(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ បានស្នើដល់អាជ្ញាធរនៅតាមមូលដ្ឋានទៅទាំងខេត្ត ត្រូវបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយ ដែលបានចុះឈ្មោះក្នុងបញ្ជី នៅក្រសួងមហាផ្ទៃ អាចធ្វើសកម្មភាព ដើម្បីចូលរួមការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ក្នុងការឃោសនាគោលនយោបាយរបស់ពួកគេ។

ជាក់ស្តែង ដើម្បីឱ្យអាជ្ញាធរមូលដ្ឋានកាន់តែជ្រាបច្បាប់នោះ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ លោក ស្រេង សុភាព អភិបាលរងខេត្តក្រចេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយដល់លោក លោកស្រី អភិបាលស្រុក ក្រុង អធិការស្រុក ក្រុង អាជ្ញាធរឃុំ សង្កាត់ នាយប៉ុស្ដិ៍រដ្ឋបាល និងស្មៀនផងដែរ។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា នេះគឺជាការបើកនូវលំហប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា នៅតាមមូលដ្ឋានសម្រាប់ត្រៀមធ្វើការឃោសនាបោះឆ្នោតក្រុមប្រឹក្សាប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ និងការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ពេលខាងមុខ។ ដូច្នេះគណបក្សនយោបាយដែលចុះបញ្ជីស្របច្បាប់ទទួលស្គាល់ដោយក្រសួងមហាផ្ទៃ លោក លោកស្រី អភិបាលស្រុក ក្រុង អធិការស្រុក ក្រុង អាជ្ញាធរឃុំ សង្កាត់ នាយប៉ុស្ដិ៍រដ្ឋបាល និងស្មៀនចាំបាច់ត្រូវបង្កលក្ខណៈផ្តល់លទ្ធភាពឱ្យពួកគេមានលទ្ធភាពធ្វើសកម្មភាពត្រៀមយុទ្ធនាការបោះឆ្នោត, ថ្វីត្បិតយុទ្ធនាការបោះឆ្នោតមិនទាន់មកដល់តែត្រូវផ្ដល់ឱកាសឱ្យគេអាចជួបជុំសមាជិក សមាជិការបស់គេ និងបង្កឱ្យគណបក្សនយោបាយទាំងអស់មានលទ្ធភាព ដើម្បីសុំការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានដើម្បីជួបជុំសមាជិកនៅមូលដ្ឋាន ឬលើកផ្លាកគណបក្សមិនមែនមានតែបក្សកាន់អំណាចមួយទេដែលមានសិទ្ធិ។

ជាមួយគ្នានេះ លោក ស្រេង សុភាព បានស្នើសុំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កលក្ខណៈសម្បត្តិឱ្យបណ្ដាបក្សនយោបាយដែលនឹងត្រូវចូលរួមការបោះឆ្នោតនៅពេលខាងមុខនេះ ទទួលបាននូវឱកាសសម្រាប់ការជួបជុំការចុះទៅជួប ប្រជាជនដែលជាសមាជិកសមាជិកា របស់ពួកគេដោយគ្មានការរំខានណាមួយ ហើយត្រូវខិតខំការពារសុវត្ថិភាពរបស់បណ្ដាបក្សទាំងនោះដោយគោរពតាមច្បាប់ និងគ្មានអំពើហិង្សា, គ្មានមនុស្សរបួស និងស្លាប់ដោយសារការមិនយល់ ពីច្បាប់គណក្សនយោបាយ។ ម៉្យាងវិញទៀត ត្រូវតែគោរពទៅតាមបែបបទដែលមានចែងនៅក្នុងច្បាប់ជាធរមាន ធ្វើយ៉ាងនេះយើងអាចដំណើរទៅមុខក្នុងការបើកលំហប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា យោងតាមការផ្សព្វផ្សាយរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី៧ កុម្ភៈ ២០២២ ក្រសួងណែនាំឲ្យបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយ ដែលបានចុះឈ្មោះក្នុងបញ្ជីនៅក្រសួងមហាផ្ទៃ អាចធ្វើសកម្មភាព ដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ និងធ្វើបទបង្ហាញពីច្បាប់ស្ដីពី គណបក្សនយោបាយ ការបង្កើតគណបក្សនយោបាយ សញ្ញាណនៃគណបក្សនយោបាយ ការចុះបញ្ជីគណបក្សនយោបាយ រចនាសម្ព័ន្ធដឹកនាំគណបក្សនយោបាយ ហិរញ្ញវត្ថុគណបក្សនយោបាយ កាតព្វកិច្ចរបស់គណបក្សនយោបាយ និងវិធានការរដ្ឋបាល និងទោសប្បញ្ញត្តិ ជូនដល់សមាជិក នៃអង្គប្រជុំបានជ្រួតជ្រាប ដើម្បីយកទៅអនុវត្តឲ្យមានប្រសិទ្ធភាព៕