(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ លោក ព្រុំ សុខា រដ្ឋមន្ត្រីនៃក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំ ឆ្នាំ២០២០-២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២ របស់ក្រសួងមុខងារសាធារណៈ។

ពិធីនេះបានប្រព្រឹត្តទៅរយៈពេលមួយថ្ងៃកន្លះ ចាប់ពីថ្ងៃទី២៣ ដល់ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នៅសាលាភូមិន្ទរដ្ឋបាល ដែលមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីសំណាក់ លោក លោកស្រី ជារដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង សា្ថប័ន និង រាជធានី ខេត្ត និងជាអនុប្រធាន និង សមាជិកគណៈកម្មាធិការកែទម្រង់រដ្ឋបាល សាធារណៈ ព្រមទាំងអស់លោក លោកស្រី ទីប្រឹក្សាក្រសួង ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញអង្គភាពក្រោមឱវាទ និង មន្ទីរមុខងារសាធារណៈរាជធានី ខេត្ត សរុបចំនួនប្រមាណ៣៦០នាក់។

ថ្លែងមតិក្នុងពិធីនេះ លោករដ្ឋមន្រ្តី ព្រុំ សុខា បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ និង សមាជិក ក្រុមការងារទាំងអស់របស់ក្រសួងមុខងារសាធារណៈ ដែលបានចូលរួមរៀបចំ សន្និបាតនៅពេលនេះ ឱ្យប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ខិតខំ ប្រតិបត្តវិធានសុខាភិបាលតាមគន្លងប្រក្រតីភាពថ្មី ក្នុង បរិបទនៃជំងឺកូវីដ-១៩ ។

ទោះបីត្រូវរងផលប៉ះពាល់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ លោករដ្ឋមន្រ្តីបានបង្ហាញថា រយៈពេល ២ឆ្នាំ ២០២០ និង២០២១ កន្លងទៅនេះលើវិស័យ មុខងារសាធារណៈ សម្រេចបាននូវសមិទ្ធផលសំខាន់ៗគួរឱ្យកត់សម្គាល់ដូចខាងក្រោម៖

១៖ ការពុះពាររក្សាបាននូវប្រក្រត្រីភាពការងាររបស់មន្រ្តីរាជការ រួមចំណែកដល់ដំណើរការ ឥតអាក់នៃយន្តការរដ្ឋបាលសាធារណៈគ្រប់ផ្នែក គ្រប់ថ្នាក់ ជាពិសេសការគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ ដើម្បីធានាការបើកប្រាក់បៀវត្សបានទៀងទាត់ ។

២៖ ទន្ទឹមនឹងការចូលរួមចំណែកជាមួយកម្មវិធីកំណែទម្រង់លើវិស័យអាទិភាពដទៃទៀត យើងបានបន្តជំរុញអនុវត្តកម្មវិធីកែទម្រង់រដ្ឋបាល សាធារណៈ មានជាអាទិ៍៖ ការកែសម្រួលគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ, ការពិនិត្យ កែសម្រួលតួនាទី និងភារកិច្ច រចនាសម្ព័ន្ធអង្គភាព ចំណុះក្រសួងមុខងារសាធារណៈ, ការរួមគ្នាពិភាក្សា ពិនិត្យសម្រេចលើសំណើសុំកែសម្រួល បំពេញបន្ថែមរចនាសម្ព័ន្ធអង្គភាពចំណុះ និងតម្រូវការក្របខ័ណ្ឌ, ការពង្រឹងកិច្ចការនីតិកម្ម, ការជំរុញ លើកកម្ពស់គុណភាពនៃការប្រឡងជ្រើសរើស មន្រ្តីរាជការតាមក្រសួងស្ថាប័ន ផ្អែកលើមូលដ្ឋាននៃគោលការណ៍គុណាធិបតេយ្យ , ការបន្តរៀបចំ វគ្គបណ្តុះបណ្តាលកសាង និងអភិវឌ្ឍសមត្ថភាព មន្រ្តីរាជការ និងការពុះពារអភិវឌ្ឍផ្នែកសូហ្វវែរ (Software) ធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យ មន្ត្រីរាជការ។

៣៖ ការអនុវត្តរបត់នៃការរស់នៅ និងបំពេញការងាររបស់មន្ត្រីរាជការក្នុងគន្លងប្រក្រតីភាពថ្មីនៃបរិបទកូវីដ-១៩ ដើម្បីចូលរួមចលនាជាតិប្រយុទ្ធ ទប់ស្កាត់គ្រប់គ្រងជំងឺកូវីដ-១៩ ដូចជា៖ ការអនុវត្ត ម៉ឺងម៉ាត់វិធានការសុខាភិបាល «៣ការពារ ៣កុំ» ការចាក់វ៉ាក់សាំងការពារបានគ្រប់ៗគ្នា ការស្ម័គ្រ ចិត្តបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនដល់មូលនិធិកូវីដ-១៩ ការចូលរួមចំណែកសន្សំសំចៃថវិកា និង មធ្យោបាយបំពេញការងារ ។ល។

៤៖ ក្រៅពីការងារស្នូល មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់បានខិតខំចំណាយពេលវេលាក្រៅម៉ោងធ្វើការ និង មធ្យោបាយផ្ទាល់ខ្លួន ដើម្បីចុះបំពេញការងារតាមមូលដ្ឋានស្វែងយល់ពីស្ថានភាពជាក់ស្តែង និង ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់ កាលទី៤របស់រាជរដ្ឋាភិបាល។

៥៖ ការរក្សាទំនាក់ទំនងអន្តរជាតិ ឆ្លៀតពង្រឹងកិច្ចសហការដើម្បីបន្តរួមចំណែកអភិវឌ្ឍសមត្ថភាព ស្ថាប័ន និង ធនធានមនុស្ស ។

សមិទ្ធផលទាំងនេះអាចសម្រេចទៅបានអាស្រ័យកត្តាសំខាន់ៗដូចខាងក្រោម៖

ទី១៖ ការដឹកនាំដោយផ្ទាល់ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើវិស័យមុខងារសាធារណៈ។

ទី២៖ កិច្ចសហការល្អពីក្រសួង ស្ថាប័ន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រងមុខងារសាធារណៈ។

ទី៣៖ ស្មារតីបំពេញការងារ និងការទទួលខុសត្រូវរបស់មន្ត្រីរាជការទូរទាំងប្រទេស និងដោយឡែករបស់ក្រសួងមុខងារសាធារណៈ ពិសេសក្នុងកាលៈទេសៈនៃការប្រឈមផលវិបាកបង្កដោយជំងឺកូវីដ-១៩។

ទន្ទឹមនឹងជោគជ័យដែលសម្រេចបានកន្លងមក លោករដ្ឋមន្ត្រីព្រុំ សុខា ក៏បានរំលេចនូវបញ្ហា ប្រឈម និងកិច្ចការមួយចំនួនដែលទាមទារត្រូវ ដោះស្រាយបន្តទៅទៀត ដើម្បីលើក កម្ពស់គុណភាពការងារគ្រប់គ្រងមុខងារសាធារណៈ។

ជាទិសដៅសម្រាប់ឆ្នាំ២០២២ លោករដ្ឋមន្រ្តីបាន កំណត់នូវបេសកកម្មជាអាទិភាពទាំង៤ ដែលត្រូវពុះពារសម្រេចឱ្យបានដូចខាងក្រោម៖

ទី១៖ ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និង សមធម៌

ទី២៖ ការពង្រឹងសមត្ថភាពស្ថាប័ន និង គុណភាពមន្រ្តីរាជការប្រកបដោយមនសិការវិជ្ជាជីវៈ

ទី៣៖ ការលើកកម្ពស់គុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ និង

ទី៤៖ ការអភិវឌ្ឍ និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យវិស័យមុខងារសាធារណៈ៕