(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានថ្លែងថា ក្រោមម្លប់នៃសន្តិភាព ដែលនាំមកដោយសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។

ការថ្លែងបែបនេះរបស់អភិបាលខេត្តព្រៃវែង បានធ្វើឡើងនៅក្នុងឱកាសលោកអញ្ជើញជាតំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ពោធឆ្លងសាលាភត្ត និងសមិទ្ធផលនានា ក្នុងវត្តឧត្តមព្រៃធំ ស្ថិតនៅភូមិព្រៃធំ ឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ។

លោក សឿង សុជាតិ អភិបាលស្រុកកំចាយមារ បានលើកឡើងថា វត្តឧត្តមព្រៃធំ ក៏កើតឡើងនៅក្នុងឆ្នាំ១៩៩១ លើផ្ទៃដីសរុបចំនួន ១៨.៤៣០ម៉ែត្រការ៉េ ស្ថិតនៅក្នុងភូមិព្រៃធំ ឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។

លោកអភិបាលស្រុក ក៏បានបន្តថា សមិទ្ធផលនានា ដែលត្រូវដាក់សម្ពោធឆ្លងនាថ្ងៃនេះមាន សាលាភត្ត១ខ្នង ដែលធ្វើពីបេតុង ប្រក់ក្បឿងទំហំ ៣៤ម៉ែត្រ គុណ ២២ម៉ែត្រ ដែលបានសាងសង់រួចរាល់ជាស្ថាពរក្នុងខែតុលា ឆ្នាំ២០២០ និងត្រៃសូរ១ ព្រមទាំងដំរី ១គូរ នៅមុខក្លោងទ្វារ ដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់រួមគ្នាជាមួយសាលាភត្ត នាពេលនេះ។

លោក ជា សុមេធី បានបន្តថា ទោះបីប្រទេសកម្ពុជា ទទួលរងជំងឺកូវី១៩ ក៏ពិតមែន ក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានខិតខំស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ទាំងកុមារ រហូតដល់មនុស្សចាស់ ទោះបីជារាជរដ្ឋាភិបាលខិតខំប្រឹងប្រែងប្រយុទ្ធនឹងជំងឺឆ្លងដ៏កាចសាហាវមួយនេះ ក៏ពិតមែន ក៏ប៉ុន្តែប្រទេសកម្ពុជា នៅតែបន្តកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនមានទាំងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ជាដើម ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។

លោកអភិបាលខេត្តក៏បានលើកឡើងថា វត្តអារាម គឺជាទីកន្លែងសក្ការៈបូជា សម្រាប់ពុទ្ធបរិស័ទជិតឆ្ងាយដែលគាត់កាន់នៅព្រះពុទ្ធសាសនា តែងតែមកគោរពប្រតិបត្តិនៅក្នុងវត្តអារាមនេះ។

បន្ថែមពីនេះ លោក ជា សុមេធិ ក៏បានផ្ដាំផ្ញើដល់ពុទ្ធបរិស័ទ អាចារ្យ គណៈកម្មការ វត្តទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សានូវសមិទ្ធផលដែលបានកសាងឡើង និងត្រូវបានដាក់ឱ្យសម្ពោធនាថ្ងៃនេះ និងសូមឱ្យពុទ្ធបរិស័ទ អាចារ្យ គណៈកម្មការ រួមទាំងព្រះសង្ឃមេត្តាខិតខំដាំដើមឈើឱ្យបានច្រើនដើម្បីទុកជាប្រយោជន៍ បង្កើតនូវបរិស្ថានធម្មជាតិមួយនៅក្នុងវត្តផងដែរ។

លោកអភិបាលខេត្ត ក៏សូមផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ដែលបានចាក់វ៉ាក់សាំងដូសទី១ ដូសទី២ រួចហើយនោះ សូមបន្តទៅចាក់វ៉ាក់សាំងដូសទី៣ ទាំងអស់គ្នា ដើម្បីចូលរួមបង្កាទប់ស្កាត់ការរីករាលដាលឆ្លងនៃជំងឺកូវីដ១៩ និងដើម្បីបង្កើតភាពស៊ាំ នៅក្នុងសហគមន៍ ព្រមទាំងក្រើនរំឮកឱ្យប្រជាពលរដ្ឋបន្តចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» ឱ្យបានម៉ឺងម៉ាត់។

ជាមួយនេះដែរ លោកអភិបាលខេត្តបានចូលរួមបច្ច័យសម្រាប់កសាងវត្តឧត្ដមព្រៃធំ ចំនួន ២០លានរៀល និងបានបំពាក់នូវមេដាយដល់អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទដែលមានស្នាដៃកសាងនៅក្នុងវត្តព្រៃធំ និងបានកាត់ខ្សែបូរណ៍ដាក់ឱ្យប្រើប្រាស់ជាផ្លូវការផងដែរ៕