(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល និងជាអភិបាលខេត្ត បានចុះជួបសំណេះសំណាលស្ត្រីមានផ្ទៃពោះ៥៩រូប នៅឯសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។

ពិធីនេះរៀបចំឡើងក្នុងគោលបំណងម្យ៉ាងទៀត គឺដើម្បីអប់រំផ្សព្វផ្សាយស្ដីពី សារប្រយោជន៍នៃការយល់ដឹងពីសុខភាពបន្តពូជ និងការថែទាំសុខមាភាពមាតា-ទារក ពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាល ក្នុងការរស់នៅតាមគន្លងថ្មីក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ នៅទីស្នាក់ការកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល។

នៅក្នុងឱកាសនោះលោក គង់ សោភ័ណ្ឌ បានផ្តាំផ្ញើសួរសុខទុក្ខជូនចំពោះក្មួយៗស្ត្រីជាមាតាទាំងអស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានគូសបញ្ជាក់ពីគោលបំណងនៃពិធី ដើម្បីអបអរទិវាជាតិសុខភាព មាតា ទារក និងកុមារ ២១ កុម្ភៈ ខួបលើកទី១២ឆ្នាំ ដែលកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១១ នាឱកាសដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលបាន គោរមងារដ៏ឧត្តុង្គឧត្តមជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ និងក្រោយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតទទួលបានគោរមងារជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជាកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៦។

ទន្ទឹមនឹងនោះ លោកបានផ្តាំផ្ញើស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច និងស្ត្រីក្នុងវ័យបន្តពូជទាំងអស់ សូមបន្តចែករំលែកនូវចំណេះដឹង ពីការអប់រំផ្សព្វផ្សាយថ្ងៃនេះ និងបទពិសោធន៍ឱ្យបានទូលំទូលាយ ដើម្បីចូលរួមលើកកម្ពស់ សុខភាពមាតា ទារក និងកុមារ, ទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន និងឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥ ក៏ដូចជា ចូលរួមទទួលខុសត្រូវក្នុងការទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ ហើយអនុវត្តការរស់នៅ ធម្មតា តាមគន្លងប្រក្រតីភាពថ្មី និងបានសំណូមពរស្ត្រីមានផ្ទៃពោះទាំងអស់ សូមទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ឆ្មបជំនាញ នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិត ផ្ទះឱ្យបានទៀងទាត់ចំនួន៤ដង តាមពេលវេលា និងការណែនាំរបស់គ្រូពេទ្យ ទទួលថ្នាំបង្ការជំងឺ តេតាណូស និងថ្នាំបង្ការជំងឺកូវីដ១៩ ទទួលយក សេវាបង្ការព្យាបាលទាំងអស់ ពិសេសការស្ម័គ្រចិត្ត ធ្វើតេស្តឈាមរកមេរោគអេដស៍ ស្វាយ រលាក ថ្លើមប្រភេទបេ ដើម្បីរួមគ្នាលុបបំបាត់ការចម្លង មេរោគពីម្ដាយទៅកូន។

ក្នុងពិធីនេះដែរ ក្រុងការងារ នៃមន្ទីរសុខាភិបាលខេត្ត ដែលមានពេទ្យជំនាញ បានធ្វើការផ្សព្វផ្សាយ ពីសារប្រយោជន៍នៃការយល់ដឹងពីសុខភាពបន្តពូជ និងការថែទាំសុខភាពមាតា-ទារក ពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាល ក្នុងការរស់នៅតាមគន្លងថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩។

ក្នុងនោះដែរស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច និងស្ត្រីក្នុងវ័យបន្តពូជ ចំនួន៥៩នាក់ ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជា ដោយក្នុងម្នាក់ទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកសុទ្ធ ១កេស, ម៉ាស ១ប្រអប់, ជែល ១ដប, សាប៊ូ ១ដុំ, និងថវិកា ១០ម៉ឺនរៀល៕