(ភ្នំពេញ)៖ លោក អ៊ុយហ្គោ អាស្ទូតូ អនុប្រធានគ្រប់គ្រងទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិកនៃសហភាពអឺរ៉ុប បានធ្វើការប្ដេជ្ញាចិត្តថា «សហភាពអឺរ៉ុបបន្តការជួយឧបត្ថម្ភ​គាំទ្រដល់កិច្ចអភិវឌ្ឍន៍​នៅកម្ពុជា និងធ្វើឱ្យស៊ីជម្រៅថែមទៀត»។

ការបេ្ដជ្ញាចិត្តនេះ ធ្វើឡើងក្នុងកិច្ចជំនួបពិភាក្សាការងារជាមួយ លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦នេះ ក្នុងទីស្ដីការក្រសួង។ ក្នុងឱកាស​នោះដែរ លោក អ៊ុយហ្គោ អាស្ទូតូ បានជំរាបជូនលោករដ្ឋមន្ដ្រីក្រសួងការបរទេស ពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំលើកទី៩របស់គណៈកម្មាធិការចំរុះកម្ពុជា-សហភាពអឺរ៉ុប។

លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន បានសំដែងនូវអំណរគុណ ចំពោះការជួយឧបត្ថម្ភ និងការគាំទ្រគ្រប់បែបយ៉ាងរបស់សហភាពអឺរ៉ុប ដែលបានផ្ដល់ជូនកម្ពុជាក្នុងរយៈកាលកន្លងមក និងរីករាយចំពោះ​លទ្ធផលដ៏ល្អ នៃកិច្ចប្រជុំ របស់គណៈកម្មាធិការចំរុះកម្ពុជា-សហភាពអឺរ៉ុប ដែលបានធ្វើការពិនិត្យ ពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សហភាពអឺរ៉ុប នៅលើគ្រប់វិស័យទាំងអស់ ហើយបានពិភាក្សា​ពីការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា-សហភាពអឺរ៉ុប។ ជាងនេះទៅទៀត លោកទេសរដ្ឋមន្ដ្រីក៏បានជំរាបជូនគណៈប្រតិភូពីសភាពការណ៍បច្ចុប្បន្ននៅកម្ពុជា ហើយបាន គូសបញ្ជាក់ពីការបំពេញ​មុខងាររបស់តុលាការ ស្របទៅតាមការកំណត់របស់ច្បាប់ និងរដ្ឋធម្មនុញ្ញកម្ពុជា។

បន្ថែមពីនេះទៅទៀត លោក អ៊ុយហ្គោ អាស្ទូតូ ក៏បានលើកឡើងថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) នៅប្រទេសម៉ុងហ្គោលី ក្នុងពេលខាងមុខនេះ គឺជាឱកាសដ៏ល្អមួយសម្រាប់​រៀបចំជំនួបរវាងថ្នាក់​ដឹកនាំកម្ពុជា ជាមួយថ្នាក់ដឹកនាំសហភាពអឺរ៉ុប។ លោកទេសរដ្ឋមន្ដ្រី បា្រក់ សុខុន បានឯកភាពទៅនឹងការលើកឡើងរបស់ លោក អ៊ុយហ្គោ អាស្ទូតូ អំពីលទ្ធភាពនៃការរៀប​ចំអោយមានជំនួប​ថ្នាក់​កំពូល​នេះ នៅក្នុងពេលចូលរួម​កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ប្រសិនបើពេលវេលាអនុញ្ញាត៕