(រតនគិរី)៖ លោក ងិន ណែល អភិបាលក្រុងបានលុង នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ បានដឹកនាំកម្លាំងចម្រុះ ចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈជុំវិញផ្សារក្រុងបានលុង ដើម្បីលើកកម្ពស់សោភ័ណភាពនិងបរិស្ថាន។

នៅក្នុងឱកាសនេះ លោក ងិន ណែល បានណែនាំអប់រំប្រជាពលរដ្ឋទាំងអស់ឱ្យបានយល់ដឹង និងចូលរួមថែរក្សាអនាម័យនៅតាមចិញ្ចើមផ្លូវមុខផ្ទះរៀងៗខ្លួន ឬតាមតូបផ្សារនានាជុំវិញផ្សារ។

លោកអភិបាលក្រុង បានបន្តថា «ការរៀបចំសណ្តាប់ធ្នាប់ ក្នុងទីប្រជុំជនផ្សារបានលុងនេះ អាជ្ញាធរនឹងបន្តចុះអនុវត្តជាប្រចាំ ពិសេសទីកន្លែងដាក់តាំងលក់ទំនិញ ធំ តូច ដែលចេញផុតសំយាបតូប តម្រូវឲ្យមានការរៀបចំអីវ៉ាន់ទំនិញ ផ្សេងៗ ទៅតាមគំនូសឲ្យបានល្អចៀសវាងបំពាន ក្នុងករណីបើអាជីករណាមិនគោរពតាមការណែនាំរបស់អាជ្ញាធរទេនោះ នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន»

ផ្ទុយទៅវិញអាជ្ញាធរក៏បានសម្ដែងការអរគុណ និងគាំទ្រចំពោះប្រជាពលរដ្ឋអាជីវករដែលមានឆន្ទៈគោរពតាមការណែនាំ ថែមទាំងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលចូលរួមជាមួយក្រុមការងារអាជ្ញាធរ មានសមត្ថកិច្ចសំដៅលើកមុខមាត់ ខេត្តរតគិរីឲ្យប្រសើរឡើង៕