(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ បានប្រជុំពិនិត្យ និងសម្រេចលើឯកសារសម្រាប់ប្រើប្រាស់ផ្សព្វផ្សាយក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ និងប្រតិទិន និងផែនការមេសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។

តាមសេក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី២៣ ខេមីនា ឆ្នាំ២០២២នេះ បានឱ្យដឹងថា កិច្ចប្រជុំនេះបានធ្វើឡើង ក្រោមអធិបតីភាព លោក ប្រាជ្ញ ចន្ទ ប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

ឯកសារដែល គ.ជ.ប ពិនិត្យ និងសម្រេចនេះ រួមមាន៖

* ការផ្សព្វផ្សាយខិត្តប័ណ្ណ ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិ។

* សេចក្តីអំពាវនាវរបស់ គ.ជ.ប ចំពោះប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ផ្លូវការឆ្នាំ២០២១ ចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

ឯកសារផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោត រួមមាន៖

*ខ្លឹមសារ Poster គំរូឯកសារផ្លូវការប្រើប្រាស់សម្រាប់ការបោះឆ្នោត
*ខ្លឹមសារ Poster គំរូសន្លឹកឆ្នោតមិនបានការ
*ខ្លឹមសារ ខិត្តប័ណ្ណស្តីពីការបោះឆ្នោតដោយសម្ងាត់ សេរី យុត្តិធម៌ និងតម្លាភាព
*ខ្លឹមសារ សៀវភៅផ្នត់ និង Sticker សារអប់រំ
*ខ្លឹមសារស្ប៉តអប់រំសម្រាប់ផ្សាយតាមវិទ្យុ ស្ប៉តវីដេអូ និងចម្រៀងកាយវិការសម្រាប់ផ្សាយតាមទូរទស្សន៍។
*សេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការសម្របសម្រួលកម្មវិធីផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោត និងផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្ស នយោបាយ។
*គោលការណ៍កំណត់កាលបរិច្ឆេទនៃការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការ បោះឆ្នោត (ឯ.អ) ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
*សេចក្តីសម្រេចប្រតិទិន និងផែនការមេនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០២២។

បន្ទាប់ពី គ.ជ.ប បានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារទាំងអស់ខាងលើរួចមក គ.ជ.ប បានសម្រេចឱ្យអង្គភាពជំនាញធ្វើការកែសម្រួលតាមស្មារតីនៃអង្គប្រជុំ គ.ជ.ប សម្រាប់ផ្សព្វផ្សាយក្នុងដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ និងសម្រាប់អនុវត្តការងារក្នុងដំណាក់កាលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២៕