(កំពង់ធំ)៖ ដោយសារនៅមានបញ្ហា និងការងារនៅសេសសល់ជាច្រើនដែលត្រូវដោះស្រាយជូនប្រជាជន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងរដ្ឋបាលខេត្តកំពង់ធំ បានឯកភាពគ្នាដាក់ចេញផែនការសកម្មភាព៨ចំណុច ដើម្បីបន្តរួមគ្នាអនុវត្តទិសដៅការងារនៅឆ្នាំ២០២២ និងពេលតទៅមុខទៀត។

ការដាក់ចេញផែនការទាំងនេះត្រូវបានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១
និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ធំ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ព្រមទាំងវត្តមានលោក ទ្រី ប៊ុនហេង អនុរដ្ឋលេខាធិការក្រសូងមហាផ្ទៃ លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងការចូលរួមពីអនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់របស់រដ្ឋបាលខេត្តកំពង់ធំ។

បន្ទាប់ពីស្ដាប់នូវរបាយការណ៍លទ្ធផលអង្គសន្និបាតដែលអានដោយលោកអភិបាលខេត្តរួចមក លោកប្រធាន ថោង ខុន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់នូវគោលការណ៍ណែនាំជាគន្លឹះសំខាន់ៗជាច្រើន រួមមាន៖

* ទី១៖ ការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ៖ អាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ធំ ត្រូវបង្កើនការបង្ការទប់ស្កាត់រាល់សកម្មភាពនានារបស់ក្រុមប្រឆាំងជ្រុលនិយម។ បង្កើនការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បន្តទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាគ្រឿងញៀន។

* ទី២៖ ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ៖ រដ្ឋបាលខេត្តត្រូវបន្តពង្រឹងការគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារដែលបានផ្ទេររួចហើយ
ចាប់ពីថ្នាក់ជាតិប្រកបដោយភាពម្ចាស់ការ និងស្មារតីទទួលខុសត្រូវខ្ពស់។

* ទី៣៖ ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព ការដោះស្រាយវិទាទដីធ្លី និងការពារធម្មជាតិ៖ ដើម្បីធានាដល់ការអភិវឌ្ឍខេត្តកំពង់ធំប្រកបដោយសោភ័ណភាព មានរបៀបរៀបរយល្អ និងមាននិរន្តរភាព រដ្ឋបាលខេត្តកំពង់ធំត្រូវខិតខំបន្តពង្រឹងការគ្រប់គ្រងការសាងសង់សំណង់គ្រប់ប្រភេទ បញ្ហាសំរាម និងសំណល់រឹង បញ្ហាវិវាទដីធ្លី និងការពារធម្មជាតិឲ្យបានត្រឹមត្រូវស្របតាមបទដ្ឋាន បច្ចេកទេស និងអនុវត្តឲ្យបានម៉ឺងម៉ាត់។

* ទី៤៖ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម៖ រដ្ឋបាលខេត្តកំពង់ធំត្រូវបន្តយកចិត្តទុកដាក់គាំទ្រ និងបង្កលក្ខណៈងាយស្រួលដល់សកម្មភាពវិនិយោគកសិផល អាជីវកម្មនានាទូទាំងខេត្ត ជាពិសេសផ្តល់ការគាំទ្រ និងភាពអនុគ្រោះសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម និងកសិឧស្សាហកម្មដែលជាវិស័យអាទិភាពចម្បងរបស់ខេត្ត ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ត្រូវខិតខំពង្រីកប្រព័ន្ធធារាសាស្រ្ត បណ្តាញស្រោចស្រពដំណាំ ការអភិវឌ្ឍបច្ចេកទេសដាំដុះឲ្យទទួលបានទិន្នផលខ្ពស់ និងមានតុល្យភាពស្របតាមតម្រូវការទីផ្សារ ការស្វែងរកទីផ្សារថ្មីៗដែលមានសក្តានុពលបន្ថែមទៀត ព្រមទាំងគិតគូរពីវិធានការនានាដើម្បីជួយការពារតម្លៃកសិផល និងដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋឲ្យមានស្ថិរភាព។

* ទី៥៖ ការរៀបចំប្រព័ន្ធផែនការ និងការពង្រឹងប្រព័ន្ធគណនេយ្យភាពសង្គម៖ រដ្ឋបាលខេត្តកំពង់ធំត្រូវខិតខំបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តនូវប្រព័ន្ធកសាងផែនការអភិវឌ្ឍរយៈពេល៥ឆ្នាំដែលបានរៀបចំ និងដាក់ឲ្យអនុវត្តសម្រាប់ប្រភេទរដ្ឋបាលនីមួយៗ ដែលមានលក្ខណៈបើកចំហ មានតម្លាភាព មានការពិគ្រោះយោបល់ មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងស្របទៅតាមចរិតលក្ខណៈរបស់រដ្ឋបាលនីមួយៗ។

* ទី៦៖ ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន៖ រដ្ឋបាលខេត្តត្រូវខិតខំសម្របសម្រួល និងពង្រឹងការផ្តល់សេវាតាមអង្គភាពច្រកចេញចូលតែមួយនៅសាលាខេត្ត ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋមកទទួលសេវានៅកន្លែងតែមួយ ព្រមទាំងពិនិត្យ តាមដាន និងគាំទ្រដល់ដំណើរការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលក្រុង-ស្រុក ដើម្បីធានាថាការផ្តល់សេវារដ្ឋបាលទាំងនេះ ដំណើរការប្រកបដោយតម្លាភាព និងគណនេយ្យភាព។

* ទី៧៖ ការប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងជំងឺកូវីដ-១៩៖ រដ្ឋបាលគ្រប់ថ្នាក់នៃខេត្តកំពង់ធំ មន្ទីរជំនាញ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តការបង្កើនល្បឿននៃការចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញជូនប្រជាពលរដ្ឋ និងការចាក់វ៉ាក់សាំងដល់កុមារអាយុពី៣ឆ្នាំដល់៥ឆ្នាំ។ អប់រំនិងផ្សព្វផ្សាយជាប់ជាប្រចាំនូវការអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ។

* ទី៨៖ ការពង្រឹងរបៀបរបបការងារ៖ ដើម្បីសម្រេចបាននូវកិច្ចការសំខាន់ៗខាងលើ ថ្នាក់ដឹកនាំរដ្ឋបាលគ្រប់ថ្នាក់ត្រូវពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារ សាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ក្នុងនោះប្រធានក្រុមប្រឹក្សា និងអភិបាលខេត្ត ក្រុង-ស្រុក ត្រូវបង្កើនការពង្រឹង និងគ្រប់គ្រងបុគ្គលិក មន្រ្តីរាជការឲ្យបានគត់ម៉ត់។

ទាក់ទងនឹងបញ្ហាដីនៅតំបន់២ និងតំបន់៣ ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ លោក ថោង ខុន បានណែនាំបន្ថែមដូចខាងក្រោម៖

* ចំពោះសំណើសុំកាត់ឆ្វៀលដីនៅតំបន់២មកតំបន់១ រដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធត្រូវអនុវត្តតាមការណែនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក្នុងកិច្ចប្រជុំតាម Online កាលពីថ្ងៃទី១០ ខែមីនា និងលិខិតរបស់អាជ្ញាធរទន្លេសាបលេខ០៣៣ អទស ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ដែលបានបញ្ជាក់ច្បាស់ថា ចំពោះសំណើសុំកាត់ឆ្វៀលដីពីតំបន់២មកតំបន់១របស់រដ្ឋបាលខេត្តកំពង់ធំនេះ ក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរទន្លេសាប ពុំមានយោបល់យល់ទាស់ទេ ព្រោះជាតំបន់២ជាតំបន់អាស្រ័យផល និងពុំមែនជាតំបន់ហាមឃាត់នោះទេ។

* ចំពោះការងារឆ្វៀលដីនៅតំបន់៣នៅភូមិគោកត្របែក ស្រុកតាំងគោគ ខេត្តកំពង់ធំ និងនៅតំបន់ផ្សេងៗទៀត រដ្ឋបាលខេត្ត និងមន្រ្តីជំនាញត្រូវបន្អអនុវត្តន៍តាមស្មារតី សជណ ១០០៣ ១០៤៤ និង ៧០៥ ដោយត្រូវចុះពិនិត្យ វាស់វែង និងកំណត់អត្តសញ្ញាណជាក់ស្តែងឲ្យបានច្បាស់លាស់ថែមទៀត រួចហើយធ្វើជាសំណើគោរពជូនលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យណែនាំ និងរាយការណ៍ គោរពសុំការសម្រេចពីរាជរដ្ឋាភិបាល៕