(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ បានសម្តែងការហួសចិត្តនឹងក្រសួងស្ថាប័នមួយចំនួន តែងតែទាមទារអំណាចពីនាយករដ្ឋមន្ត្រី សម្រាប់ស្ថាប័នដែលខ្លួនកាន់កាប់ ប៉ុន្តែនៅពេលដែលប្រគល់អំណាចឲ្យ បែរជាមិនព្រមអនុវត្តន៍ទៅវិញ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រៀបធៀបអំណាចដែលប្រគល់ជូនតាមក្រសួងស្ថាប័នដូចទៅនឹងដាវ នៅពេលដែលសម្តេចប្រគល់ដាវឲ្យ បែរជាមិនព្រមកាប់ ប្រគល់ត្រឡប់មកឲ្យសម្តេចជាអ្នកកាប់ជំនួសវិញ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះ បន្ទាប់ពីងឿងឆ្ងល់ចំពោះក្រសួងស្ថាប័ន្ថពាក់ព័ន្ធ រួមទាំងអាជ្ញាធរថ្នាក់ក្រោមជាតិ ដែលគ្រប់គ្រងធនធានធម្មជាតិទន្លេសាប បានបណ្តែតបណ្តោយឲ្យកើតមានបទល្មើស បំផ្លាញធនធានធម្មជាតិ និងមច្ឆាជាតិ ហិនហោចគួរឲ្យបារម្ភ។

ថ្លែងក្នុងពិធីបិទសន្និបាត បូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារ ឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំនៅតែនិយាយដដែលៗ បើនិយាយពីពេលធ្វើអនុក្រឹត្យក្រសួងណាក៏ទារយកអំណាចដែរ [...] អំណាចសម្រាប់ក្រសួងរបស់ខ្លួន បានសេចក្តីថា ទារដាវពីនាយករដ្ឋមន្ត្រី ដល់ពេលនាយករដ្ឋមន្ត្រីឲ្យដាវ ពេលត្រូវកាប់ប្រគល់ឲ្យនាយករដ្ឋមន្ត្រីកាប់វិញ»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលធ្វើការផ្ទេរអំណាច កាន់តែច្រើនដល់ថ្នាក់ក្រោមជាតិ (ថ្នាក់ខេត្ត) ដូច្នេះបណ្តាខេត្តទាំងអស់ត្រូវ ឲ្យអនុវត្តន៍អំណាចទាំងនោះ ដោយការទទួលខុសត្រូវ។ ដោយសម្តេចបានចោទសួរថា «យើងបានផ្ទេរអំណាចកាន់តែច្រើនដល់ខេត្ត តែបើខេត្តមិនចេះទទួលខុសត្រូវ តើយកអំណាចទៅធ្វើអ្វី?»

ជុំវិញការបង្ក្រាបបទល្មើសបំផ្លាញធនធានធម្មជាតិ ក្នុងបឹងទន្លេសាបនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ កម្លាំងកងអាវុធហត្ថ នគរបាលជាតិ និងកងទ័ព ព្រមទាំងអាជ្ញាធរខេត្ត ត្រូវបង្ក្រាប និងលុបបំបាត់បទល្មើសនេសាទ នៅលើបឹងទន្លេសាបទាំងអស់។ បើបង្ក្រាបពួកប្រព្រឹត្តបទល្មើសនេសាទមិនបាន មិនបាច់ធ្វើអភិបាលខេត្ត រដ្ឋមន្ត្រី មេនគរបាល និងមេទាហាននោះទេ៕