(ភ្នំពេញ)៖ តាមរយៈការស្រាវជ្រាវក្រោមការសហការពីអ្នកស្រាវជ្រាវពីសាកលវិទ្យាល័យ Dearkin នៅប្រទេសអូស្រ្តាលី ជាមួយនឹងអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) ដែលជាអង្គការធ្វើការងារទាក់ទងនឹងសុខភាពសាធារណៈនៅក្នុងប្រទេសកម្ពុជា បានបង្ហាញថា ក្រុមហ៊ុនថ្នាំជក់នៅតែបន្តប្រើប្រាស់យុទ្ធសាស្រ្តផ្សព្វផ្សាយ ពាណិជ្ជកម្មខុសច្បាប់ ទៅកាន់ក្រុមគោលដៅដែល ជាយុវជនក្នុងប្រទេសកម្ពុជា។

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា បានឱ្យដឹងដែរថា ការស្រាវជ្រាវនេះបានបង្ហាញថា ជាងពាក់កណ្ដាលនៃសំណាកនៅក្នុងការ ស្រាវជ្រាវនេះ បានរំលឹកពីយុទ្ធសាស្រ្តផ្សាយពាណិជ្ជកម្មខុសច្បាប់ របស់ក្រុមហ៊ុនថ្នាំជក់ នៅក្នុងប្រទេសកម្ពុជា រួមបញ្ចូលទាំងការផ្សាយពាណិជ្ជកម្មនៅតាមតូបលក់រាយ និងតាមប្រព័ន្ធអ៊ិនធឺណែត។ អ្នកតំណាងក្រុមហ៊ុនថ្នាំជក់បានទៅជួបទំនាក់ទំនងជាមួយពួកគេ ដើម្បីផ្តល់បារី និងទំនិញដោយឥតគិតថ្លៃផ្សេងៗទៀត។

មិនតែប៉ុណ្ណោះពួកគេក៏បានរៀបរាប់ពីការផ្សព្វផ្សាយលក់ជាលក្ខណៈឯកជនខុសច្បាប់ នៅតាមទីតាំងផ្សេងៗក្នុងរាជធានីភ្នំពេញ ដូចជានៅក្នុងហាងកាហ្វេ ភោជនីយដ្ឋាន បារ សូម្បីតែនៅក្នុងព្រះរាជពិធីបុណ្យជាតិរបស់កម្ពុជា។

លោកវេជ្ជបណ្ឌិត បានបន្តថា ក្នុងការស្រាវជ្រាវនេះនៅក្រោមច្បាប់ស្តីពីការគ្រប់គ្រងថ្នាំជក់ យុទ្ធសាស្រ្តផ្សាយពាណិជ្ជកម្មថ្នាំជក់ទាំងនេះ ត្រូវបានហាមឃាត់ ក្នុងប្រទេសកម្ពុជា ចាប់តាំងពី ឆ្នាំ២០១៥ មកម្ល៉េះ។ ផ្ទុយទៅវិញការស្រាវជ្រាវនេះផ្តល់ភស្តុតាងយ៉ាងច្បាស់លាស់ថា ក្រុមហ៊ុនថ្នាំជក់នៅកម្ពុជា នៅតែបន្តបំពានច្បាប់នេះ ជាញឹកញាប់ នៅតាម ទីកន្លែងសាធារណៈទូទាំងរាជធានីភ្នំពេញ។

រាជរដ្ឋាភិបាលកម្ពុជាបានធ្វើឱ្យការកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ ទោះបីជាយ៉ាងណាក៏ដោយ ការសិក្សារបស់អង្គការ សហប្រជាជាតិ ឆ្នាំ២០១៩ បានប៉ាន់ប្រមាណថា ប្រជាជនកម្ពុជាប្រមាណ ១៥,០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំដោយសារការប្រើប្រាស់ថ្នាំជក់ ជាមួយនឹងការចំណាយប្រចាំ ឆ្នាំប្រហែល ៣% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសប្រចាំឆ្នាំ។ ការសិក្សាក៏បានបង្ហាញថា ការជក់បារីអាចបង្កើនហានិភ័យសុខភាពធ្ងន់ធ្ងរក្នុងចំណោមអ្នកឆ្លងជំងឺ COVID-19។

ដើម្បីដោះស្រាយបន្ទុកនៃការប្រើប្រាស់ថ្នាំជក់មកលើប្រជាជនកម្ពុជា ការស្រាវជ្រាវថ្មីនេះបានបង្ហាញពីសារៈសំខាន់នៃការបង្កើនការត្រួតពិនិត្យ និងការអនុវត្តការរឹតបន្តឹង ការហាមឃាត់ការផ្សាយពាណិជ្ជកម្ម និងការផ្សព្វផ្សាយថ្នាំជក់ រួមទាំងការបង្កើនការផាកពិន័យចំពោះក្រុមហ៊ុនថ្នាំជក់ដែលបន្តបំពានច្បាប់នៅកម្ពុជា៕