(បាត់ដំបង)៖ អតីតមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ (CNRP) នៅក្នុងខេត្តបាត់ដំបង បានសម្រេចចិត្តផ្លាស់ប្តូរទ្រនំនយោបាយរបស់ខ្លួន ដោយស្ម័គ្រចិត្តចូលរួមធ្វើសកម្មភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ជាមួយនឹងការផ្លាស់ប្តូរទ្រនំនយោបាយ អតីតថ្នាក់ដឹកនាំអតីតបក្ស CNRP ទាំង៣រូប ក៏បានបង្ហាញខកចិត្តចំពោះការលង់ជឿ និងប្រឹងប្រែងជួយអតីតបក្សរបស់ខ្លួន។

អតីតមេដឹកនាំអតីតបក្ស CNRP ទាំង៣រូប ដែលបានស្ម័គ្រចិត្តមកធ្វើសកម្មភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា រួមមាន៖ ១) លេាក ម៉ៅ សុជាតិ សមាជិកគណកម្មាធិការប្រតិបត្តិអតីតគណបក្សសង្គ្រោះជាតិខេត្តបាត់ដំបង និងជាអនុប្រធានចលនាមហាជនខេត្តបាត់ដំបង ទទួលបន្ទុក ២ស្រុក គឺ ស្រុកបវេល និងស្រុកថ្មគោល, ២) លេាក ហង្ស សេង សមាជិកគណកម្មាធិការប្រតិបត្តិអតីតគណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបង និងជាអនុប្រធានចលនាមហាជនខេត្តបាត់ដំបង ទទួលបន្ទុកស្រុកឯកភ្នំ និងទី៣) លេាក គាន គន្ធារ៉ូ លេខាធិការចលនាយុវជនអតីតគណបក្សសង្គ្រោះជាតិ ក្រុងបាត់ដំបង។

នៅក្នុងលិខិតសុំចូលបម្រើសកម្មភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា អតីតមេដឹកនាំអតីតបក្ស CNRP ទាំង៣រូប បានបង្ហាញការខកចិត្តជាខ្លាំងចំពោះការលង់ជឿ និងខិតខំបម្រើអតីតបក្សសង្គ្រោះជាតិ។

នៅក្នុងលិខិតសុំចូលរួមធ្វើសកម្មភាពនយោបាយអតីតមេដឹកនាំអតីតបក្ស CNRP ក្នុងខេត្តបាត់ដំបង បានលើកឡើងយ៉ាងដូច្នេះ «យើងខ្ញុំពិតជាមានការសោកស្តាយជាទីបំផុត ដែលបានលង់ជឿ និងគាំទ្រចំពោះអតីតគណបក្សសង្គ្រោះជាតិ ធ្វើឱ្យខ្ញុំខាតបង់ពេលវេលាអស់ជាច្រើន ព្រមទាំងលុយកាក់រហូតនាំបញ្ហាដល់ខ្លួនឯង និងគ្រួសារថែមទៀត»។

អតីតមេដឹកនាំអតីតបក្ស CNRP ទាំង៣រូប បានគូសបញ្ជាក់ពីមូលហេតុដែលស្ម័គ្រចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។ ពួកគេបានលើកឡើងថា ពួកគេបានមើលឃើញយ៉ាងច្បាស់ថា ប្រទេសជាតិមានការរីកចម្រើន ប្រជាជនរស់នៅយ៉ាងសុខសាន្ត ដោយសារតែការគិតគូរ ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសជួបទទួលពាក្យសុំចូលរួមជីវភាពនយោបាយរបស់អតីតថ្នាក់ដឹកនាំអតីតបក្ស CNRP ក្នុងខេត្តបាត់ដំបងទាំង៣រូបនេះ លោក យូ សិរីវុឌ្ឍ ក្រុមការងាររបស់លោក លី សាម៉េត បានស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះការភ្ញាក់រលឹក ហើយបានវិលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ពីសំណាក់អតីតមេដឹកនាំរបស់អតីតបក្ស CNRP ទាំង៣រូបនេះ។

លោក យូ សិរីវុឌ្ឍ បានហៅការសម្រេចរបស់អតីតថ្នាក់ដឹកនាំអតីតបក្ស CNRP ទាំង៣រូបនេះថា គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ ដើម្បីចូលរួមធ្វើសកម្មភាពជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍសង្គមកម្ពុជាឱ្យកាន់តែរីកចម្រើន។

លោក យូ សិរីវុឌ្ឍ បានលើកឡើងថា មាគ៌ាគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ តែងតែតម្កល់នូវប្រយោជន៍ជាតិ និងប្រជាជនជាធំ ហើយរាល់សកម្មភាពទាំងអស់ គឺតែងតែគិតពីជាតិ និងប្រជាជនជាចម្បងជាអាទិភាព។

អតីតមេដឹកនាំអតីតបក្ស CNRP ក្នុងខេត្តបាត់ដំបង ដែលសុំចួលរួមធ្វើសកម្មភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បានប្រកាសប្តេជ្ញាស្មោះត្រង់នឹងបក្សប្រជាជនកម្ពុជា ហើយខិតខំប្រឹងប្រែងសកម្មភាពជាមួយគណបក្សប្រជាជនកម្ពុជាឈានឆ្ពោះទៅរកជោគជ័យសម្រាប់ការបោះឆ្នោត។

សមាជិកថ្មីរបស់បក្សប្រជាជនកម្ពុជា ដែលមកពីអតីតបក្សប្រឆាំងទាំង៣រូប ក៏បានប្រកាសគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត៕