(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កម្លាំងរបស់លោក បាននិងកំពុងបន្តស្រាវជ្រាវតាមបង្ក្រាបជនសង្ស័យជាមុខសញ្ញា ដែលជំនាញខាងបំបែកសោកុងតាក់លួចយកម៉ូតូ និងរថយន្ដយ៉ាងសកម្មទាំងនៅរាជធានី និងតាមបណ្ដាខេត្ត ចំនួន៣នាក់បន្ថែមទៀត កំពុងរត់គេចខ្លួន ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់។

ការបញ្ជាក់របស់លោកវរសេនីយ៍ឯក ប៊ុន សត្យា បានធ្វើឡើង ពេលបង្ហាញមុខសញ្ញាចោរលួចម៉ូតូ និងរថយន្ដយ៉ាងសកម្មជាសាធារណៈចំនួន៣នាក់ ក្នុងនោះមានម្នាក់ ធ្លាប់ជាប់ពន្ធនាគាររយៈពេល១ខែ ក្នុងចំណោមបក្ខពួក៦នាក់ ជាមួយវត្ថុតាងម៉ូតូ និងរថយន្ដ១៥គ្រឿង ហើយនិងសម្ភារពាក់ព័ន្ធសកម្មភាពមួយចំនួនទៀត នៅចំពោះមុខអ្នកសារព័ត៌មានជាច្រើនស្ថាប័ន មុនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។

លោកវរសេនីយ៍ឯក ប៊ុន សត្យា បានបញ្ជាក់ទៀតថា ក្រោមបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញរបស់លោកបានស្រាវជ្រាវ ហើយឈានទៅដល់ការបង្ក្រាបមុខសញ្ញាចោរ ដែលជំនាញខាងបំបែកសោកុងតាក់លួចយកម៉ូតូ និងរថយន្ដយ៉ាងសកម្មចំនួន២០ករណី នៅតាមមន្ទីរសម្រាកព្យាបាល និងសម្ភព (ពោលគឺកន្លែងមានស្តុកម៉ូតូទុកច្រើន) ទាំងនៅរាជធានីភ្នំពេញ ខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ចំនួន៣នាក់ ក្នុងចំណោមបក្ខពួក៦នាក់ ព្រមទាំងដកហូតបានវត្ថុតាងម៉ូតូ និងរថយន្ដ១៥គ្រឿង និងសម្ភារពាក់ព័ន្ធសកម្មភាពមួយចំនួនទៀត។

លោកថា «នេះបានអនុវត្តឡើងយ៉ាងយកចិត្តទុកដាក់ ត្រឹមរយៈពេល៣ថ្ងៃប៉ុណ្ណោះ ក្រោយពីការិយាល័យជំនាញ ទទួលបានចំនួន៣៣ពាក្យបណ្ដឹងពីជនរងគ្រោះ ដែលបានបាត់បង់ម៉ូតូ៤៤គ្រឿង និងរថយន្ដ២គ្រឿង»

បន្ថែមពីនេះ លោកវរសេនីយ៍ឯក ប៊ុន សត្យា ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានបាត់បង់ម៉ូតូកន្លងមក ហើយស្គាល់ម៉ូតូរបស់ខ្លួន ដូចបានបង្ហាញជាសាធារណៈតាមប្រព័ន្ធផ្សព្វផ្សាយនេះ គឺអាចយកឯកសារ មកទំនាក់ទំនងសួរនាំ ដើម្បីយកម៉ូតូទៅប្រើប្រាស់វិញបាន ពីការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕