(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារ ឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងផងដែរថា បច្ចុប្បន្នវិស័យកសិកម្មកម្ពុជា គឺជាវិស័យអាទិភាពដែលធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ និងការនាំចេញដែលចាំបាច់ត្រូវវិយោគបន្ថែម លើការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត គាំទ្រ វិស័យកសិកម្ម ប្រព័ន្ធធារាសាស្ត្រ ផ្លូវដឹកជញ្ជូន និងឡូជីស្ទីក ឥណទានកសិកម្ម ការស្រាវជ្រាវ និងអភិវឌ្ឍប្រភេទពូជថ្មីៗ ការផ្សព្វផ្សាយបច្ចេកទេសទំនើប។

ជាមួយនេះ រាជរដ្ឋាភិបាលបាន ផ្តល់អាទិភាពចំពោះការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០២១-២០៣០ ដែលគ្រោងដាក់ឱ្យអនុវត្តនាពេលដ៏ខ្លីខាងមុខ និងស្នើឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់តួអង្គពាក់ព័ន្ធទាំងវិស័យសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍ ដោយត្រូវធ្វើសមារណកម្មឱ្យកៀកទៅនឹងផលិតករ សហគមន៍កសិកម្មនៅមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងឡាយ ដែលបាន និងកំពុងជួបប្រទះ។

ដើម្បីបន្តជំរុញការអភិវឌ្ឍវិស័យកសិកម្ម ឱ្យមានលក្ខណៈទំនើប ឆ្លើយតបទៅនឹងបរិការណ៍ប្រែប្រួលសេដ្ឋកិច្ចក្នុងតំបន់ ព្រមទាំងវិបត្តិសកលពីជំងឺកូវី-១៩ ធានាចីរភាពផលិតផលសរុបក្នុងស្រុក ជាពិសេសកែប្រែឥរិយាបថប្រជាកសិករពី «ការធ្វើកសិកម្មដើម្បីចិញ្ចឹមឆ្នាំង» ទៅជា «ការធ្វើកសិកម្មសម្រាប់ពាណិជ្ជកម្ម» គឺ «ការប្រែក្លាយកសិករទៅជាកសិសហគ្រិន», ក្នុងនាមរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន សូមផ្តល់នូវអនុសាសន៍ សម្រាប់អនុវត្តបន្តរួមមាន៖

ទី១៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថាប័នពាក់ព័ន្ធនានាត្រូវខិតខំអនុវត្ត «គោលយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០២១-២០៣០» ក្រោមកិច្ចសម្របសម្រួល ពីគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីប្រែក្លាយកសិកម្មកម្ពុជា ជាកសិកម្មទំនើប មានលក្ខណ:ប្រកួតប្រជែងបរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងមានចីរភាព។ ជាមួយគ្នានេះ គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវរៀបចំផែនការសកម្មភាពដើម្បីអនុវត្ត «ក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតី-ភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣»។

ទី២៖ លើកកម្ពស់ផលិតកម្មដំណាំ ដែលមានសក្តានុពល និងតម្រូវការទីផ្សារ តាមរយ:ការជំរុញឧស្សាហកម្មពូជដំណាំ ពង្រឹងការត្រួតពិនិត្យ និងបញ្ជាក់គុណភាពពូជដំណាំ និងធាតុចូលកសិកម្ម ការផ្តល់សេវាបច្ចេកទេសកសិកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យាកសិកម្មថ្មីៗ ពង្រឹងសមត្ថភាពសហគមន៍កសិកម្មឱ្យមានលក្ខណៈជាអាជីព កែលម្អសមត្ថភាពកសិដ្ឋានស្ថានីយពិសោធន៍ និងប្រែក្លាយមជ្ឈមណ្ឌល អភិវឌ្ឍកសិកម្មទៅជា «មជ្ឈមណ្ឌលឧត្តមភាពកសិកម្ម» សម្រាប់ផ្សព្វផ្សាយបចេ្ចកទេសកសិកម្ម ឱ្យបានទូលំទូលាយទូទាំងប្រទេស ។

ទី៣៖ ត្រូវបន្តបង្កើនផលិតភាពដំណាំកៅស៊ូធម្មជាតិ ពង្រឹង និងពង្រីកសហគមន៍កសិករកៅស៊ូគ្រួសារ ដើម្បីបង្កើនកាលានុវត្តភាព ក្នុងការការពារផលប្រយោជន៍កសិករ ជំរុញវិនិយោគលើការកែច្នៃផលិតផលកៅស៊ូ ដើម្បីបង្កើនតម្លៃបន្ថែម ត្រួតពិនិត្យការនាំចេញខុសច្បាប់នូវជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃ ព្រមទាំងជំរុញការអនុវត្តផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍កៅស៊ូធម្មជាតិឆ្នាំ ២០៣០ សំដៅពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍដំណាំកៅស៊ូកម្ពុជា ប្រកបដោយចីរភាព ។

ទី៤៖ ត្រូវពង្រឹងការអនុវត្តវិធានការការពារដំណាំ និងជំរុញការអនុវត្ត «ច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ» ដូច្នេះគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត សមត្ថកិច្ចគយ និងរដ្ឋាករនៅច្រកព្រំដែន ត្រូវសហការជាមួយជំនាញអនាម័យ និងភូតគាមអនាម័យ ជំរុញការចុះហត្ថលេខាលើពិធីសារអនាម័យ និងភូតគាមអនាម័យ សម្រាប់នាំចេញផលិតផលកសិកម្ម ដែលមានតម្រូវការទីផ្សារ និងត្រូវពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ត្រួតពិនិត្យគុណភាព សុវត្ថិភាពកសិផល និងធាតុចូលកសិកម្ម ស្របតាមស្តង់ដារជាតិ និងអន្តរជាតិ។

ទី៥៖ ត្រូវបន្តយកចិត្តទុកដាក់កសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ខ្សែច្រវាក់ផលិតកម្មសត្វសំខាន់ៗ សំដៅធ្វើឱ្យប្រសើរឡើងនូវ ផលិតភាពនៃផលិតកម្មសត្វ បង្កើនវិនិយោគលើការរៀបចំ បង្កើតមជ្ឈមណ្ឌលបង្កាត់ពូជគោ ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ វិភាគ ជំងឺសត្វ បង្កើតស្ថានីយចត្តាឡីស័ក និងរៀបចំមជ្ឈមណ្ឌលផលិត វ៉ាក់សាំងសត្វ ជាមួយនឹងការលើកទឹកចិត្តវិស័យឯកជន ដើម្បី វិនិយោគបន្ថែមទៀត នូវរោងចក្រផលិតចំណីសត្វ ដើម្បីកាត់បន្ថយការនាំចូលចំណីសត្វផ្សំរួចពីបរទេស ។

ទី៦៖ ត្រូវបន្តជំរុញ និងលើកកម្ពស់ការអភិវឌ្ឍវារីវប្បកម្មគ្រប់រូបភាព ប្រកបដោយប្រសិទ្ធភាពស្របតាម «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វារីវប្បកម្មឆ្នាំ ២០១៦-២០៣០» ដើម្បីធានាបាននូវការផ្គត់ផ្គង់សាច់ត្រីក្នុងស្រុក និងនាំចេញប្រកបដោយគុណភាព សុវត្ថិភាព និងរក្សាបានការប្រកួតប្រជែងតម្លៃទីផ្សារ។ ត្រូវពង្រឹងសមត្ថភាពសហគមន៍នេសាទ ឱ្យក្លាយជាសហគមន៍នេសាទគ្មាន បទល្មើសជលផល។ ត្រូវពង្រឹងការគ្រប់គ្រង និងការពារកន្លែងអភិរក្សជលផល ត្រូវថែរក្សាការពារព្រៃលិចទឹក និងព្រៃកោងកាងឱ្យបានគង់វង្ស និងត្រូវមានវិធានការប្រកបដោយតម្លាភាព រាល់ការធ្វើពាណិជ្ជកម្មខុសច្បាប់ ប្រភេទធនធានជលផល។ ត្រូវបញ្ចប់ការរៀបចំវិសោធនកម្មច្បាប់ ស្តីពីជលផល ដើម្បីពង្រឹងការគ្រប់គ្រង និងអនុវត្តអនុវិស័យជលផល និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងការនេសាទល្មើសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត។

ទី៧៖ ត្រូវបន្តពង្រឹង និងពង្រីកសហគមន៍ព្រៃឈើ តាមរយៈប្រព័ន្ធកសិរុក្ខកម្ម និងការចិញ្ចឹមសត្វ ការគ្រប់គ្រងធនធានព្រៃឈើ និងសត្វព្រៃ ការស្តារព្រៃឈើឡើងវិញ ការបន្តធ្វើវិសោធនកម្មច្បាប់ ស្តីពីព្រៃឈើជាមួយនឹងការចូលរួមគាំទ្រការធានា ចីរភាពបរិស្ថានស្របតាមគោលការណ៍ «អភិវឌ្ឍបៃតង» ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ សំដៅកាត់បន្ថយផលអវិជ្ជមានជាអតិបរមា មកលើកំណើនសេដ្ឋកិច្ច និងជីវភាពសង្គម។

ទី៨៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសគណៈបញ្ជាការឯកភាពរាជធានី ខេត្ត ត្រូវរួមសហការស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើ ជលផល និងការកាប់រានដុតឈូសឆាយដីព្រៃឈើ ព្រៃលិចទឹកតាមគ្រប់រូបភាព ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ។ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ត្រូវចេះយោគយល់ សម្របសម្រួល និងសហការគ្នាជិតស្និទ្ធ ដើម្បីប្រសិទ្ធភាពការងារក្រសួងសាមី និងរាជរដ្ឋាភិបាល ។

ទី៩៖ ត្រូវលើកកម្ពស់ការចូលរួមវិនិយោគពីវិស័យឯកជន ក្នុងគ្រប់ខ្សែច្រវាក់តម្លៃកសិកម្ម បង្កើតតំបន់កសិ-ឧស្សាហកម្មកែច្នៃសម្រាប់នាំចេញ ពង្រីកយន្តការអនុវត្ត «ផលិតកម្មកសិកម្មតាម កិច្ចសន្យា» ឱ្យបានកាន់តែទូលំទូលាយ ។ ស្ថាប័នពាក់ព័ន្ធធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវ សហការគ្នាក្នុងការផ្តល់ឥណទានដល់សហគ្រាសកែច្នៃកសិផលធុនតូច និងមធ្យម ដែលរាជរដ្ឋាភិបាលទើបធ្វើការផ្សព្វ- ផ្សាយស្តីពីការប្រើប្រាស់មូលនិធិបន្ថែមថ្មីចំនួន១០០ លានដុល្លារអាមេរិក។

ទី១០៖ ត្រូវពន្លឿនការរៀបចំ និងកែទម្រង់រចនាសម្ព័ន្ធដឹកនាំគ្រប់គ្រងវិស័យកសិកម្ម លើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាកសិកម្មទំនើប បង្កើនផលិតភាព និងពិពិធកម្មកសិកម្ម ដើម្បីគុណភាព សុវត្ថិភាព និងអាហារូបត្ថម្ភ អភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្ទេរបច្ចេកវិទ្យា ចំណេះដឹងនិងអភិវឌ្ឍជំនាញឌីជីថល លើកកម្ពស់វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ ប្រែក្លាយមន្ទីរ- ពិសោធន៍តាមអនុវិស័យនីមួយៗ តាមស្តង់ដារ ISO និងចូលរួម ដើម្បីបង្កើតបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្មកម្ពុជានាអនាគត ។

ទី១១៖ ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយប្រទេសជិតខាង និងបណ្តាប្រទេសដៃគូអភិវឌ្ឍនានា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី និងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ និងអនុតំបន់ ដើម្បីកៀរគរជំនួយហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសថ្មីៗ សំដៅបន្តការធ្វើទំនើបភាវូបនីយកម្មកសិកម្ម ជាមួយនឹងការស្វែងរកទីផ្សារ សម្រាប់ផលិតផលកសិកម្មឱ្យបានទូលំទូលាយជាមួយប្រទេសនានា ក្នុងបរិការណ៍នៃសកលូបនីយកម្ម ដើម្បីប្រែក្លាយវិស័យកសិកម្មកម្ពុជា ជាសសរទ្រូងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និងផ្តល់ផលប្រយោជន៍ដល់ប្រជាកសិករ ។

សូមជម្រាបថា វិស័យកសិកម្មរបស់កម្ពុជាឆ្នាំ ២០២១ កន្លងទៅ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ បរិមាណផលស្រូវសរុបសម្រេចបានជាង ១២.២ លានតោន កើនឡើងប្រមាណ ១១.៦% ធៀបនឹងឆ្នាំ ២០២០ ការប្រើប្រាស់គ្រឿងយន្តសម្រាប់ភ្ជួររាស់មានរហូតដល់ ៩៩.៤២% និងអតិរេកស្រូវមានចំនួនជាង ៦.៩៤ លានតោន ឬ គិតជាអង្ករស្មើនឹងប្រមាណ ៤.៤៤លានតោន ដំណាំសាកវប្បកម្មសម្រេចបានជាង ៤.៣៦ លានតោន និងដំណាំឧស្សាហកម្មសម្រេចបានជាង១៩ លានតោន។ ផលិតកម្មសត្វ ដែលមានទ្រង់ទ្រាយជាលក្ខណៈគ្រួសារ និងពាណិជ្ជកម្មកើនប្រមាណ ១១.២% ធៀបនឹងឆ្នាំ ២០២០ ហើយធានាបាននូវការផ្គត់ផ្គង់សាច់ចំនួន ៨៧%។

ដោយឡែក តម្លៃនៃការនាំចេញផលិតផលកសិកម្មសរុប សម្រាប់ឆ្នាំ ២០២១ មានប្រមាណ ៥ ០០០ លានដុល្លារអាមេរិក មានកំណើន ២៥% ធៀបទៅនឹងការនាំផលិតផលកសិកម្មឆ្នាំ ២០២០ ដែលក្នុងនោះ ការនាំចេញផលិតផលកៅស៊ូទទួលបានចំណូលជាង ៦១០ លានដុល្លារអាមេរិក លើសឆ្នាំកន្លងទៅ៕