(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ត្រូវបន្តជំរុញការរៀបចំ និងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធអភិបាលកិច្ចឌីជីថល នៅរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដើម្បីធ្វើឱ្យមានប្រសិទ្ធភាពការងាររដ្ឋបាលផ្ទៃក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ និងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ព្រមទាំងធានាដល់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានឆាប់រហ័ស ទាន់ពេលវេលា និងមានតម្លាភាព។

ការលើកឡើងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្ម វិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ នាសណ្ឋាគារសុខាភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាការពង្រឹងអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេលជាង៣ អាណត្តិកន្លងមក ដើម្បីរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ ដោយឈរលើគោលការណ៍អភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។

ជាមួយគ្នានេះដែរ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា កាលពីឆ្នាំ២០២០ កន្លងមក កម្ពុជាបានអនុវត្តបញ្ចប់កម្មវិធីជាតិរយៈពេល ១០ឆ្នាំ ដំណាក់កាលទី១ (ឆ្នាំ២០១០-២០២០) ដោយសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ គឺការរៀបចំ និងដាក់ឱ្យដំណើរការនូវស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ និងវិមជ្ឈការ ដែលមានក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនាមជាស្ថាប័នទទួលខុសត្រូវក្នុងការធ្វើសេចក្តីសម្រេចចិត្តលើគោលនយោបាយអភិវឌ្ឍមូលដ្ឋាននីមួយៗ និងជាអ្នកដែលត្រូវបានបោះឆ្នោតជ្រើសរើស ដោយប្រជាពលរដ្ឋតាមអាណត្តិនីមួយៗរបស់ខ្លួន។

បើតាមសម្តេចតេជោ ហ៊ុន សែន បានបន្តថា ការវិវឌ្ឍនៃការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ តាមដំណាក់កាលនីមួយៗ បានជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ កាន់តែមានលទ្ធភាព និងពង្រឹងសមត្ថភាពទទួលខុសត្រូវជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ចនៅតាមមូលដ្ឋាន ការផ្តល់សេវាសាធារណៈ ការដោះស្រាយបញ្ហាប្រឈមនានាបានទាន់ពេលវេលាជូនប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចខ្លួនប្រកបដោយប្រសិទ្ធភាព។ បច្ចុប្បន្ន កម្ពុជាពិតជាទទួលបានបទពិសោធន៍គ្រប់គ្រាន់សម្រាប់បន្តការកែទម្រង់ស៊ីជម្រៅនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីចូលរួមចំណែកស្តារសេដ្ឋកិច្ចជាតិឡើងវិញ ក្រោយវិបត្តិកូវីដ១៩ ជាមួយនឹងរបៀបវារៈនានា នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិរហូតដល់ឆ្នាំ២០៣០។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា៖ «អំពីការរៀបចំ និងពង្រឹងអភិបាលកិច្ចឌីជីថល នៅរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តជំរុញការរៀបចំ និងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធអភិបាលកិច្ចឌីជីថល នៅរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដើម្បីធ្វើឱ្យមានប្រសិទ្ធភាពការងាររដ្ឋបាលផ្ទៃក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ និងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ព្រមទាំងធានាដល់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានឆាប់រហ័ស ទាន់ពេលវេលា និងមានតម្លាភាព»

នាឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន សូមវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល ដែលបានខិតខំចូលរួមអនុវត្តកិច្ចដំណើរការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនិងការកែទម្រង់សំខាន់ៗដទៃទៀត របស់រាជរដ្ឋាភិបាលសម្រេចបានជោគជ័យជាបន្តបន្ទាប់។

ទន្ទឹមនេះ នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល ផ្នែកឯកជន និងអ្នកពាក់ព័ន្ធទាំងអស់ បន្តផ្តល់ការគាំទ្រ សហការដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ធ្វើឱ្យជីវភាព-សង្គមគ្រួសារកម្ពុជាកាន់តែមានភាពល្អប្រសើរឡើង ទាំងបច្ចុប្បន្ន និងអនាគត៕