(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកសវនាការជាសាធារណៈ ដើម្បីជំនុំជម្រះលើបណ្ដឹងសំណុំរឿងលេខ ០៧១ ដល់លេខ ០៧៥ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទីព្រឹក នៅទីស្ដីការ គ.ជ.ប។

គ.ជ.ប បានបញ្ជាក់ដែរថា សមាសភាពក្រុមប្រឹក្សាជំនុំជម្រះមានលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ជាប្រធានលោក នុត សុខុម អនុប្រធាន គ.ជ.ប និងសមាជិក គ.ជ.ប ចំនួន ៧រូបទៀត ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ។

សូមជម្រាបជូនថា ពាក្យបណ្តឹងទាំងអស់ខាងលើនេះ មានកម្មវត្ថុប្ដឹងតវ៉ានឹងសេចក្ដីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម លើពាក្យសុំចុះបញ្ជីបេក្ខជនរបស់គណបក្សភ្លើងទៀន នៅឃុំចំការអណ្ដូង ស្រុកចំការលើ និងសង្កាត់វាលវង់ សង្កាត់កំពង់ចាម សង្កាត់បឹងកុក និងសង្កាត់សំបួរមាស ក្រុងកំពង់ចាម នៃខេត្តកំពង់ចាម ដែលមានដើមបណ្ដឹងឈ្មោះ វ៉ាត់ ធារិត រស់នៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម៕