើម្បីចៀសវាងសាធារណជនមានការភាន់ច្រឡំតាមការផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានមូលដ្ឋាន ត្រឹមត្រូវ និងច្បាស់លាស់ ក្នុងន័យមួលបង្កាច់ចោទប្រកាន់មកលើអាជ្ញាធរមានសមត្ថកិច្ចដែលកំពុងបំពេញភារកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសង្គមនោះ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការបញ្ជាក់ជូនថា កន្លងមកក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ នៅបន្តសន្សំចិត្តមកប្រមូលផ្តុំធ្វើបាតុកម្មខុសច្បាប់តាមទីសាធារណៈដោយមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានជម្រាបជូនជាច្រើន​លើកច្រើនសារ ជាពិសេសសេចក្តីជូនដំណឹងចុងក្រោយចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ ហើយរដ្ឋបាលរាជធានីភ្នំពេញ ក៏នៅបន្តធ្វេីការពន្យល់ណែនាំឱ្យ​បញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះ និងបានអញ្ជើញពួកគាត់ទៅទីលានប្រជាធិបតេយ្យ ដើម្បីធ្វើការសម្តែងមតិ ដោយមិនអនុញ្ញាតឱ្យធ្វើការប្រមូលផ្តុំ​ខុសច្បាប់តាមទីសាធារណៈឡើយ។

អ្វីដែលគួរឱ្យកាន់តែសោកស្តាយនោះគឺ ជាមួយនឹងការអនុវត្តវិធានការរដ្ឋបាល វិធានការច្បាប់និងវិធានការអប់រំជាច្រើនលើកច្រើនសារពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីផ្តល់ឱកាសឱ្យក្រុមបាតុករធ្វើការពិចារណា និងភ្ញាក់រលឹក ក្រុមបាតុករទាំងនោះបែរជាកាន់​តែបន្តបំពានធ្វើសកម្មភាពខុសច្បាប់ជាច្រើន​លើកច្រើនសារបន្តបន្ទាប់ទៀតតាមការរៀបចំរបស់អ្នកដឹកនាំរឿង ដើម្បីកេងចំណេញ រូបភាពបម្រើមហិច្ឆតារបស់ក្រុមខ្លួន រហូតឈានដល់ការបង្កើតឈុតឆាកសម្តែង​ជាជនរងគ្រោះក្រោមរូបភាពផ្សេងៗ ខណៈពេលដែលអាជ្ញាធរមានសមត្ថកិច្ចអញ្ជើញពួកគាត់ឱ្យឡើងរថយន្តទៅធ្វើការសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ ហើយបែរជាចោទប្រកាន់ថាអាជ្ញាធរមានសមត្ថកិច្ចប្រើអំពើហិង្សាលើខ្លួនទៅវិញ។

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ដែលមានខ្លឹមសារទាំងស្រុង៖