(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តខិតខំពង្រឹងការគ្រប់គ្រងការប្រមូលចំណូល ជាមួយនឹងការ គ្រប់គ្រងចំណាយប្រកបដោយតម្លាភាព និងត្រូវកាត់បន្ថយការចំណាយដែលពុំមានតម្រូវការចាំបាច់ រួមទាំងគម្រោងវិនិយោគសាធារណៈដែលពុំទាន់ចាំបាច់។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះនារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០)។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «អំពីធនធានហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តខិតខំពង្រឹងការគ្រប់គ្រងការប្រមូលចំណូល ជាមួយនឹងការ គ្រប់គ្រងចំណាយប្រកបដោយតម្លាភាព ហើយគ្រប់ស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវកាត់បន្ថយចំណាយដែលពុំមានតម្រូវការចាំបាច់ រួមទាំងគម្រោង វិនិយោគសាធារណៈ ដែលពុំទាន់ចាំបាច់ ដើម្បីធានាស្ថិរភាពថវិកាជាតិ ដែលកំពុងស្ថិតក្នុងស្ថានភាពលំបាកដោយសារជំងឺកូវីដ១៩»

ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់សាខាពន្ធដារ រាជធានី-ខេត្ត ត្រូវសហការជិតស្និទ្ធជាមួយរដ្ឋបាលរាជធានី-ខេត្តនីមួយៗ ដើម្បីប្រមូលចំណូល សារពើពន្ធនានា និងត្រូវពង្រឹងការធ្វើសវនកម្ម អធិការកិច្ចហិរញ្ញវត្ថុ ដើម្បីធានាថា ធនធានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានគ្រប់គ្រងចាត់ចែង និងប្រើប្រាស់ ស្របតាមច្បាប់និងលិខិតបទដ្ឋាននានាដែលបានកំណត់ផងដែរ៕