(ភ្នំពេញ)៖ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ាលើកដំបូងនេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា មិនបានស្នើសុំជួប លោកស្រី អោងសាន ស៊ូជី នោះឡើយ។ ប៉ុន្តែទោះជាយ៉ាងក្តី លោក មីន អោង ឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា បានសន្យាថា នឹងពិចារណាអនុញ្ញាតឱ្យប្រេសិតពិសេសរូបនេះ ជួបលោកស្រី អោងសាន ស៊ូជី នៅថ្ងៃអនាគត នៅពេលដែលបញ្ចប់នីតិវិធីតុលាការ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានលើកឡើងអំពីការចូលជួបសម្តែងការគួរសម និងបានពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ មីន អោង ឡាំង នៅថ្ងៃដំបូង នៃដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃរបស់លោក កាលពីថ្ងៃទី២១ ដល់២៣ កន្លងទៅនេះ។

ពាក់ព័ន្ធនឹងសំណើសុំជួប លោកស្រី អោងសាន ស៊ូជីនេះ លោកឧបនាយករដ្ឋមន្រ្តី បានអះអាងថា លោកមិនបានលើកសំណើចំៗនោះទេ។ លោកថ្លែងថា «ខ្ញុំមិនបានលើកឱ្យចំៗទេ មុននឹងចេញដំណើរទៅ ប៉ុន្តែយើងបានលើកអំពីសំណើសុំជួបមនុស្សមួយចំនួន ដែលយើងយល់ថាជាមនុស្សដែលមានសារសំខាន់ ក្នុងការស្វែងរកសន្តិភាពដល់ប្រទេសមីយ៉ាន់ម៉ា ដូចជា លោក កូកូ ជី ជាដើម»

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអះអាងថា ក្នុងពេលជួបសម្តែងការគួរសមជាមួយ នាយឧត្តមសេនីយ៍ មីន អោង ឡាំង គឺលោកបានពិភាក្សាមួយចំនួន ដោយលោកបានរម្លឹកអំពីសំណើរបស់ សម្តេចតេជោ ហ៊ុន សែន។ លោកថា ចម្លើយរបស់ លោក មីន អោង ឡាំង លើកនេះគឺមានភាពបើកចំហរជាងមុន។

«ចម្លើយលើកនេះ គឺមានភាពបើកចំហរជាងមុនដោយថា នៅពេលនេះមានការលំបាកពីព្រោះករណីរបស់ លោកជំទាវ អោងសាន ស៊ូជី នៅជាប់ពាក់ព័ន្ធនឹងដំណើរការរបស់តុលាការ ដែលច្បាប់របស់មីយ៉ាន់ម៉ា ចែងច្បាស់ថា នៅពេលដែលជាប់ពាក់ព័ន្ធក្នុងដំណើរការកាត់ក្តីបែបនេះ គឺមិនអាចជួបនរណាបានទេ»

ក្នុងជំនួបនោះ លោក ប្រាក់ សុខុន បានឆ្លើយតបទៅនាយឧត្តមសេនីយ៍ មីន អោង ឡាំ វិញថា «យើងទៅនេះគោរពគោលការណ៍អាស៊ាន បានន័យថា ទៅនេះមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ានោះទេ បើនេះជាកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា ទុកឱ្យមីយ៉ាន់ម៉ាដោះស្រាយសិន»

លោកបានបន្ថែមថា «ជាមួយនេះ លោកនាយឧត្តមសេនីយ៍ មីន អោង ឡាំង បានលើកឡើងថា អាចនៅពេលអនាគត នឹងពិចារណាចំពោះសំណើទាំងឡាយដែលបានធ្វើឡើង មិនមែនត្រឹមតែ លោកជំទាវ អោងសាន ស៊ូជី តែម្នាក់នោះទេ ព្រោះមានអ្នកផ្សេងទៀត។ ដំណើរទស្សនកិច្ចខាងមុខៗទៀត នឹងអាចពិចារណាបាន»

លោកចាត់ទុកថា ការសន្យារបស់ មេដឹកនាំយោធារូបនេះ ជាការបើកបង្អួចដើម្បីមានពន្លឺ ទៅដល់បញ្ហានៃការជួបសន្ទនាជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ តាមអាណត្តិនៃប្រេសិតពិសេស ហើយដើម្បីផលប្រយោជន៍ឈានទៅដល់ការផ្សះផ្សារជាតិមួយ ដោយមានការចូលរួមពីគ្រប់ភាគីទាំងអស់ជាដើម។

ចាប់តាំងពីមានព្រឹត្តិការណ៍រដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១មក លោកស្រី អោង សាន ស៊ូជី រួមទាំងអ្នកនយោបាយ និងមន្ត្រីជាច្រើនរូបមកពីគណបក្សរបស់ លោកស្រី ត្រូវបានចាប់ឃុំខ្លួនជាបន្តបន្ទាប់ ក្នុងនោះមានមន្ត្រីម្នាក់ត្រូវបានផ្ដន្ទាទោសប្រហារជីវិតពីបទភេរវកម្ម។

លោកស្រី អោង សាន ស៊ូជី មានអាយុ ៧៦ឆ្នាំ ប្រឈមមុខនឹងបទចោទប្រកាន់រាប់សិបករណី ហើយបើបូកបញ្ចូលបទចោទប្រកាន់ទាំងអស់ លោកស្រីអាច នឹងប្រឈមមុខនឹងជាប់ពន្ធនាគារ ១៥០ឆ្នាំឯណោះ។ លោកស្រី អោង សាន ស៊ូជី ក៏ត្រូវបានតុលាការនៃរបបសឹកមីយ៉ាន់ម៉ា ផ្តនា្ទទោសរួចហើយដែរដាក់ពន្ធនាគារ៦ឆ្នាំ ដោយលោកស្រីត្រូវអនុវត្តទោសនេះតាមរយៈការជាប់ឃុំនៅក្នុងផ្ទះ។ កាលពីខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក៏បានប្រកាសពីបទចោទប្រកាន់ពុករលួយថ្មីមួយទៀត ប្រឆាំងនឹងលោកស្រី អោង សាន ស៊ូជីផងដែរ៕