(ភ្នំពេញ)៖ ថ្លែងចេញពីក្រសួងកសិកម្ម នៅក្នុងពិធីបិទនិងបូកសរុបការងាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតសរសើរដល់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានដឹកនាំក្រុមការងារចុះបង្ក្រាបបានយ៉ាងល្អ ក្នុងករណីទន្ទ្រានក្នុងដែនព្រៃលិចទីកនៃតំបន់ទន្លេសាប និងបានដកហូតដីលិចផ្ទេរចូលរដ្ឋវិញបានជាង៦ម៉ឺនហិកតា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ខ្ញុំសូមកោតសរសើរជាមួយនឹងការខិតខំរបស់ថ្នាក់ដឹកនាំតាមស្ថាប័ននានា ក៏ដូចជាអាជ្ញាធរខេត្តនៅតាមបឹងទន្លេសាប ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែលកន្លងទៅបានប្រឹងប្រែង ព្រោះទន្លេសាបរបស់យើងត្រូវបានកាត់បន្ថយទំហំរហូតដល់ជាង ៦ម៉ឺនហិកតា»

ជាមួយនឹងការកោតសរសើរនេះ, សម្តេចតេជោ ហ៊ុន សែន ក៏បានចោទសួរទៅកាន់ចៅហ្វាយខេត្តជុំវិញទន្លេសាបដែរថាតើ «គេធ្វើអីគេបានជាបណ្តោយឱ្យប្រជាជន ចុះកាប់ព្រៃ ក្នុងព្រៃលិចទឹកចេះតែបន្តអត់មានពេលឈប់»

សម្តេចតេជោ បានបញ្ជាក់ទៀតថា ជុំវិញបញ្ហាដីព្រៃលិចទឹកនេះ បើសិនជារដ្ឋមិនមានវិធានការប្រមូលដីមកវិញនោះ គឺមិនអាចយកមកវិញបាននោះទេ ហើយទោះបីជា ពេលចេញបទបញ្ជារទៅ បានធ្វើឱ្យប្រជាពលរដ្ឋមានការលំបាកតែនេះជាផលប្រយោជន៍របស់ជាតិ ហើយបើសិនជាបណ្តោយពីមួយឆ្នាំទៅបន្តិចមួយឆ្នាំ ដីទន្លេសាប នឹងមិននៅសល់ប៉ុន្មាននោះទេ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ចំពោះបញ្ហាដីព្រៃលិចទឹកនេះ គឺបានរំសាយបញ្ចប់ហើយ បន្ទាប់ពីរដ្ឋាភិបាលបានសម្រួលកន្លែងខ្លះទៅលើបន្ទាត់ផែនទី តំបន់២ នៅខេត្តកំពង់ធំ នឹងក្រៅពីនោះចំពោះដីលិចទឹកនោះបានផ្ទេរចូលរដ្ឋវិញចំនួនជាង ៦ម៉ឺនហិកតា ហើយផ្ទៃដីទាំងនេះគឺជាគោលដៅក្នុងការដាំកូនលើឡើងវិញ សម្រាប់ផ្ទៃដីលិចទឹក ។

សូមរលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និង បង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំងតែម្តង។

បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីរាជបណ្ឌិត្យសភាកម្ពុជាដឹកនាំដោយ លោកបណ្ឌិត សុខ ទូច បានចុះសិក្សាស្រាវជ្រាវនៅបឹងទន្លេសាប ដែលរកឃើញអំពីបញ្ហាកាប់ឈើ និងទន្ទ្រានយកដីព្រៃលិចទឹកយ៉ាងអនាធិបតេយ្យ គួរឱ្យព្រួយបារម្ភ ជាពិសេសខេត្តកំពង់ឆ្នាំង និងត្រូវមានការដោះស្រាយជាបន្ទាន់។

ជាមួយគ្នានោះលោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក៏បានចេញសេចក្តីសម្រេចមួយបង្កើតក្រុមការងារចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ ទន្លេសាប ស្ថិតនៅខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ ភ្លាមៗផងដែរ៕