(ព្រះវិហារ)៖ លោកស្រី ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ តំណាងលោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនលោកព្រិនបាលឯក ទិត ហៃ អាយុ៣០ឆ្នាំ មុខរបរកងទ័ពបម្រើការនៅកងអនុសេនាតូចលេខ២ កងអនុសេនាធំលេខ១ សឹករងស្រុកជាំក្សាន្ត ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ប្រចាំការច្រកណងទឹម រងគ្រោះបណ្តាលមកពីជាន់មីន បណ្តាលឲ្យដាច់ជើងត្រឹមកជើង ហើយកំពុងសម្រាកព្យាបាលបន្តនៅមន្ទីរពេទ្យបង្អែក១៦មករា។

នៅក្នុងឱកាសនោះលោកស្រី ចឹក ហេង បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី ពិសេសប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ក្មេងកំព្រា និងពលរដ្ឋងាយរងគ្រោះផ្សេងៗ។

លោកស្រី ចឹក ហេង បានចូលរួមសោកស្តាយជាមួយជនរងគ្រោះ និងក្រុមគ្រួសារ ចំពោះហេតុការណ៍ផ្ទុះមីននេះ។ លោកស្រី ក៏បានថ្លែងលើកទឹកចិត្តដល់ជនរងគ្រោះ ត្រូវយកចិត្តទុកដាក់ព្យាបាលជំងឺដើម្បីឆាប់បានជាសះស្បើយ ជាបង្អែកដល់ក្រុមគ្រួសារ ពិសេសភរិយានិងកូនជាទីស្រឡាញ់ ដោយមិនត្រូវអស់សង្ឃឹមចំពោះហេតុការណ៍នេះទេ។ សម្ភារផ្តល់ជូនរួមមាន៖ ទឹកសុទ្ធ ៣ កេស ទឹកក្រូច ៣ កេស ទឹកដោះគោឆៅ២ យួរ ឃីត១ ថវិកាចំនួន១ លាន ព្រមទាំងបានផ្តល់ថវិកាជូនអ្នកជំងឺ ចំនួន៤ នាក់ ក្នុងម្នាក់ៗថវិកាចំនួន៥០,០០០រៀលផងដែរ។

ដោយឡែកលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ក៏បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងអំណោយមានថវិកានិសម្ភារទៅផ្តល់ជូនជនរងគ្រោះនៅឯមន្ទីរពេទ្យបង្អែក១៦មករាផងដែរ រួមមាន៖ ទឹកបរិសុទ្ធ៤កេស ទឹកក្រូច១កេស ទឹកដោះគោឆៅ៤ឡូ និងថវិកាចំនួន៧០ម៉ឺនរៀលផងដែរ។

សូមបញ្ជាក់ថា លោកព្រិន្ទបាលឯក ទិត ហៃ បម្រើការងារនៅកងអនុសេនាតូចលេខ២ នៃកងអនុសេនាធំលេខ១ ផ្នែកសឹករងជាំក្សាន្ត ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ប្រចាំការនៅច្រកណងទឹម បានរងរបួសដោយសារជាន់មីន បណ្តាលឲ្យដាច់កជើងកាលពីល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ គ្រាដើរល្បាតក្នុងភូមិសាស្ត្រឈរជើងរបស់ខ្លួន៕