(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានណែនាំដល់ពលទាហានទាំងអស់ ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន។

លោកណែនាំបែបនេះ ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនពង្រឹងវរសេនាតូច និងវគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រឆាំងបាតុកម្ម និងក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ ចំណុះកងពលតូចថ្មើរជើងលេខ៥១ នៅទីបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៣ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ។

វគ្គហ្វឹកហ្វឺនបំប៉នពង្រឹង វរសេនាតូចលេខ៥១៣ មានរយៈពេលសិក្សាចំនួន ៦១ថ្ងៃ និងសក្ខាកាម ចំនួន ១០០នាក់ និងវគ្គហ្វឹកហ្វឺនបំប៉នជំនាញបាតុកម្ម និងក្បាច់គុណ នៃកងយោពលខេមរភូមិន្ទ មានរយៈពេលសិក្សា ចំនួន ១៣៥ថ្ងៃ សិក្ខាកាមចំនួន ៨០នាក់ ។

លោក ឧត្តមសេនីយ៍ទោ សេង ធារិន បានធ្វើការផ្តាំផ្ញើដល់គណៈកម្មការគ្រប់គ្រងវគ្គដោយពេលវេលារៀននៅតិច ថ្ងៃសម្រាក ថ្ងៃបុណ្យមានច្រើន ដូច្នេះត្រូវគ្រប់គ្រងសិស្ស១០០ភាគរយ។ យោធាចារ្យត្រូវប្រឹងប្រែងយកបទពិសោធន៍ល្អៗបង្ហាត់បង្រៀនសិស្សឱ្យងាយយល់ ឆាប់ចេះ ធានាបានគុណភាពហ្វឹកហ្វឺន និងត្រូវធានាបានល្អការស្នាក់នៅ ធានាការហូបចុកឆ្ងាញ់ដើម្បីសុខភាពយោធិនហ្វឹកហ្វឺន។

ចំពោះកម្មសិក្សាការីត្រូវគោរពវិន័យ បទបញ្ជាផ្ទៃក្នុង ត្រូវខិតខំរៀនសូត្រ ត្រងត្រាប់ស្តាប់គ្រូ ដើម្បីទទួលលទ្ធផលល្អពេលបញ្ចប់វគ្គ ហើយត្រូវថែរក្សាអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ទប់ស្កាត់ជំងឺកូវីដ-១៩ ព្រោះជំងឺនៅតែមានកម្រិតខ្ពស់។

លោកឧត្តមសេនីយ៍ទោ ក៏បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់
ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីអាយុជីវិត និងត្រូវចូលរួមសហការគ្នា មានសាមគ្គីឯកភាពផ្ទៃក្នុង រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ហើយត្រូវត្រៀមកម្លាំងអន្តរាគមន៍ជាប្រចាំដើម្បីត្រៀមយថាហេតុសង្រ្គោះប្រជាពលរដ្ឋ ។

ជាទីបញ្ចប់ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានឧបត្ថម្ភថវិកា ចំនួន ៥.០០០.០០០ រៀល ដល់វគ្គហ្វឹកហ្វឺនផងដែរ៕