(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ បានរៀបចំប្រារព្ធសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ លោក ហួត វុទ្ធី អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ លោក វ៉េង ប៊ុនធឿន អនុប្រធានសាលាឧទ្ធរណ៍ និងលោក ទុំ សោភ័ណ អគ្គលេខាធិការ ដោយមានការចូលរួមពី ប្រធាន ព្រះរាជអាជ្ញា នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តទាំង០៨ ដែលស្ថិតនៅក្រោមដែនសមត្ថកិច្ច តាមប្រព័ន្ធ VIDEO CONFERENCE(ZOOM) លោក-លោកស្រី ចៅក្រម ព្រះរាជអាជ្ញា អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន ប្រធានលេខាធិការដ្ឋាន និង អ្នកពាក់ព័ន្ធផងដែរ ។

នាឱកាសនោះ លោក ហួត វុទ្ធី អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានថ្លែងថា «ឆ្នាំនេះជាលើកដំបូងដែលសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានសម្រេចរៀបចំពិធីសន្និបាតបូកសរុប និងលើកទិសដៅសម្រាប់ឆ្នាំបន្ទាប់ ដើម្បីពិនិត្យការងារបច្ចេកទេស និងកិច្ចការរដ្ឋបាល ក្រៅពីនោះ អ្វីដែលជាចំណុចសំខាន់នៃអង្គសន្និបាត គឺស្នើឲ្យ លោក-លោកស្រី លើកនូវបញ្ហាប្រឈមដែលកើតឡើងកន្លងមក ដែលមិនទាន់ស៊ីសង្វាក់គ្នានៅឡើយជាមួយស្ថាប័នដែលពាក់ព័ន្ធ»។

លោកអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ ក៏បានថ្លែងការកោតសរសើរដល់ លោក-លោកស្រី ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្ត្រីអគ្គលេខាធិការដ្ឋាន និងអង្គភាពពាក់ព័ន្ធ ចំពោះការផ្តល់កិច្ចសហការ ប្រកបដោយការទទួល ខុសត្រូវខ្ពស់ អស់រយៈពេលជិត ០២ឆ្នាំមកនេះ ចាប់ពីការបង្កើតសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំក្នុងបុព្វហេតុបម្រើការងារវិស័យយុត្តិធម៌ជូនប្រជាពលរដ្ឋ។

តមកលោក ទុំ សោភ័ណ អគ្គលេខាធិការសាលាឧទ្ធរណ៍ត្បូងឃ្មុំ ក៏បានអាននូវរបាយការណ៍សង្ខេបក្នុងឆ្នាំ២០២១ ដែលបានអនុវត្តនាពេលកន្លងមក ដោយមានកិច្ចពិភាក្សាអំពីរបាយការណ៍សង្ខេប និងមានការសម្របសម្រួល ពីសំណាក់ លោកប្រធាន និងលោកអគ្គព្រះរាជអាជ្ញា ជាងនេះទៀតក៏មានការចែករំលែកបទពិសោធន៍ អំពីវិធានការណ៍ការដោះស្រាយការកកស្ទះសំណុំរឿងរបស់សាលាដំបូងខេត្តកំពង់ចាម និងសាលាដំបូងខេត្តត្បូងឃ្មុំ ជាមួយកិច្ចពិភាក្សា មានជា សំណួរ-ចម្លើយ ក្រោមប្រធានបទ «ការផ្តល់សេវាយុត្តិធម៌ប្រកបដោយភាពឆាប់រហ័ស ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ» ដែលមានការលើកចោទសួរពីលោក ប្រធានសាលាដំបូងខេត្ត និងឆ្លើយតបដោយ លោក ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ ដែលជាធាតុចូលដ៏សំខាន់សម្រាប់ប្រព័ន្ធតុលាការ។

សូមបញ្ជាក់ថា កិច្ចពិភាក្សាសំណួរ-ចម្លើយ លោកប្រធានសាលាដំបូងខេត្ត បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួន បញ្ហាដែនសមត្ថកិច្ចនៃការដោះស្រាយសំណុំរឿងក្តីទាំងរឿងក្តីព្រហ្មទណ្ឌ និងរឿងក្តីរដ្ឋប្បវេណី ដោយទទួលបានការបកស្រាយពី រកដំណោះស្រាយពី លោកប្រធានសាលាឧទ្ធរណ៍។

ថ្លែងបិទអង្គសន្និបាត លោក ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានមានប្រសាសន៏លើកឡើងអំពីលទ្ធផលដែលសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ សម្រេចបាននាពេលកន្លងមក ពិតជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ព្រមជាមួយនឹងកិច្ចពិភាក្សាផ្លាស់ប្តូរមតិយោបល់គ្នាទៅវិញទៅមកដើម្បីរកធាតុចូលនូវចំណុចថ្មីៗបន្ថែមទៀត នូវចំណុចខ្លាំង និងចំណុចខ្សោយរបស់ស្ថាប័ន។

លោកប្រធានសាលាឧទ្ធរណ៍ បានណែនាំបន្ថែមទៅដល់ក្រឡាបញ្ជីគ្រប់រូប ក្នុងស្ថាប័នសាលាឧទ្ធរណ៍ និងមហាអយ្យការ សូមបន្តខិតខំប្រឹងប្រែង ដោយប្តេជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមការអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានសកម្ម។

លោក ម៉ុង មុនីចរិយា ក៏បានសំដែងការកោតសរសើរ ដល់មន្ត្រីទាំងអស់នៅក្នុងស្ថាប័នសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន សម្រេចបាននូវលទ្ធផល និង សមិទ្ធផល ថ្មីៗបន្ថែមទៀត មានដូចជាការដាក់ឱ្យដំណើរការនូវគេហទំព័ររបស់សាលាឧទ្ធរណ៍ ក៏ដូចជាហ្វេសប៊ុកផេគ ការរៀបចំបន្ទប់បំពេញការងារ បន្ទប់សាលសវនាការ ការចូលរួមរៀបចំសួនច្បារ ការរក្សាអនាម័យក្នុងបរិវេណអគារ បានល្អស្អាតគួរជាទីមោទន និងប្រកាសបិទអង្គសន្និបាត បូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ប្រកបដោយបរិយាកាសរីករាយ៕