(ពោធិ៍សាត់)៖ មត៌កសន្តិភាពរបស់កម្ពុជាសព្វថ្ងៃ គឺមិនអាចកាត់ផ្ដាច់ពីអតីតយុទ្ធជនបានឡើយ ដោយសារពួកគាត់បានចូលរួមធ្វើពលីកម្មយ៉ាងធំធេងជាមួយសម្ដេចតេជោ ហ៊ុន សែន និងឥស្សរជនសំខាន់ៗដទៃទៀត ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់មគ្គទេសក៍សន្ដិភាព សម្ដេចតេជោ បានខិតខំធ្វើគ្រប់បែបយ៉ាងដើម្បីតបស្នងជូនអតីតយុទ្ធជននៅទូទាំងប្រទេស ក្នុងនោះអតីតយុទ្ធជនចំនួន៦២៨គ្រួសារដែលរស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ក៏ទទួលបានការយកចិត្តទុកដាក់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាផងដែរ។

រយៈពេល១ឆ្នាំមកនេះ ដើមឈើនៃការខិតខំរបស់សម្ដេចទាំងទ្វេនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ចាប់ផ្ដើមចេញផ្លែផ្កាជាបណ្ដើរៗហើយ ខណៈអតីតយុទ្ធជនទាំង៦២៨គ្រួសារនោះក៏ទទួលបានអំណោយផ្ទះគ្រប់ៗគ្នា រីឯជីវភាពក៏កាន់តែល្អប្រសើរជាងមុន។

គួររំឭកថា ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង គឺជាភូមិថ្មីមួយស្ថិតនៅឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលទើបត្រូវបានបង្កើតឡើងនៅខែមីនា ឆ្នាំ២០២១ ពោលគឺបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ដីសម្បទានសង្គមកិច្ចប្រមាណជាង៩០០ហិកតា ដើម្បីបែកចែកជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនសរុបចំនួន៦២៨គ្រួសារបានរស់នៅ និងកសាងជីវភាពថ្មី។

លោកទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានឱ្យដឹងថា តាមការធ្វើបច្ចុប្បន្នភាពរបស់សមាគមអតីតយុទ្ធជនកម្ពុជា តាំងពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២១ ឃើញថា នៅទូទាំងប្រទេសមានអតីតយុទ្ធជនប្រមាណជាង១០ម៉ឺននាក់ ក្នុងចំណោមនោះជិត៩,០០០គ្រួសារមានការខ្វះខាតនូវដី ខ្វះផ្ទះ ឬជម្រកស្នាក់នៅ ហើយស្ថិតនៅក្នុងបន្ទាត់ក្រីក្រ។ ដោយឡែក នៅខេត្តពោធិ៍សាត់មានអតីតយុទ្ធជនប្រមាណជាង៤,០០០គ្រួសារ ក្នុងនោះមានប្រមាណ១,០០០គ្រួសារដែលខ្វះជម្រកស្នាក់នៅ និងដីធ្លីជាដើម ដូច្នេះហើយបានជាសមាគមអតីតយុទ្ធជនកម្ពុជាបានបង្កើតគណៈកម្មការចុះស្រង់ស្ថិតិនៅតាមភូមិ ឃុំ និងស្រុកទូទាំងខេត្តពោធិ៍សាត់ ដោយបានចម្រាញ់ជ្រើសរើសអតីតយុទ្ធជនណាដែលមានការលំបាកខ្លាំងបំផុតប្រមាណជាង៦០០គ្រួសារ។ អតីតយុទ្ធជនទាំង៦០០គ្រួសារនេះ គឺពួកគាត់រស់នៅស្នាក់អាស្រ័យជាមួយកូន ឬជាមួយឪពុកម្ដាយ ពោលគឺពុំមានផ្ទះស្នាក់នៅ ពុំមានដីសម្រាប់អាស្រ័យផលនោះឡើយ។

លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១នៃកាកបាទក្រហមកម្ពុជា បានលើកឡើងថា បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលសម្រេចផ្ដល់ដីសម្បាទានជូនដល់អតីតយុទ្ធជននៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹងនេះរួចមក កាកបាទក្រហមកម្ពុជាក្រោមដឹកនាំដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងមានសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស បានឧបត្ថម្ភការកសាងផ្ទះជាជំហានៗជូនអតីតយុទ្ធជន និងគ្រួសាររបស់អតីតយុទ្ធជននៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹងគ្រប់ៗគ្នា ដោយជំហានទី១ មានចំនួន៥០ខ្នង រីឯជំហានទី២ មានចំនួន២៥០ខ្នង។

លោកស្រី ម៉ែន នារីសោភ័គ បានបន្តទៀតថា ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ដោយទតឃើញនូវសកម្មភាពរបស់កាកបាទក្រហមកម្ពុជា ម្យ៉ាងចំកាលវេលានៃព្រះរាជពិធីបុណ្យចម្រើនព្រះជនផងនោះ ព្រះអង្គក៏បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវផ្ទះចំនួន១០ខ្នងដល់ប្រជារាស្ត្រព្រះអង្គដែលជាអតីតយុទ្ធជននៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹងនេះផងដែរ ដែលការប្រគល់ព្រះរាជអំណោយផ្ទះទាំង១០ខ្នងនោះ ក៏ត្រូវបានប្រគល់រួមជាមួយអំណោយផ្ទះកាកបាទក្រហមនៅលើកទី២ជាមួយគ្នា សរុបមានចំនួន២៥០ខ្នងថែមទៀត។

គួរជម្រាបថា ការប្រគល់អំណោយផ្ទះជូនអតីតយុទ្ធជនជំហានទី៣ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ដែលមានចំនួន៣២៨ខ្នង ពោលគឺបង្គ្រប់ចំនួនសរុប៦២៨ខ្នង។ រីឯការគិតគូរបន្ថែមនោះ មិនត្រឹមតែការសាងសង់ផ្ទះប៉ុណ្ណោះទេ ប៉ុន្តែកាកបាទក្រហមកម្ពុជាក៏បានផ្ដល់សម្ភារឡើងផ្ទះថ្មីដល់ទៅជាង៣០មុខ ដែលភាគច្រើនជាគ្រឿងឧបភោគបរិភោគ។

លោកអ៊ំ មួង សីដា ជាអតីតយុទ្ធជនម្នាក់ដែលធ្លាប់ចូលបម្រើកងទ័ពតាំងពីឆ្នាំ១៩៨៣ ហើយបានចូលនិវត្តន៍នៅឆ្នាំ២០០៩។ បន្ទាប់ពីទទួលបានដីសម្បាទានសង្គមកិច្ចពីសម្តេចតេជោ និងផ្ទះពីកាកបាទក្រហមកម្ពុជា លោកអ៊ំបានខិតខំបង្កបង្កើនផលដំណាំជាច្រើនមុខ ជីវភាពរស់នៅក៏លែងព្រួយបារម្ភពីការខ្វះខាតតទៅទៀត។ លោកអ៊ំ មួង សីដា និងភរិយា ក៏បានសម្ដែងនូវការដឹងគុណចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធដែលតែងតែងគិតគូរពីជីវភាពរស់នៅរបស់ពួកគេជាអតីតយុទ្ធជន។

ជាភរិយារបស់អតីយុទ្ធជនម្នាក់ដែលបានពលីជីវិតទៅហើយនោះ អ្នកស្រី សឿង សារុន ក៏ទទួលបានអំណោយផ្ទះពីកាកបាទក្រហមកម្ពុជាមួយខ្នងផងដែរ។ ស្ត្រីវ័យ៥៦ឆ្នាំរូបនេះបានរៀបរាប់ពីស្ថានភាពលំបាកមួយចំនួនតាំងពីពេលបាត់បង់ស្វាមីដែលបានស្លាប់នៅក្នុងសមរភូមិ ដោយបន្សល់ទុកកូនប្រុសស្រីចំនួន៣នាក់។ គ្រួសារអ្នកស្រីបានមករស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រឹយឹងនេះរយៈពេល៦ខែមកហើយ ហើយក៏បានដាំដុះនូវដំណាំជាច្រើនមុខឱ្យទំនេរដីឡើយ ដូចជាបន្លែបង្ការ ឈើហូបផ្លែជាច្រើនមុខជាច្រើនដើម គ្រាន់ហូបចុក និងយកទៅលក់ដូរជាប្រចាំថ្ងៃ ជួយសម្រួលដល់ជីវភាពរស់នៅបានល្អជាងមុន។

ជាការពិតណាស់ ប្រជាជននៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹងមានជីវភាពប្រសើរឡើងដូចពេលសព្វថ្ងៃនេះ ក៏ដោយសារមានការយកចិត្តទុកដាក់ជួយជ្រោមជ្រែងពីសំណាក់អាជ្ញាធរតាំងពីដើមមកផងដែរ ដោយក្នុងនោះលោក ម៉ៅ ធនិន ក្នុងនាមបេសកជនពិសេសរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលកាលលោកនៅជាអភិបាលខេត្តពោធិ៍សាត់ ក៏បានផ្ដល់នូវការទំនុកបម្រុងជាច្រើន សំដៅធ្វើយ៉ាងណាគាំទ្រដល់ការរស់នៅរបស់ពួកគាត់មានភាពងាយស្រួល។

ក្នុងនាមជាបេសកម្មជនពិសេសរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការជួយអភិវឌ្ឍន៍ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង លោក ម៉ៅ ធនិន បានបង្ហាញអំពីចក្ខុវិស័យទិសដៅការងារជាច្រើនសម្រាប់ផ្ដល់ជូនអតីតយុទ្ធជននៅទីនេះបន្តទៅមុខទៀត ដូចជា ដោះស្រាយបញ្ហាទឹកប្រើប្រាស់និងស្រោចស្រពដំណាំ ដោយលោកនិងអាជ្ញាធរខេត្តពោធិ៍សាត់បានសិក្សាឃើញថា តំបន់នេះមានខ្សែទឹកធម្មជាតិចំនួន៨ខ្សែដែលហូរធ្លាក់ពីតំបន់ភ្នំនៅជុំវិញ ដូច្នេះអាជ្ញាធរមានគម្រោងធ្វើទំនប់ស្ទាក់ទឹក និងបង្ហៀទឹកជូនប្រជាជនប្រើប្រាស់ឱ្យបានគ្រប់គ្រាន់។ ក្រៅពីនេះ លោកនិងអាជ្ញាធរខេត្តនឹងអភិវឌ្ឍភូមិនេះឱ្យក្លាយជាគោលដៅអេកូទេសចរណ៍ ព្រោះមានសក្ដានុពលលើវិស័យទេសចរណ៍ ទេសភាពភ្នំព័ទ្ធជុំវិញ មានទឹកធ្លាក់ និងវិស័យគាំទ្រយ៉ាងសម្បូរបែប។

មិនតែប៉ុណ្ណោះ លោក ម៉ៅ ធនិន ក៏មានផែនការជំរុញឱ្យអតីតយុទ្ធជនខិតខំបង្កបង្កើនផលដំណាំរបស់ខ្លួន ហើយលោកនឹងបង្កើតទីផ្សារទិញលក់នៅនឹងកន្លែង មានន័យថា ប្រមូលទិញកសិផលពីប្រជាជននៅភូមិនេះផ្ទាល់តែម្ដង មិនឱ្យប្រជាជនព្រួយបារម្ភពីការខ្វះទីផ្សារលក់កសិផលនោះឡើយ។

ទោះបីមានការផ្តល់ដីសម្បទានសង្គមកិច្ច ផ្ដល់អំណោយផ្ទះ និងហេដ្ឋរចនាសម្ពន្ធជាច្រើនយ៉ាងនេះក្ដី ប៉ុន្តែរាជរដ្ឋាភិបាល សមាគមអតីតយុទ្ធជនកម្ពុជា កាកបាទក្រហមកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធនៅតែបន្តគិតគូរចំពោះអតីតយុទ្ធជននៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹងនេះជានិច្ច តាមរយៈផែនការជួយគាំទ្រជាច្រើនយ៉ាង តួយ៉ាងកាកបាទក្រហមក៏បានជ្រើសរើសអ្នកស្ម័គ្រចិត្តកាកបាទក្រហមក្នុងភូមិចំនួន២៥នាក់ សម្រាប់ជាភ្នាក់ងារជួយសង្គ្រោះបឋម និងរាយការណ៍ជូនមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធ នៅពេលប្រជាជនជួបបញ្ហា ឬគ្រោះមហន្តរាយផ្សេងៗ។

ជំនួសមុខឱ្យគ្រួសារអតីតយុទ្ធជនទាំងអស់ និងក្នុងនាមសមាគមអតីតយុទ្ធជនកម្ពុជា លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្វាយព្រះពរហ្លួងម៉ែជាម្ចាស់ជីវិតលើត្បូង និងបានសម្តែងនូវការដឹងគុណចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់អតីតយុទ្ធជន ពិសេសបានផ្ដល់ដីសម្បទានសង្គមកិច្ច និងកសាងផ្ទះទុកជាកេរមត៌កជូនអតីតយុទ្ធជនកម្ពុជា គាំទ្រដល់ការសាងសង់ហេដ្ឋារចនាសម្ពន្ធ សំណង់សាធារណៈ រួមជាមួយសម្ភារសម្រាប់ឡើងផ្ទះជាច្រើនមុខទៀតផង។

លោកទេសរដ្ឋមន្ត្រីក៏បានអំពាវនាវសូមឱ្យអាជ្ញាធរពាក់ព័ន្ធរក្សាដីនៅចំណុចដំណាក់ត្រយឹងឱ្យបានគង់វង្ស ទុកជាដីសហគមន៍អតីតយុទ្ធជនសម្រាប់ចែកជូននៅពេលពួកគាត់មានកូនចៅ ហើយខ្វះខាតដី និងផ្ទះរស់នៅ ខណៈដីសហគមន៍នេះទៀតសោត ផ្ដល់ឱ្យតែអតីតយុទ្ធជនដែលមានការខ្វះខាតពិតប្រាកដពិតប្រាកដប៉ុណ្ណោះ។

សូមជម្រាបថា ក្រៅពីការផ្ដល់ដីសម្បទានសង្គមកិច្ច និងផ្ទះជូនដល់អតីតយុទ្ធជនទាំង៦២៨គ្រួសារនេះ ភាគីពាក់ព័ន្ធដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក៏បានសហការគ្នាកសាងហេដ្ឋារចនាសម្ពន្ធ សំណង់សាធារណៈមួយចំនួន ដូចជា ផ្លូវថ្នល់ធំៗ ស្ពាន មន្ទីរពេទ្យ សាលារៀន អណ្ដូងទឹក តបណ្ដាញអគ្គិសនី និងផ្ដល់គ្រាប់ពូជដំណាំជាដើម ខណៈការសាសងសង់មន្ទីរពេទ្យ សាលារៀន មិនសម្រាប់តែប្រជាជនក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹងប៉ុណ្ណោះ គឺសម្រាប់បម្រើសេវាកម្មសុខាភិបាល និងផ្ដល់ការអប់រំជូនប្រជាជន និងកូនចៅរបស់ប្រជាជននៅតំបន់ជុំវិញតែម្ដង ហើយក៏មានផែនការពង្រីកឱ្យកាន់តែធំសម្បូរបែបទៀតផងដែរ នៅពេលប្រជាជនមានកំណើននាពេលអនាគតទៅមុខ៕