(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និងជាប្រេសិតពិសេសប្រធានអាស៊ាន បានច្រានចោលការរិះគន់ទៅលើដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោក ទៅកាន់ប្រទេសមីយ៉ាន់ម៉ាដែលថា ធ្វើឡើងដើម្បីទទួលស្គាល់ភាពស្របច្បាប់ របស់ក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ា ដែលដឹកនាំដោយ នាយឧត្តមសេនីយ៍ មីន អោង ឡាំង។

ក្នុងសន្និិសីទកាសែត នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ បន្ទាប់ពីត្រឡប់មកពីបំពេញទស្សនកិច្ច នៅប្រទេសមីយ៉ាន់ម៉ា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំក៏សូមបញ្ជាក់ថា ដើម្បីកុំឱ្យយល់ខុសថា កម្ពុជាទៅនេះគឺដើម្បីផ្តល់ភាពស្របឱ្យអ្នកនេះឱ្យអ្នកនោះ ឬក៏ផ្តល់ផលប្រយោជន៍ឱ្យតែម្ខាង មិនគិតគូរដល់ផលប្រយោជន៍ម្ខាងទៀតនោះ គឺជាការមិនពិតទេ កម្ពុជាគ្មានយើងគ្មានផលប្រយោជន៍អ្វីនៅក្នុងកិច្ចប្រឹងប្រែងរបស់យើងនេះ ក្រៅពីការជួយ មីយ៉ាន់ម៉ា តែប៉ុណ្ណោះ ជួយប្រជាជនមីយ៉ាន់ម៉ា ឱ្យចៀសផុតពីសោកនាដកម្ម ដែលកម្ពុជាធ្លាប់ជួបប្រទះ»

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមជាប្រេសិតពិសេសប្រធានអាស៊ាន បានដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចការងារលើកដំបូង នៅប្រទេសមីយ៉ាន់ម៉ា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ដែលធ្វើឡើងតបតាមការអញ្ជើញរបស់ ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ទៀតថា ដំណើរទស្សនកិច្ចដំបូងរបស់ប្រេសិតពិសេស ត្រូវបានទទួលស្វាគមលើកទឹកចិត្ត នឹងចាត់ទុកថាជាជំហានដោយវិជ្ជមាន និងសំខាន់មួយនៅក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ធ៥ចំណុចរបស់អាស៊ាន នៅក្នុងកិច្ចព្រមព្រៀងជាមួយភាគីផ្សេងៗ ហើយភាគីខាងក្រុមប្រឹក្សារដ្ឋបាលរដ្ឋក៏បានសម្តែងនូវមតិស្រប។

ឧបនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ដែរថា នៅក្នុងដំណើររបស់ប្រេសិតពិសេសទៅកាន់មីយ៉ានម៉ា គឺទទួលបានការយល់ដឹងសំខាន់ជាច្រើន សម្រាប់ដំណើរការ ក្នុងការកាត់បន្ថយអំពើហិង្សា ការខិតចូលជិតគ្នា ផ្នែកគំនិត និងជំហរនៃភាគីពាក់ព័ន្ធនានា ក៏ដូចជាការរកវិធី និងផ្លូវក្នុងការដោះស្រាយ ដើម្បីបញ្ជូនជំនួយមនុស្សធម៍ ទៅដល់អ្នកដែលត្រូវការបំផុត។

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ទៀតថា ភាគីកម្ពុជា នៅតែមានបំណងចង់ជួយ និងចង់ជួបជាមួយភាគីផ្សេងៗទៀត ដើម្បីជួយដោះស្រាយបញ្ហា របស់មីយ៉ាន់ម៉ានេះ តែតួអង្គផ្សេងៗរបស់មីយ៉ាន់ម៉ា គឺនៅមិនទាន់បានត្រៀមខ្លួនសម្រាប់ការសោះស្រាយបញ្ហានេះនៅឡើយទេ ដែលនេះគឺជាការលំបាកបំផុត នៅដែលចង់ផ្សះផ្សារ ដៃគូដែលមិនចង់ផ្សះផ្សារគឺជាការដែលលំបាកបំផុត ។

លោកប្រេសិតពិសេស បានបញ្ជាក់ទៀតថា ជារួមប្រយោជន៍ដ៏ធំនៃដំណើរទស្សនកិច្ចលើកទី១នេះ គឺបានបញ្ជាក់អំពីការរំពឹងរបស់អាស៊ាន របស់ប្រជាជនមីយ៉ាន់ម៉ា និងសហគមន៍អន្តរជាតិ និងទទួលបានព័ត៌មានដ៏ច្រើន ដែលនឹងជួយដល់ផែនការទស្សនកិច្ចក្រោយៗរបស់ប្រេសិតពិសេស។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានចាត់ទុកថា ទស្សនកិច្ចរបស់លោកលើកដំបូង ទៅកាន់ប្រទេសមីយ៉ាន់ម៉ាក្នុងនាមជាប្រេសិតពិសេសប្រធានអាស៊ាននេះ គួរតែត្រូវបានហៅថាជា «ទស្សនកិច្ចស្វែងយល់»។ ជាមួយគ្នានេះលោកក៏បានទទួលស្គាល់ដែរថា អ្វីដែលលោកគ្រោងក្នុងផែនការ និងភាពជាក់ស្តែងនៃទស្សនកិច្ចនេះ មិនបានជោគជ័យទាំងស្រុងទេ ហើយទស្សនកិច្ចនេះ ក៏មិនបានលើសការរំពឹងទុកទេ ប៉ុន្តែគឺមិនអន់នោះឡើយ៕